ឃើញ​ល្អ​ថា ល្អ មិនមែន​ជា​រឿង​គណបក្ស​ទេ ជា​រឿង​បុគ្គល

ខេត្តពោធិ៍សាត់ ៖ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តពោធិ៍សាត់ សូម​ឲ្យ​លោកគ្រូ អ្នកគ្រូ និយាយ​ឲ្យ​ចំ​ៗ អ្នក​ណា​ល្អ​ថា​ល្អ អ្នក​ណា​អាក្រក់​ថា​អាក្រក់ កុំ​លាក់បាំង ឬ​ភ័យ​ខ្លាច​អ្វី​ឲ្យ​សោះ ដើម្បី​ថ្នាក់លើ​បានដឹង និង​ធ្វើការ​កែទម្រង់ ទោះបី​គណបក្ស​ណា​ក៏​ដោយ​។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ចំនួន​២៤៦​នាក់ មក​ពី​វិទ្យាល័យ​ចំនួន​០៥ ក្នុងស្រុក​បាកាន​មាន វិទ្យាល័យ​បាកាន​, វិទ្យាល័យ​ហ៊ុន សែន រំលេច​, វិទ្យាល័យ​តា​លោ​, វិទ្យាល័យ​អូរ​តា​ប៉ោង និង​វិទ្យាល័យ​ព្រះ​ម្លូរ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជា ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ កន្លង​មកនេះ​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​ក៏​មាន​អ្នក​ខូច​ដែរ តែ​វា​ជា​រឿង​បុគ្គល មិនមែន​ជា​រឿង​គណបក្ស​នោះ​ទេ ហើយ​កន្លង​មកនេះ រាជរដ្ឋាភិបាល​កណ្ដាប់ដៃ​ដែក​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន  សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចៀរ​សាច់​ស្អុយ​ចោល ដោយ​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ទាំងនោះ​អស់​មួយ​ចំនួន​ហើយ តាំងពី​ថ្នាក់លើ​រហូត​ដល់​ថ្នាក់​ក្រោម មិនមែន​មើលឃើញ​កំហុស​តែ​គណបក្ស​ផ្សេង​នោះ​ទេ​។ រាជរដ្ឋាភិបាល​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​កែទម្រង់​លើ​គ្រប់​វិស័យ​, រក្សា​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិភាព​ជា​រៀង​រហូត ដើម្បី​សេចក្ដីសុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​, អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​, បុគ្គល​ថ្នាក់​ណា​ប្រព្រឹត្ត​អ្វី​ខុស​ត្រូវ​ទទួលទោស ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការ​យោគយល់​អ្វី​ឡើយ ទោះបី​មក​ពី​គណបក្ស​នយោបាយ​ណា​ក៏​ដោយ​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​សម្ដែង​ទឹកចិត្ត​រីករាយ​ចំពោះ​លោកគ្រូ អ្នកគ្រូ មក​ពី​វិទ្យាល័យ​ទាំង​០៥ ក្នុងស្រុក​បាកាន ដែល​បាន​មក​ជួបជុំ​គ្នា​ថ្ងៃនេះ​ជាម​ហា​គ្រួសារ​តែ​មួយ​។ គ្រូ​ជា​អ្នក​មានគុណ​ទី​២ បន្ទាប់​ពី​ឪពុក​ម្ដាយ ពេល​ដែល​ឪពុក​ម្ដាយបង្កើត​បានកូន​បីបាច់​ថែរក្សា ចេះ​និយាយ​ស្ដី​ហើយ គឺ​តម្រូវ​ឲ្យ​កូន​ចូល​រៀន ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​អក្សរសាស្ត្រ លេខនព្វន្ត វិន័យ សីលធម៌ និង​ការ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​បន្ថែម​ពី​ឪពុក​ម្ដាយ ដើម្បី​ក្លាយ​ខ្លួន​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​។ លោក​រដ្ឋមន្ត្រី​សូម​ឲ្យ​លោកគ្រូ អ្នកគ្រូ​បង្រៀន​សិស្ស​ប្រកបដោយ​គុណភាព ព្រោះ​សព្វថ្ងៃ​រាជ​រដ្ឋា​ភិបាល​​បាន​ចម្រាញ់​យក​តែ​អ្នកចេះ​ដឹង​ពិតប្រាកដ ដើម្បី​ជា​ធនធានមនុស្ស​សម្រាប់​ដឹកនាំ​គ្រប់គ្រង និង​បំរើ​ការងារ​តាម​ស្ថាប័ន​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​។ ក្នុង​ការ​បង្រៀន ឬ​បម្រើ​ការងារ បើ​មាន​ចំណុច​អវិជ្ជមាន ឬ​ការ​ប្រព្រឹត្ត​អ្វី​មិន​ត្រឹមត្រូវ​ពី​សំណាក់​ប្រធាន​មន្ទីរ នាយក​សាលា សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​ឪពុក​ម្ដាយ អាណាព្យាបាល​សិស្ស​ជាដើម ត្រូវ​ហ៊ាន​លាតត្រដាង ដើម្បី​កែតម្រូវ​ទាំងអស់​គ្នា​ដោយ​មិន​គិត​ពី​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ណា​ឡើយ​។

ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ជូន​ក្រមា​ម្នាក់​០១ និង​ថវិការ​៣០.០០០​រៀល​ដល់​លោកគ្រូ អ្នកគ្រូ​ទាំង​២៤៦​នាក់ ជា​របស់​កំដរដៃ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