ពលរដ្ឋ​ថៃ​បន្ត​លើកគ្នា​មក​កាន់​ព្រះ​បរមរាជវាំង ហើយ​រៀបចំ​ខ្លួន​សម្រាប់​ទទួល​ស្តេច​ថ្មី

ពលរដ្ឋ​ថៃ​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​១៥ តុលា បន្ត​លើកគ្នា ដោយ​ស្លៀកពាក់​ខ្មៅ​ឬ​សម​ក​កាន់​មុខ​ព្រះ​បរមរាជវាំង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​សោយ​ព្រះ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣ តុលា ក្រោយ​ពី​គ្រងរាជ្យ​រយៈពេល​៧០​ឆ្នាំ ហើយ​រៀបចំ​ខ្លួន​ចាំ​ទទួល​ស្តេច​ថ្មី​គ្រងរាជ្យ​បន្ត ។

ប្រមុខ​របប​យោធា​ថៃ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នា​ល្ងាច​ថ្ងៃ​ទី​១៥ តុលា បាន​ថ្លែង​សារ​មួយ​ទៅ​កាន់​ប្រជាជាតិ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ​កុំ​ខ្វាយខ្វល់​សម្រាប់​ដំណាក់កាល​រង់ចាំ​ព្រះមហាក្សត្រ​ថ្មី​ឡើង​គ្រងរាជ្យ ។ លោក​ប្រកាស​ថា ការ​ជួប​គ្នា​មួយ​ត្រូវ​បាន​ធ្វើ​នា​ល្ងាច​ថ្ងៃ​ទី​១៥ តុលា រវាង​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ មហា​វ៉ា ជី​រា​៉​ឡុ​ឯក​ន និង​រូប​លោក ព្រមទាំង​លោក​ព្រេ​ម​ទី​ន ស៊ូ​ឡាណ​ន់ ប្រមុខ​ក្រុម​ទីប្រឹក្សា​ឯកជន​របស់​ព្រះមហាក្សត្រ ដែល​យោង​តាម​រដ្ឋធម្មនុញ្ញ កាន់​តំណែង​ជំនួស​ព្រះមហាក្សត្រ​ដោយ​ស្វ័យប្រវត្តិ រង់ចាំ​ប្រកាស​ស្តេច​ថ្មី​គ្រងរាជ្យ ។

លោក​ប្រា​យុទ្ធ ថ្លែង​តាម​ទូរទស្សន៍​ថា រាជទាយាទ​ស្នើ​ដល់​ប្រជាជន កុំឱ្យ​មានការ​ព្រួយបារម្ភ​សម្រាប់​ការ​គ្រប់គ្រង​ប្រទេស ឬ​ពី​ការ​ឡើង​ស្នងរាជ្យ ព្រោះ​អ្វី​ៗ​គ្រោង​ដោយ​រដ្ឋធម្មនុញ្ញ​អស់ហើយ ។ ទោះបី​យា​៉​ង​ណា លោក​ពុំ​បាន​បញ្ជាក់​ថា តើ​រង់ចាំ​ពេល​យូរ​ប៉ុណ្ណា​ទើប​មាន​ស្តេច​ថ្មី​ឡើយ ។ លោក​បន្ត​ថា ចូរ​យើង​កុំឱ្យ​ការ​ផ្លាស់​ប្តូរ​កើត​មាន​លឿន​ពេក ។

ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា កាលពី​យប់​ថ្ងៃ​ទី​១៣ តុលា បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល ដោយ​ស្នើ តាម​លោក​ប្រា​យុទ្ធ ថា​ពេលវេលា​មួយ​រយៈ​មុន​ពេល​ឡើង​គ្រងរាជ្យ ធ្វើ​ឱ្យ​ប្រទេស​ពុំ​ទាន់​មាន​ព្រះមហាក្សត្រ ។ ទោះបី​យ៉ាងណា ចាប់តាំងពី​ព្រះ​បិតា​ចូល​ទិវង្គត​មក រាជទាយាទ​ពុំដែល​ថ្លែង​ដោយ​អង្គ​ឯង​ផ្ទាល់​ឡើយ ។

លោក​ព្រេ​ម​ទី​ន ស៊ូ​ឡាណ​ន់ អាយុ​៩៦​ឆ្នាំ ក៏​ប៉ុន្តែ​នៅ​មាំមួន ត្រូវ​បាន​ពួក​អ្នកវិភាគ​ចាត់​ទុក​ថា ជា​មហាឧបរាជ​នៃ​ព្រះ​បរមរាជវាំង ដែល​លោក​ហាក់ដូចជា​អ្នក​រៀបចំ​ឆាក​នយោ​បាយ ពិសេស​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នានា ។ អតីត​ឧត្តមសេនីយ៍ និង​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ រហូត​មក​ទល់​ពេល​នេះ​ជាទី​ប្រឹក្សា​សំខាន់​របស់​ព្រះ​ចៅ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត ។

នា​យប់​ថ្ងៃ​ទី​១៥ តុលា រាជទាយាទ​ដឹកនាំ​ជា​ថ្មី​ក្នុង​ព្រះ​បរមរាជវាំង ពិធី​បែប​ពុទ្ធសាសនា​សម្រាប់​ព្រះ​សព​បិតា​ទ្រង់ ជា​ដំណាក់កាល​ដំបូង​នៃ​ពិធី​សាសនា​រយៈពេល​យ៉ា​ង​យូរ​ដល់​ទៅ​១​ឆ្នាំ ។

តាំងពី​ការ​ប្រកាស​ពី​ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ​មក រាជធានី​បាងកក​ទីណា​សុទ្ធតែ​មនុស្ស​ស្លៀកពាក់​ខ្មៅ​និង​ស រួច នា​ថ្ងៃ​ទី​១៥ តុលា ពលរដ្ឋ​ក្រុង​បាងកក​លើកគ្នា​ទៅ​កាន់​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទិញ​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ។

រដ្ឋាភិបាល​ដែល​ប្រកាស​ពី​ការ​កាន់ទុក្ខ​រយៈពេល​១​ឆ្នាំ​និយាយ​ថា ខ្លាច​សម្លៀក​បំពាក់​ពណ៌​នោះ​អស់ពី​ស្តុក​ក្នុង​ប្រទេស ។ ពិសេស​មន្ត្រីរាជការ​ត្រូវ​ស្លៀកពាក់​ពណ៌​ខ្មៅ​ពេញ​មួយ​ឆ្នាំ ៕