វាយប្រហារ​ភេរវកម្ម​3​នៅ​អីុ​រ៉ា​ក់​ស្លាប់​46​នាក់

មនុស្ស​យ៉ាងតិច​៤៦​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​១៥ តុលា នៅ​អីុរ៉ា​ក់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​៣​ក្នុង​នោះ​មានការ​វាយប្រហារ​អត្តឃាត​មួយ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​ទីក្រុង​បា​ដា​ដ ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​នៅ​ទីនោះ ។

អំពើ​ហិង្សា​ទាំងនេះ​កើត​មាន ពេល​ដែល​កងទ័ព​អីុ​រ៉ា​ក់​ត្រៀម​ធ្វើការ​វាយលុក​ធំ​ដើម្បី​ដណ្តើម​យក​ក្រុង​ម៉ូ​ស​ស៊ុ​ល​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​ពី​កណ្តាប់ដៃ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អិុស្លាម។

នៅ​ក្រុង​បា​ដា​ដ ជន​អត្តឃាត​ម្នាក់​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​តង់​មួយ ឯ​សង្កាត់ AL CHAAB កន្លែង​ស្នាក់​របស់​ពួក​ស៊ី​អីុ​ត ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​៣៤​នាក់ ហើយ​៣៦​នាក់​ទៀត​រង​របួស ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​ខ្លួន ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ ។ តាម​សាក្សី​ម្នាក់​ថា ជន​អត្តឃាត​បាន​ចូល​មក​ក្នុង​តង់ ហើយ​ក៏​ធ្វើ​ឱ្យ​ផ្ទុះ​ពេល​ចែក​អាហារ​ថ្ងៃត្រង់ ។

នា​ថ្ងៃ​ទី​១៥ តុលា ដែរ មនុស្ស​១២​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​២​នៅ​ភាគ​ខាងជើង ក្រុង​បា​ដា​ដ ។ នៅ MALHA តំបន់​មួយ​នា​ភាគ​ខាងកើត​ក្រុង​ទី​គ្រី​ត ពួក​ជន​អត្តឃាត​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់ និង​របួស​១១​នាក់ ។ រួច​នៅ ICHAQI បុរស​២​នាក់ បាន​បាញ់​សម្លាប់​ភរិយា និង​កូន​៣​នាក់​របស់​ប្រមុខ​កុលសម្ព័ន្ធ​មូលដ្ឋាន​មួយ​មុន​ពេល​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ពេល​ប៉ះ​ជាមួយ​កងកម្លាំង​អីុ​រ៉ា​ក់ ៕