អាស៊ាន​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ក្នុង​តំបន់


អាស៊ាន​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ក្នុង​តំបន់
សត្វព្រៃត្រូវបានគេដាក់លក់នៅក្នុងផ្សារខែត្រស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

គិតពីទសវត្សទី៨០ មកទល់នឹងបច្ចុប្បន្ន កម្រិតនៃការបរិភោគសាច់នៅក្នុងតំបន់អាស៊ាន កើនឡើងស្ទើរតែពីរដង ហើយត្រូវបានរំពឹងទុកថា នឹងបន្តកើនឡើងទៀតនៅថ្ងៃខាងមុខ។ ជំនួបប្រជុំរដ្ឋមន្ត្រីកសិកម្មអាស៊ាន លើកទី៣៨ នៅថ្ងៃ៦ ខែតុលា កន្លងទៅ នៅប្រទេសសិង្ហបុរី ព្យាយាមរកចម្លើយទៅនឹងសំណួរថា តើធ្វើយ៉ាងណាទើបអាចធានានូវសុវត្ថិភាពចំណីអាហារ ជាពិសេសគុណភាពសាច់ជូនប្រជាជនរាប់លាននាក់ក្នុងតំបន់បាន។

ផែនការយុទ្ធសាស្ត្រមួយរបស់សហគមន៍អាស៊ាន ឆ្នាំ២០២៥ គឺជាផែនការយុទ្ធសាស្ត្រស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ានទៅលើចំណីអាហារកសិកម្ម និងព្រៃឈើ សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥។

ដើម្បីសម្រេចឲ្យបានតាមផែនការដាក់ឡើងដោយសហគមន៍អាស៊ាន រដ្ឋមន្ត្រីកសិកម្ម នៃប្រទេសសមាជិកអាស៊ានទាំង១០ បានចូលរួមប្រជុំលើកទី៣៨ នៅប្រទេសសិង្ហបុរី ហើយសម្រេចយកជាផ្លូវការនូវសន្ទស្សន៍សំខាន់ៗសម្រាប់វាស់វែងសមត្ថភាពបំពេញការងារ និងដាក់ដំណើរការផែនការការងារផ្សេងៗទៀត ផ្ដោតលើដំណាំ នេសាទ និងសត្វចិញ្ចឹម។

សេចក្ដីប្រកាសព័ត៌មានរបស់អាស៊ាន ចេញថ្ងៃ៧ ខែតុលា បង្ហាញថា តម្រូវការផលិតផលមកពីសត្វចិញ្ចឹម អាចនឹងកើនឡើងជិត ៤ដងនៅឆ្នាំ២០២០ ខាងមុខ។ សម្រាប់ប្រជាជនជាង ៦០០លាននាក់ក្នុងតំបន់ កំណើននៃតម្រូវការនេះ បង្ហាញពីការកើនឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងអំណាចទិញរបស់ពួកគេ។

ស្របនឹងគ្នានេះ ការកើនឡើងនូវតម្រូវការមានន័យថា ចរាចរណ៍នៃសត្វចិញ្ចឹមក្នុងតំបន់ក៏នឹងកើនឡើងដូចគ្នា ដែលជារឿងមួយធ្វើឲ្យមានការព្រួយបារម្ភទៅសុវត្ថិភាព និងគុណភាពនៃសត្វចិញ្ចឹមទាំងនោះ។

ការធ្វើពាណិជ្ជកម្មសត្វចិញ្ចឹមឆ្លងប្រទេស បង្កើនហានិភ័យនៃការឆ្លងជំងឺពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស ប្រសិនបើមិនមានយន្តការគ្រប់គ្រងឲ្យបានម៉ត់ចត់។ ការរាតត្បាតនៃជំងឺឆ្លងពីសត្វ មានផលប៉ះពាល់ខ្លាំងទៅលើសុខភាពសាធារណៈ សុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀង ដែលសុទ្ធតែជាបញ្ហាសំខាន់របស់ប្រទេសនីមួយៗ។

ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីកសិកម្មអាស៊ាន តំណាងឲ្យប្រទេសទាំង១០ ក្រោមការជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ថា ហ្វាវ (FAO) និងដៃគូអភិវឌ្ឍន៍ដទៃទៀត បានចុះហត្ថលេខាឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់សុខភាពសត្វ និងជំងឺឆ្លងពីសត្វ ហៅកាត់ថា អាកា (ACCAHZ)។

អ្នកតំណាងអង្គការហ្វាវ ប្រចាំតំបន់អាស៊ី និងបាស៊ីហ្វិក លោកស្រី គុណដាវី កាឌីរេសាន (Kundhavi Kadiresan) បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់អង្គការហ្វាវ នៅថ្ងៃ៧ ខែតុលា ឆ្នាំ២០១៦ គាំទ្រការសម្រេចចិត្តរបស់រដ្ឋមន្ត្រីកសិកម្មអាស៊ានក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង។

លោកស្រីមានប្រសាសន៍ថា មជ្ឈមណ្ឌលអាកា នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រេចយុទ្ធសាស្ត្រសុខភាពមួយ វ៉ាន់ ហែល្ស (One Health) របស់អង្គការហ្វាវ អង្គការសុខភាពពិភពលោក និងអង្គការពិភពលោកដើម្បីសុខភាពសត្វ ដែលព្យាមយាមធានាឲ្យបានថា មនុស្ស និងសត្វជាចំណីអាហារសុទ្ធតែមានសុខភាពល្អ។

មជ្ឈមណ្ឌល អាកា ដែលនឹងត្រូវដាក់អោយដំណើរការជាផ្លូវការនៅឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីផ្ដល់ដំណោះស្រាយទៅនឹងបញ្ហានានា កើតឡើងពីការរាតត្បាតជំងឺឆ្លងពីសត្វ។

អាស៊ីសេរីមិនអាចសុំសម្ភាសន៍រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលទៅចូលរួមកិច្ចប្រជុំអាស៊ាននោះបានទេ នៅថ្ងៃ៩ ខែតុលា ឆ្នាំ២០១៦។

អត្ថបទស្រាវជ្រាវ ឆ្នាំ២០១៣ មួយរបស់សាកលវិទ្យាល័យ អាប់សាលា (UPPSALA) នៃប្រទេសស៊ុយអែត សិក្សាទៅលើការឆ្លងមេរោគពីសត្វមកមនុស្សនៅតាមជនបទ បានបង្ហាញថា របៀបចិញ្ចឹមសត្វលក្ខណៈគ្រួសារដូចនៅប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ហានិភ័យនៃការឆ្លងជំងឺពីសត្វមកមនុស្សគឺមានកម្រិតខ្ពស់។ លើសពីនេះទៀត កម្ពុជាមានកង្វះខាតបសុពេទ្យដែលមានសមត្ថភាពច្រើន។

នៅពេលដែលដំណើរការមជ្ឈមណ្ឌលអាកា ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាប្រភពនៃការសិក្សាសំខាន់ៗ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ដែលអាចយកមកប្រើប្រាស់បានដើម្បីទប់ការផ្ទុះឡើងនៃមេរោគឆ្លងពីសត្វនានា នៅពេលអនាគត។

ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ១,៨សែននាក់ ក្នុងតំបន់អាស៊ាន បានស្លាប់ដោយសារជំងឺបង្កមកពីចំណីអាហារ។ អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា ៧៥ភាគរយនៃជំងឺរកឃើញថ្មីក្នុងអំឡុងពេល ៣ទសវត្សចុងក្រោយនេះ សុទ្ធតែឆ្លងចេញមកពីសត្វ។ ឧទាហរណ៍មួយចំនួនមានដូចជា ជំងឺផ្ដាសាយបក្សី ផ្ដាសាយជ្រូក ជំងឺសាស (SARS) និងជំងឺនីប៉ា (Nipah)) ជាដើម៕

RFA

Loading...

  • អាស៊ាន​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ក្នុង​តំបន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: