ចោរលួច​កាប់​ដើម​ធ្នង់​អស់​២៣​ដើម​ក្នុង​ព្រៃ​សហគមន៍ រដ្ឋបាល​ព្រៃឈើ​អត់​ដឹង?

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មក​ដល់​ពេល​នេះ ក្រុម​ជនខិលខូច​ដែល​បាន​លួច​ចូល​ទៅ​កាប់​ដើម​ធ្នង់ ជា​ប្រ ភេទ​ឈើប្រណិត​មានមុខ​កាត់​ធំ​ៗ អស់​ចំនួន​២៣​ដើម​ពី​ក្នុង​ព្រៃ​សហគមន៍​ពោធិ​ជ្រក​ជម្រក​ឫ​ទ្ធី​សែន ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង ពុំ​ទាន់​ត្រូវ​បាន​វែកមុខ ចាប់ខ្លួន​យក​មក​ផ្ទ​ន្ទា​ទោស​តាម​ផ្លូវច្បាប់ ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ថា បទល្មើស​បែប​នេះ​នឹង​កើត​មាន​ជា​ថ្មី​ទៀត ព្រោះតែ​ក្រុម​ជនខិលខូច​ត្រូវ​បាន​មន្ត្រី​ជំនាញ និង​សហគមន៍​បាន​កំណត់​មុខសញ្ញា ច្បាស់​ប្រមាណ ៩០​ភាគរយ​ទៅ​ហើយ មិន​ទាន់​ត្រូវ​បាន​តុលាការ ឬ​មន្ត្រី​ជំនាញ​ណា​កោះហៅ​មក​សាកសួរ​នៅឡើយ​ទេ​។

ប្រធាន​សហគមន៍​ពោធិ​ជ្រក​ជម្រក​ឫ​ទ្ធី​សែន  លោក នៅ យឿ​ង បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​កាន់បិណ្ឌ គឺ​មុន​ភ្ជុំបិណ្ឌ មាន​ក្រុម​ជនខិលខូច​បាន​ធ្វើ​សកម្មភាព​ទៅ​លួច​កាប់​យក​ដើម​ធ្នង់​ធំ​ៗ​មានមុខ​កាត់​៥​តឹក​ចុះ​ក្រោម​អស់​ចំនួន​២៣​ដើម​ពី​ក្នុង​ព្រៃ​សហគមន៍ ។ ក្រោយមក​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ទើប​បែក​ការណ៍​ដឹង​ដល់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ទៅ​ពិនិត្យ​មើលឃើញ​ពិតជា​អស់​ដើមឈើ​ប្រភេទ​ធ្នង់ ជា​ប្រភេទ​ឈើប្រណិត​អស់​២៣​ដើម​ពិតមែន  ហើយ​បានឃើញ​នៅ​សល់​ចំនៀរ​ឈើ​ខ្លះ និង​កំណាត់ឈើ​ចំនួន​១០​ដុំ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​សាលាឃុំ​ពោធិ ស្រុក​កំពង់លែង និង​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ ក្រោយមក​ឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ធ្វើ​កំណត់ហេតុ តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ឃើញ​កោះហៅ​ជនសង្ស័យ​ណា​ម្នាក់​ទៅ​សាកសួរ​ឡើយ ។ ក្នុង​នាម​លោក​ជា​ប្រធាន​សហគមន៍ លោក​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ រួម​ទាំង​តុលាការ​សូម​ស្រាវជ្រាវ​វែកមុខ ក្រុម​ជនខិលខូច ទាំងនោះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។ 

ជុំវិញ​ករណី ជនល្មើស​លួច​កាប់​ឈើ​ធ្នង់​ពី​ក្នុង​ព្រៃ​សហគមន៍​ខាងលើ​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ទទួល​បន្ទុក​ស្រុក​កំពង់លែង លោក ហោ ដា​រ៉ា បាន​និយាយ​អោយ​ដឹង​ថា ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង តែ​ពេល​នេះ​មិន​ទាន់​ហ៊ាន​ថា​ឈ្មោះ​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ ទោះ​ថា ពេល​នេះ​បាន​កំណត់​មុខសញ្ញា​បាន​៩០​ភាគរយ​ហើយ​ក៏​ដោយ​។ ក្នុង​រឿង​នេះ មាន​នាយ​រង​សង្កាត់​២​នាក់ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ក្នុង​រឿង​នេះ​ដែរ​។

លោក​បាន​បញ្ជាក់​ថា ព្រៃ​សហគមន៍​ទីនោះ គឺជា​ចម្ការ​ពូជ​ដើម​ធ្នង់ ជាង​២០​ហិ​កតា មាន​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ដែល​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ទោះបី​បែ​នេះ​ក្តី មាន​ប្រភព​ពី​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា បទល្មើស​កាប់​ដើម​ធ្នង់​២៣​ដើម​ក្នុង​ព្រៃ​សហគមន៍​ខាងលើ គឺ​មាន​ពាក់ព័ន្ធ​ដល់​ម្ចាស់​សិប្បកម្ម​អត់​ច្បាប់​ម្នាក់ នៅ​ក្រោយខ្នង​ប្រជាពលរដ្ឋ និង​មានការ​ឃុបឃិត​ពី អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ដែល​មន្ត្រី​ជំនាញ និង​តុលាការ​គួរ​ចាត់ការ​រឿង​នោះ​ឲ្យ​បាន​ឆាប់​បំផុត​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ជនល្មើស​រូ​ច​ខ្លួន​ឡើយ​៕