ដណ្តើម​គ្នា​ទិញ​កាក់​ហ្គេ​ម​បាញ់​ត្រី​បង្ក​ហិង្សា

រាជធានីភ្នំពេញ ៖ អ្នកលេង​ហ្គេ​ម និង​អ្នកលក់​កាក់​ហ្គេ​ម​បន្ត ២​ក្រុម​បាន​ឈ្លោះប្រកែក​ដណ្តើម​គ្នា​ទិញ​កាក់​ហ្គេ​ម​ពី​ក្មេង​ប្រុស​ម្នាក់​រហូត​បង្ក​អំពើ​ហិង្សា​រង​របួស​ទាំង​សងខាងរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​កម្សាន្ត​ផ្សារ​ទំនើប​សុ​វ​ណ្ណា ជាន់​ទី​៥ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​អ្នក​ញៀន​ហ្គេ​ម​២​នាក់​ប្តី​ប្រពន្ធ និង​ស្ត្រី​ម្នាក់​ដែល​តែងតែ​ទៅ​លេង​ហ្គេ​ម និង​ជា​អ្នក​រកស៊ី​ទិញ​លក់​កាក់​ហ្គេ​ម​លក់​បន្ត​ផង​ដែរ ខណៈ​ពេល​បុរស​២​នាក់​ប្តី​ប្រពន្ធ​បាន​យក​កាក់​ទៅ​លក់​ឲ្យ​ក្មេង​ប្រុស​ម្នាក់​១០០​កាក់ ក្នុង​តម្លៃ​២៨.០០០​រៀល លុះ​ក្មេង​ប្រុស​នោះ​លេង​ឈ្នះ ហើយ​បាន​យក​ទៅ​លក់​ឲ្យ​ស្ត្រី​ម្នាក់​ទៀត ក្នុង​តម្លៃ​១០០​កាក់​២​ម៉ឺន​រៀល ទើប​បុរស​ជា​អ្នកលក់​បាន​ប្រាប់​ថា បើ​ចង់​លក់​ត្រូវ​យក​មក​លក់​ឲ្យ​គាត់​វិញ ព្រោះ​ទិញ​ពី​គាត់​ធ្វើ​ឲ្យ​មានការ​ឈ្លោះ​ប្រកែក​គ្នា​រហូត​បង្ក​ជា​អំពើ​ហិង្សា​កើតឡើង ។

ជន​រង​គ្រោះ​មានឈ្មោះ រី ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​S៨៥ តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​អះអាង​ប្រាប់​សមត្ថ​កិច្ច​ថា មុន​កើតហេតុ​មាន​ក្មេង​ប្រុស​ម្នាក់​លេង​ហ្គា​ម​បាញ់​ត្រី​ឈ្នះ​កាក់​ច្រើន​បាន​យក​មក​លក់​បន្ត​ឱ្យ​គាក់ គឺ​កាក់​ចំនួន​១០០​កាក់​ក្នុង​តម្លៃ​២​ម៉ឺន​រៀល ស្រាប់តែ​បុរស​បង្ក​ហិង្សា​ម្នាក់​បាន​ទាញ​ក្មេង​រូប​នោះ ឱ្យទៅ​លក់​ឱ្យ​គេ​វិញ ដោយ​គេ​និយាយ​ថា ពី​មុនគេ​ទិញ​កាក់​របស់​គេ អ​ញ្ចឹ​ង​ពេល​លេង​ឈ្នះ​ត្រូវ​លក់​កាក់​ឲ្យ​គេ​វិញ ទើប​បង្ក​ឲ្យ​ឈ្លោះប្រកែក​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក  រួច​ហើយ​បុរស​បង្ក​ហិង្សា​ស្ទុះ​មក​ចាប់​សក់ និង​ច្របាច់​បោក​ទៅ​ទូ​ហ្គេ​ម បណ្ដាល​អោយ​មាន​របួស​ពក​ក្បាល​ពីក្រោយ និង​ស្នាម​ជាំ​ថ្ពាល់​ខាងឆ្វេង ទើប​មក​ដាក់​ពាក្យបណ្ដឹង​បង្ក​ហិង្សា​ដោយ​ចេតនា ។

ជនជាប់ចោទ​ថា ជន​បង្ក​មានឈ្មោះ ឌៀ​ក សារី​រាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​គោក​ខ្ចក ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ហ៊ាន កា​ទីណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។