កូរ៉េ​ខាងជើង​បរាជ័យ​ក្នុង​ការ​បាញ់​សាក​មី​ស៊ី​ល​មួយ

យោង​តាម YONHAP ថា គណៈកម្មាធិការ​នាយ​អគ្គសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង JCS រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ តុលា​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៥ តុលា បាន​បាញ់​មី​ស៊ី​ល​មួយ​ដែល​ហាក់ដូចជា​មី​ស៊ី​ល MUSUDAN តែ​ការ​បាញ់​មី​ស៊ី​ល​នោះ​ត្រូវ​បរាជ័យ ។

ការ​បាញ់​មី​ស៊ី​ល​នោះ​ធ្វើ​ឡើង​១១៥​ថ្ងៃ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​សាក​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល MUSUDAN មួយ​កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៥ ។ មី​ស៊ី​ល​នោះ​អាច​ហោះហើរ​ដល់​កម្ពស់​១៤១៣,៦​គ​.​ម ហើយ​រត់​ក្នុង​ចម្ងាយ​៤០០​គ​.​ម ។ ប្រទេស​កុំ​មុ​យ​នី​ស្ត​នោះ​បាន​សាកល្បង​មី​ស៊ី​ល MUSUDAN បាញ់​បាន​ចម្ងាយ​ជាង​៣.០០០​គ​.​ម​ចំនួន​៧​លើក តែ​ទទួល​បាន​ជោគជ័យ​តែ​មួយ​លើក​គត់​រហូត​មក​ទល់​ពេល​នេះ ។

ចំណែក​ទីបញ្ជាការដ្ឋាន​យោធា​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ក៏​ប្រកាស​នា​ថ្ងៃ​ទី​១៥​តុលា ពី​បរាជ័យ​នៃ​ការ​បាញ់​សាក​មី​ស៊ី​ល​នោះ​របស់​កូរ៉េ​ខាងជើង​ដែរ ។

ប្រភព​យោធា​អា​មេ​រិ​ក​នោះ​និយាយ​ថា កងទ័ព​អា​មេ​រិ​ក​ចាប់​ឃើញ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​តែ​ពុំ​បាន​ជោគជ័យ​ឡើយ​។ មី​ស៊ី​ល​នោះ​បាញ់​ចេញ​នា​វេលា​ម៉ោង​៣​និង​៣៣​នាទី​ម៉ោង​សាកល​ពី​ជិត KUSONG ភាគ​ពាយ័ព្យ​ប្រទេស ។ មី​ស៊ី​ល MUSUDAN តាម​ទ្រឹស្តី​អាច​បាញ់​បាន​ចម្ងាយ​រវាង​ពី​២.៥០០​ទៅ​៤.០០០​គ​.​ម ដែល​អាច​ទៅ​ដល់​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​កោះ​ហ្គា​ម ៕