ពុទ្ធោ ! ដាច់​ជា​កំណាត់​ៗ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ ៖ អ្នកបច្ចេកទេស​៣​នាក់​ក្នុង​នោះ​ម្នាក់​បាន​ដាច់​ខ្លួន​ជា​កំណាត់​ៗ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ថ្មភ្នំ​បាន​បាក់​ធ្លាក់​ពី​កម្ពស់​ប្រមាណ​ជាង​២០០​ម៉ែត្រ​សង្កត់​លើ​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ការដ្ឋាន​កិន​ថ្ម​មួយ​កន្លែង​នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។

លោក ស៊ី ឌី អធិការ​នគ​បាល​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា ជន​រង​គ្រោះ​៣​នាក់​ដែល​ស្លាប់មាន ១-​ឈ្មោះ ហែម គឹ​ម​លេង ហៅ​ឡំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ ត្រូវជា​ឪពុក​, ២-​ឈ្មោះ លេង គឹ​ម​ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ ត្រូវជា​កូន រស់នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី និង ៣-​ឈ្មោះ ថន រ​ដ្ឋា ហៅ សាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​អ្នក​បញ្ចេ​ក​ទេស​ឃួ​ង​ថ្ម មានស្រុក​កំណើត​ខេត្តបាត់ដំបង ។

លោក​អធិការ​បញ្ជាក់​ថា មូលហេតុ​ដែល​កើតឡើង​គឺ​ជន​រង​គ្រោះ​ឈ្មោះ ហែម គឹ​ម​លេង ហៅ​ឡំ បាន​បើក​អេ​ស្កា​កាយ​លើ​កំពូលភ្នំ​ធំ​ខាងលើ​កម្ពស់​ប្រមាណ​ជាង​២០០​ម៉ែត្រ ខណៈ​កំពុង​កាយ​ថ្ម​ខាងលើ​ស្រាប់តែ​កំពូលភ្នំ​បាន​បាក់​ធ្លាក់​មក​ខាងក្រោយ​បណ្តាល​ដី​បាក់​សង្កត់​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង និង​ម៉ា​ស៊ី​ឃួ​ង​១​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ ឯ​អ្នក​ផ្សេង​ទៀត​បាន​គេចខ្លួន​ផុត​ពី​គ្រោះថ្នាក់ ។

លោក ស៊ី ឌី បាន​បន្ត​ថា ក្រោយ​ពេល​គ្រោះថ្នាក់​កើតឡើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ដោយ​ស្នូរ​ថ្មភ្នំ​បាក់ និង​បាន​នាំ​គ្នា​ទៅ​មើល​យ៉ាងច្រើន ហើយ​កម្លាំង​នគ​បាល​ស្រុក​មង្គល​បូ​រី និង​នគ​បាល​ប៉ុស្តិ៍​អូរ​ប្រាសាទ បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ដី​ភ្នំ​ដែល​បាក់​សង្កត់​មាន​ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែត្រ និង​ថ្មភ្នំ​ធំ​ៗ​ដែល​សង្កត់​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង និង​ម៉ាស៊ីន​ឃួ​ង​ថ្ម​១​គ្រឿង ព្រមទាំង​អ្នក​ស្លាប់​ក្នុង​អេ​ស្កា​វ៉ា​ទ័​រ និង​ថ្មភ្នំ​ចំនួន​៣​នាក់ ត្រូវ​បាន​អេ​ស្កា​វ៉ា​ទ័​រ​៥​គ្រឿង និង​អា​ប៊ុល​២​គ្រឿង​កាយ​អស់​រយៈពេល​២​ម៉ោង​ទម្រាំ​រក​ឃើញ​សាកសព​ឃើញ​ម្នាក់​ដែល​អ្នក​ប​ច្ចក​ទេស​ឃួ​ង​ថ្ម​ដែល​ដាច់​ជា​កំណាត់ ឯ​អ្នកបើកបរ​អេ​ស្កា​២​នាក់​ស្លាប់​ក្នុង​កាប៊ី​ន​អេ​ស្កា ។

លោក លឹ​ម សេង ប្រធាន​ក្រុមហ៊ុន​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្មភ្នំ​ធំ បាន​ប្រាប់​ថា គ្រោះថ្នាក់​ដែល​កើតឡើង​គឺ​នេះ​គឺ​ដោយ​ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយ​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​កាយ​លើ​កំពូលភ្នំ ស្រាប់តែ​បាក់​ថ្មភ្នំ​ធ្លាក់​សង្កត់​អ្នក​ឃួ​ង​ថ្ម និង​អេ​ស្កា​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ស្លាប់​គឺជា​អ្នកជំនាញ ហើយ​ធ្វើការ​ក្នុង​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន​ឈ្មោះ ហែម គឹ​ម​លេង ហៅ​ឡំ ធ្វើការ​រយៈពេល​១៦​ឆ្នាំ និង​កូនប្រុស​ឈ្មោះ លេង គឹ​ម​ឡុ​ង និង​ឈ្មោះ ថន រ​ដ្ឋា ហៅ​សាន់ ធ្វើការ​បាន​ជាង​១០​ឆ្នាំ ៕