ខ្លោចចិត្ត ! យុវជន​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ឈាមរាវ​ម្នាក់ ខណៈ​បើក​ម៉ូតូ​វ៉ា​មិន​ប្រយ័ត្ន​ចៃដន្យ​ប៉​ដៃ​ម៉ូតូ​ជាមួយ​ជ្រុង​រ៉ឺ​ម៉ក​គោ​យន្ត​ដួល​ខ្ទាត​ទៅ​លើ​ទ្រូ​វ​ផ្លូវត្រូវ​រថយន្ត​មក​ដល់​កិន​ពីលើ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​មួយ​រំពេច ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ទៅ​ភ្នំ​ចង្ក្រាន​យក្ស ស្ថិត​ក្នុងភូមិ​កសិណ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក អ៊ុយ ផ​ល្លី អធិការរង​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ ខុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​បន្ទាយឆ្មារ​ខាងត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ម៉ាក វេ​វ ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ ។

លោក​អធិការរង​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ តាម​សាក្សី​បានឃើញ​ហេតុការណ៍​នោះ​គឺ​បណ្ដាល​មក​ពី​ជន​រង​គ្រោះជា​អ្នក​បង្ក​ដោយ​ខ្លួនឯង ព្រោះ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​វ៉ា​ជែង​គោ​យន្ត​ដែល​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បានដៃ​ម៉ូតូ​ប៉ះ​ជាមួយ​ជ្រុង​រ៉ឺ​ម៉ក​គោ​យន្ត​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​លើ​ទ្រូងផ្លូវ​ម្ខាង​ទៀត ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​បា​ឡែ​ន ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ បាត់ដំបង 2A-8023 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ល្មម​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​រថយន្ត​ក៏​បាន​រេ​ចង្កូត​ធ្លាក់​លើ​ផ្លូវ​ចូល​ក្នុង​ស្រែ ហើយ​អ្នកបើកបរ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល ។

លោក​អធិការរង​រូប​នោះ​ក៏​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​វ៉ា​ជែង​មិន​ប្រយ័ត្ន ។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើ​វាស់វែង និង​ត្រួតពិនិត្យ​រួច សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​ម៉ូតូ​និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក តែ​ដោយឡែក​គោ​យន្ត​មិន​បាន​នៅ​នឹង​កន្លែង​គ្រោះថ្នាក់​នៅទេ​ក្រោយ​ពី​កើតហេតុ ៕