រថយន្ត​សាំ​យ៉ុ​ង​បើក​វ៉ា​យានយន្ត​ខាង​មុខ​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ព្រួញ​ជែង​យានយន្ត​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ​ស្របគ្នា ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ដែល​បើកបរ និង​ជិះ​ដោយ​យុវជន​២​នាក់​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​ពាក់កណ្ដាល​ផ្លូវ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​កន្លែង​លក់​សាច់ក្រក ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​រង​គ្រោះ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ អឿ​ន អាង អាយុ​ជាង​២០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ផាត ពិសិដ្ឋ អាយុ​២៤​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ចំណែក​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្ដាយ​របស់​សាកសព ពេល​ឃើញ​កូន​ស្លាប់​បែប​នេះ ក៏​រន្ធត់​រហូត​ដល់​សន្លប់​បាត់ស្មារតី និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ពណ៌​ក្រហម ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0133 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ជែង​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ឡើយ​។

ខណៈនោះ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​ទាំង​កំរោល បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ពេល​ដឹក​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​បាន​ស្លាប់​ម្នាក់​ទៀត​។ ដោយឡែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំងស្រុង រីឯ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ និង​ធ្លាក់​កាង​មុខ​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​រត់​ចោល​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ហើយ​កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍​វាស់វែង និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រួច​ទើប​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​រង់ចាំ​មើល នគរបាល​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​បង្ក​នោះ​ឃើញ​ឬ​មិនឃើញ​៕