រឿងរ៉ាវ​ដែល​កើត​ឡើង​ទៅ​លើ​ជាង​​ធ្វើ​រូប​សំណាក​បណ្ឌិត កែម ឡី

ពេល​នៅ​មាន​ជីវិត លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​រិះគន់​លោក​ថា មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។ ក្រោយ​ពី​អ្នក​វិភាគ​សង្គម​រូប​នេះ​លា​ចាក​លោក​ទៅ ការ​ចោទ​ប្រកាន់​បែប​នេះ​នៅ​តែ​បន្ត​កើត​មាន​ឡើង ហើយ​រាលដាល​ដល់​អ្នក​ដែល​និយម​ចូល​ចិត្ត​រូប​លោក​ទៀត​ផង។ ជាក់ស្តែង គឺ​ជាង​ចម្លាក់​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ និង​រើស​អើង​ដោយសារ​គាត់​ទទួល​សាងសង់​រូប​សំណាក​ស្ពាន់​បណ្ឌិត កែម ឡី។

នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​ផ្ទះ​អ្នក​ភូមិ​មួយៗ នៅ​ដាច់​គ្នា​យ៉ាង​រង្វើល។ វាល​ស្រែ​ខៀវ​ស្រងាត់​លាត​សន្ធឹង​សង​ខាង​ផ្លូវ។ ចុះ​ពី​ផ្លូវលំ​នោះ​ប្រហែល ១០០​ម៉ែត្រ ផ្ទះ​ឈើ​ប្រក់​ស្លឹក​តូច​មួយ​លេច​រូបរាង​ឡើង។

ពេល​ដែល​ចូល​ទៅ​ក្នុង បុរស​វ័យ​កណ្ដាល​មាឌ​ធំ សំបុរ​ខ្មៅ​ម្នាក់ កំពុង​អង្គុយ​តែ​ឯង ផ្ចិតផ្ចង់​សូន​ដី គូស​វាស​ក្បូរ​ក្បាច់​បុរាណ​គួរ​ជា​ទី​គយគន់។ នៅ​ក្បែរ​គាត់ រូប​ចម្លាក់​តូចៗ មាន​តា​ឥសី ព្រះពុទ្ធ​បដិមា សត្វ​ម្រឹគ និង​តួអង្គ​ពី​រឿង​ព្រេង​ផ្សេងៗ ត្រូវ​បាន​ដាក់​រៀប​ត្រៀបត្រា​ទាក់​ភ្នែក​រាល់​អ្នក​ផង​ដែល​ឆ្លងកាត់។ នោះ​គឺ​ជា​ផ្ទះ​របស់​លោក សៀង កាម៉ង់ដង់។

ជា​ច្រើន​ជំនាន់​មក​ហើយ លោក សៀង កាម៉ង់ដង់ និង​ដូនតា​របស់​លោក​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​ចម្លាក់ ចេះ​ស្មូន​រូប​ពី​គ្រប់​រូបធាតុ មាន​ក្រមួន ដីឥដ្ឋ ស្ពាន់ ស៊ីម៉ង់​ជាដើម។ ឋិត​ក្នុង​វ័យ​ជាង ៤០​ឆ្នាំ ជា​ប្តី និង​ជា​ឪពុក​ផង លោក កាម៉ង់ដង់ ពឹង​ផ្អែក​លើ​ជំនាញ​សិល្បៈ​របស់​ខ្លួន​នេះ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ លោក​គឺ​ជា​មេជាង​ប្រចាំ​ការដ្ឋាន​ចម្លាក់​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ទទួល​ធ្វើ​បដិមា ចម្លាក់ និង​ក្បាច់​ផ្សេងៗ​ដាក់​តាម​វត្តអារាម។

​ជីវិត​លោក កាម៉ង់ដង់ មាន​ភាព​សាមញ្ញ និង​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រូវ​បាន​ប្រែប្រួល​ស្ទើរ​ទាំង​ស្រុង។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ក្នុង​ទីក្រុង​ភ្នំពេញ មាន​ករណី​ឃាតកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ។ នោះ​គឺ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

សម្រាប់​លោក សៀង កាម៉ង់ដង់ លោក កែម ឡី មិនមែន​គ្រាន់​តែ​ជា​វាគ្មិន​ម្នាក់​ដែល​លោក​តែងតែ​ឮ​សំឡេង​តាម​វិទ្យុ​នោះ​ទេ តែ​លោក កែម ឡី ថែមទាំង​ជា​អ្នក​ណែនាំ ចង្អុល​បង្ហាញ​ទិស​ដែល​ត្រូវ​ដល់​លោក​ទៀត​ផង៖ «អ្វី​ដែល​គាត់​និយាយ ខ្ញុំ​គិត​ថា ឲ្យ​រក​បុគ្គល​ណា​និយាយ​មិន​ខ្លាច​គេ​ខឹង​ដូច​គាត់ គ្មាន​ទេ។ គាត់​និយាយ​ត្រង់ គាត់​មិន​ខ្លាច​គេ​ខឹង។ អ៊ីចឹង​អ្វី​ដែល​គាត់​និយាយ​ហ្នឹង គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន។ ខ្ញុំ​បើ​នរណា​ធ្វើ​អ្វី​ខុស ខ្ញុំ​អត់​លាក់​ទេ ខ្ញុំ​បន្ទោស​ភ្លាម​តែម្តង។ នេះ​ជា​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់​គាត់ យក​គាត់​ធ្វើ​ជា​គ្រូ»

