សម្ដេច​តេ​ជោ ចូលរួម​ជា​អធិបតី​ការ​ប្រណាំងទូក​នៅ​ក្រុង​តា​ខ្មៅ និង​ផ្ដល់​ពានរង្វាន់​ដល់​កីឡាករ

ខេត្តកណ្ដាល ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​តេ​ជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ បាន​អញ្ជើញ​ជា​អធិបតី និង​ទស្សនាការ​ប្រណាំង​ទូកង និង​ផ្ដល់​ពានរង្វាន់​ដល់​កីឡាករ​ថែម​ទៀត​។ អាជ្ញាធរ​ខេត្តកណ្ដាល បាន​រៀបចំ​ពិធី​ប្រណាំង​ទូកង និង​ទូក​ខ្នាត​ជាតិ អន្តរជាតិ សរុប​ចំនូ​ន ៦៣​ទូក ដែល​ពិធី​នេះ​ប្រព្រឹត្ត​ឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែតុលា នៅ​តាម​បណ្ដោយ​ដង​ទន្លេបាសាក់ នា​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​។

តាម​របាយការណ៍​របស់​គណៈ​ក​ម្មា​ការ​រៀបចំ​ពិធី​អុំទូក​បានឱ្យ​ដឹង​ថា មាន​ទូក​សរុប​ចំនួន ៦៣​ទូក  មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត​ចូលរួម​ប្រណាំង​។ ក្នុង​នោះ​មាន​ទូក​អុំ​បុរស ៣៥​ទូក ប្រណាំង​ចម្ងាយ ១៥០០​ម៉ែត្រ ទូក​អុំ​ខ្នាត​អន្តរជាតិ​បុរស ៦​ទូក ទូក​អុំ​ខ្នាត​អន្តរជាតិ​នារី ២​ទូក ទូកផ្កាចារ​បុរស ១៨​ទូក និង​ទូកផ្កាចារ​នារី​ចំនួន​២​ទូក ប្រណាំង​ចម្ងាយ ១០០០​ម៉ែត្រ​។  លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បាន​ប្រាប់​ឱ្យ​ដឹង​ថា​ការ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តា​ខ្មៅ​លើក​នេះ មាន​ភាព​អធិក​ណាស់ ដែល​មាន​ប្រជាពលរដ្ឋ​មក​ទស្សនា​ប្រមាណ ៣​ម៉ឺន​នាក់​។ អាជ្ញាធរ​បាន​ត្រៀម​កងកម្លាំង​ជាង ៣​ពាន់​នាក់​សម្រាប់​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ពិធី​ប្រណាំងទូក​រយៈពេល​២​ថ្ងៃនេះ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ក្រុម​គ្រូពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​បឋម​ទៀ​ផង​។

លោក​អភិបាលខេត្ត បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​ប្រណាំងទូក​នៅ​ក្រុង​តា​ខ្មៅ​នេះ គឺ​ដើម្បី​អបអរ​ក្នុង​ពិធីបុណ្យ​ចេញ​ព្រះ​វស្សា  និង​សាកល្បង​សមត្ថភាព​ទូក និង​កីឡាករ ដើម្បី ត្រៀម​ចូលរួម​ប្រណាំង ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​មុខ​ព្រះ​បរមរាជវាំង ជា​បុណ្យ ប្រពៃណី​ជាតិ នា​ពេល​ឆាប់​ខាង​មុខ​នេះ​។ លោក​អភិបាលខេត្ត បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​រាត្រី​បញ្ចប់ មាន​រៀបចំ​បណ្ដែតប្រទីប​មហាជន ៧​ពាន់​ប្រទីប បាញ់​កាំជ្រួច តូច​ធំ និង​បង្ហោះគោម និង​មានការ​ប្រគុំ​តន្ត្រី ជូន​ដល់​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ដ​ផង​ដែរ​។

អាជ្ញាធរ​បាន​រៀបចំ​រង្វាន់​ជូន​ដល់​ទូក​អុំ​បុរស ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពាន​១ ទង់​១ ថវិកា​ចំនួន​៤​លាន​រៀល និង​គ្រឿង​ឩ​ប​ភោគ​បរិភោគ មួយ​ចំនួន​ទៀត​។ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ពាន​១ ទង់​១ ថវិកា​៣​លាន​រៀល និង​គ្រឿង​ឩ​ប​ភោគ​បរិភោគ​។ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ពាន​១ ទង់​១ ថវិកា​២​លាន​រៀ និង​គ្រឿង​ឩ​ប​ភោគ​បរិភោគ មួយ​ចំនួន​។ ចំណែក​ទូក​មិន​ជាប់​ចំណាត់ថ្នាក់​ទទួល​បាន​ប្រាក់​ឩ​ប​ត្ថ​ម្ភ និង​គ្រឿង​ឩ​ប​ភោគ បរិភោគ មួយ​ចំនួន​។ ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឩ​ប​ត្ថ​ម្ភ ដល់​ទូក​អុំ​បុរស ក្នុង​មួយ​ទូក​ៗ​ចំនួន​៣​លាន​រៀល  និង​ទូកផ្កាចារ ទូក​ខ្នាត​អន្តរជាតិ ក្នុង​មួយ​ទូក​ៗ​ចំនួន​២​លាន​រៀល បន្ថែម​ទៀត​៕