ឃាត់ខ្លួន​មនុស្ស​៤​នាក់​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ចំនួន​៤​នាក់​ត្រូវ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ករណី​២​ដាច់​ដោយឡែក​ពី​គ្នា តែ​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ នៅ​ក្នុងស្រុក​សង្កែ និង​ស្រុក​មោងឫស្សី ។

របាយការណ៍​ពី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ដ្ធា​ន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡាយ ឌី​ណា អាយុ​៣២​ឆ្នាំ រស់នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិសាត់ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែតុលា ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ​តាម​ស្ទាក់​ឃាត់ខ្លួន​បន្ទាប់​ពី​សង្ស័យ​ថា កំពុង​ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ នៅ​ពេល​ឃាត់ខ្លួន​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស ICE (​ម៉ា​ទឹកកក​)​ចំនួន​២​ថង់ មាន​ទម្ងន់​២៣,៥៦​ក្រាម ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង ។

ដោយឡែក​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤​ខែតុលា​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី បាន​ឃាត់ខ្លួន​ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​នៅ​ចំណុច​ផ្សារ​ថ្មី ក្នុងភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខណៈ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ភាព វណ្ណៈ អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ សុ​ន សៀង​ហៃ អាយុ​២៤​ឆ្នាំ និង ៣-​ឈ្មោះ សយ ដួង​ច័ន្ទ ហៅ អា​គាំង អាយុ​១៩​ឆ្នាំ ពួក​គេ​រស់នៅ​ឃុំ​គារ ស្រុក​មោង​ឬ​ស្សី​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ព​ណ៏​,​ស ICE (​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់ ម៉ូតូ​២​គ្រឿង​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន ដាវ​សា​ម៉ូ​រៃ​២​ដើម សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស​មួយ​ចំនួន​ផង ។

បើ​តាម​មន្ត្រី​ជំនាញ ទាំង​កម្លាំង​នគរបាល ទាំង​កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា ការ​សួរនាំ​ទៅ​លើ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទាំង​៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​បញ្ចប់ និង​បាន​កសាង​សំណុំរឿង​រួចរាល់​ហើយ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ពេល​នេះ​គេ​កំពុង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំងនេះ និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ៕