ដោយសារ​ការ​អាក់ខាន​មិន​បាន​ទៅ​ចូលរួម​ការ​ហែ​សព​របស់​លោក កែម ឡី លោក សៀង កាម៉ង់ដង់ សម្រេច​ចិត្ត​ប្រើ​ជំនាញ​ដែល​ខ្លួន​មាន​ស្រាប់​មក​សូន​រូប​អ្នក​វិភាគ​រូប​នេះ​​តូច​មួយ​ពី​ប្រាក់ ដើម្បី​ជូន​ទៅ​ភរិយា​របស់​លោក​គ្រាន់​ជា​គ្រឿង​សម្រាប់​ក្រើន​រឭក​ដល់​ស្វាមី​ដែល​ស្លាប់​ទៅ។

រូបសំណាក​លោក កែម ឡី ដែល​លោក កាម៉ង់ដង់ សូន​ឡើង បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​សំណាក់​ភរិយា​សព ក្រុម​គ្រួសារ និង​អ្នក​ចូល​រួម​ជា​ច្រើន។ រូប​សំណាក​នោះ​ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​គឺ​លោក អ៊ូ ច័ន្ទរ័ត្ន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ទាក់ទង​មក​លោក សៀង កាម៉ង់ដង់ ស្នើ​ឲ្យ​លោក​សង់​រូប​មួយ​ជំហរ​របស់​លោក កែម ឡី ធ្វើ​ពី​ស្ពាន់។ ដោយ​គ្មាន​ការ​រារែក លោក កាម៉ង់ដង់ ទទួល​យក​សំណើ​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ដោយ​គិត​ថា លោក កែម ឡី ជា​បុគ្គល​ដែល​ប្រជាជន​ជា​ច្រើន រួម​ទាំង​រូប​លោក​ផ្ទាល់​ផង គោរព​ស្រឡាញ់ ហើយ​ការ​កសាង​រូប​សំណាក​ឲ្យ​បណ្ឌិត​រូប​នេះ គ្មាន​រឿង​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។

យ៉ាង​ណា​មិញ ថៅកែ​ការដ្ឋាន​របស់​លោក សៀង កាម៉ង់ដង់ មិន​គិត​ដូច្នេះ​ឡើយ ហើយ​ក៏​បញ្ឈប់​លោក​ពី​ការដ្ឋាន។ ខាង​ថៅកែ​បាន​ដាក់​ជា​លក្ខខណ្ឌ​ដល់​ជាង​ចម្លាក់​រូប​នេះ​ថា ទាល់តែ​លោក​រំសាយ​ការ​សាងសង់​រូប​ស្ពាន់​របស់​លោក កែម ឡី ដែល​ជា​សំណើ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចោល ទើប​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

​នៅ​ពេល​ដែល​លោក សៀង កាម៉ង់ដង់ ដេញដោល​សួរ​ពី​មូលហេតុ ថៅកែ​រូប​នេះ​ឆ្លើយ​តប​ថា រូបសំណាក​របស់​លោក កែម ឡី មាន​លក្ខណៈ​ញុះញង់ អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ការដ្ឋាន​របស់​លោក ដូច​នេះ​លោក​មិន​អាច​អនុញ្ញាត​ឲ្យ​សាងសង់​ទេ។ ជា​លទ្ធផល​រូបសំណាក​ស្ពាន់​របស់​លោក កែម ឡី ត្រូវ​បាន​យក​ទៅ​សាងសង់​ក្នុង​ការដ្ឋាន​របស់​បង​ប្អូន​លោក សៀង កាម៉ង់ដង់ ដែល​លោក​សុំ​លាក់​អត្តសញ្ញាណ និង​ទីតាំង។

ការ​សាងសង់​រូបសំណាក​ស្ពាន់​របស់​លោក កែម ឡី នេះ ទាមទារ​ឲ្យ​មាន​ការ​ជួប​ទាក់ទង​គ្នា​រវាង​ជាង​ចម្លាក់​រូប​នេះ និង​ក្រុម​ការងារ​របស់​គណបក្ស​សង្រោះ​ជាតិ ដែល​ជា​អ្នក​ជួល​ជា​រឿយៗ។ ដោយសារ​រឿង​នេះ​ហើយ លោក កាម៉ង់ដង់ ថា ប្រជាជន​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ចំនួន​ចាប់​ផ្ដើម​រើសអើង​ទៅ​លើ​លោក៖ «អ្នក​ស្រុក អ្នក​ភូមិ​គាត់​ចូល​ចិត្ត​ខ្ញុំ។ ប៉ុន្តែ​សង្គម​ឥឡូវ មាន​ការ​ភ័យ​ខ្លាច​ច្រើន។ បើ​មាន​តែ​គាត់​ហើយ​ខ្ញុំ គាត់​ហ៊ាន​ញញឹម​ដាក់។ បើ​មាន​គេ​នៅ គាត់​មិន​ហ៊ាន​ញញឹម​ដាក់។ គាត់​ខ្លាច​ពាក់ព័ន្ធ។ នរណាៗ ក៏​ចោទ​ខ្ញុំ​ថា ជា​សមាជិក​សង្គ្រោះ​ជាតិ»

​ជុំវិញ​រឿង​នេះ លោក អ៊ូ ច័ន្ទរ័ត្ន បាន​សម្តែង​ការ​សោកស្ដាយ​ថា បញ្ហា​ទាំង​អម្បាលម៉ាន​ដែល​កើត​លើ​លោក កាម៉ង់ដង់ ដោយសារ​តែ​រូប​លោក​ទទួល​សាងសង់​រូប​សំណាក​លោក កែម ឡី ជា​រឿង​មិន​គួរ​កើត​ឡើង​សោះ។ បន្ថែម​ពី​លើ​នេះ លោក​ច្រាន​ចោល​ការ​លើក​ឡើង​ថា លោក កាម៉ង់ដង់ ជា​សកម្មជន​គណបក្ស​សង្រោះ​ជាតិ៖ «ជា​ទូទៅ​វា​ជា​រឿង​គ្រោះថ្នាក់​ណាស់។ សង្គម​ខ្មែរ​យើង​ចូល​ចិត្ត​លាប​ពណ៌​គ្នា។ ធម្មតា​ការងារ​ល្អ អំពើ​ល្អ វា​រត់​រក​គ្នា។ គាត់​មិន​មែន​ជា​សកម្មជន​សង្គ្រោះ​ជាតិ​ទេ តែ​នេះ​ជា​ឧត្ដម​គតិ​របស់​គាត់»

​ទោះ​បី​ជា​ការ​សម្រេច​ចិត្ត​សាងសង់​រូប​លោក កែម ឡី បាន​បង្ក​បញ្ហា និង​កែប្រែ​ជីវិត​របស់​លោក សៀង កាម៉ង់ដង់ យ៉ាង​នេះ​ក្តី ក៏​ជាង​ចម្លាក់​រូប​នេះ​ថា លោក​មិន​ស្ដាយ​ក្រោយ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​ឡើយ ព្រោះ​អ្វី​ដែល​លោក​បាន​រៀន​ពី​លោក កែម ឡី គឺ​ការ​ហ៊ាន​ធ្វើ​អ្វី​ដែល​ត្រូវ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ បច្ចុប្បន្ន​នេះ លោក កាម៉ង់ដង់ កំពុង​សន្សំ​ថវិកា បើក​រោង​ជាង​រូប​ចម្លាក់​តូចៗ​មួយ​នៅ​គេហដ្ឋាន​ផ្ទាល់​ខ្លួន។

ជាង ៨​នាក់ ធ្វើ​ការ​លើ​រូប​នេះ​អស់​រយៈពេល​ជាង ១​ខែ ដោយ​ចាប់​ផ្ដើម​ពី​ការ​សូន​រូប​ពុម្ព​មាន​មុខ​ខ្លួន និង​ដៃ​ជើង​ពី​ដី​ឥដ្ឋ។ ក្រោយ​មក ស្ពាន់​ត្រូវ​ស្ល​ទៅ​ជា​រាវ រួច​ចាក់​ចូល​ទៅ​ក្នុង​ពុម្ព​ទាំង​នោះ។ កំណាត់​នីមួយៗ របស់​រូប​សំណាក​ទាំង​មូល ត្រូវ​យក​មក​ផ្សារ​ភ្ជាប់​គ្នា​នៅ​ពេល​ដែល​ស្ពាន់​ត្រជាក់។ បន្ទាប់​មក ជាង​ចាប់​ផ្ដើម​ឈូស​ឆាប​រូប​ដែល​ផ្គុំ​រួច ទាល់​តែ​រូប​ស្ពាន់​នោះ​រលោង​ស្អាត។ ជា​ចុង​ក្រោយ ថ្នាំ​ពណ៌ និង​ថ្នាំ​ការពារ​ត្រូវ​យក​មក​លាប​ដើម្បី​រក្សា​គុណភាព និង​បង្កើន​សោភ័ណភាព។

រូប​សំណាក​របស់​បណ្ឌិត កែម ឡី បាន​សម្រេច​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦ ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ជា​អ្នក​ចាត់ចែង​ក្រោយ​ពី​សាលាក្រុង​ភ្នំពេញ បដិសេធ​មិន​ឲ្យ​ដាក់​រូប​នេះ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដូច​ការ​ស្នើ​សុំ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។