នាយ ក្រិន​ នៅ​តែមាន​ទំនាក់​ទំនង​ជាមួយ​​ប្រពន្ធ​ទី១​ ទោះ​បី​ចែក​ផ្លូវគ្នា

​នាយ​ក្រិន​ បាន​ប្រាប់​មក​កាន់​ Sabay ថា​ បើ​ទោះ​បី​ជាលោក​ ​បាន​បែក​បាក់​ពី​ភរិយា​ដើម​ក្តី​ តែ​​ការ​ស្រឡាញ់​រាប់អាន​​ ​និង​ទំនាក់​ទំនង​​នៅ​តែ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​​ ដោយ​គ្មាន​ការ​ស្អប់​ ឬ​គំនុំ​គំគួន​អ្វីឡើយ​។

 

នាយ ក្រិន​ នៅ​តែមាន​ទំនាក់​ទំនង​ជាមួយ​​ប្រពន្ធ​ទី១​ ទោះ​បី​ចែក​ផ្លូវគ្នា

នាយ​ ក្រិន និង​កូនប្រុស​(រូបថត​ហ្វេស​ប៊ុក​នាយ ​ក្រិន)

 

“បាទ​ក្រោយ​ពី​បែក​បាក់​ជា​មួយ​ប្រពន្ធ​ដើម​​ ខ្ញុំ​នៅ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​គាត់​ដដែល​ ព្រោះ​ពួក​យើង​មិន​បាន​ខឹង ​ឬ​គុំ​គួន​នឹង​គ្នា​អ្វី​ឡើយ ​នៅ​តែប​​ន្ត​ក្តី​ស្រឡាញ់​​រាប់​អាន​គ្នា​ ​ព្រោះ​កូន​ប្រុស​ទី​១​ របស់​ខ្ញុំ​រស់​នៅ​​ជាមួយ​ប្រពន្ធ​ដើម ពេល​ប្រពន្ធ​ដើម​ខ្ញុំ​មក​​លេង​ភ្នំពេញ​ គាត់​តែង​តែ​នាំ​កូន​ប្រុស​មក​លេង​ខ្ញុំ​គ្រប់​ពេល​”។ នាយ​ ក្រិន ថ្លែង​ប្រាប់​ Sabay ។

 

បុរស​មាឌ​តូច​កូន​៣​រូប​នេះ​បន្ថែម​ថា​៖ ទំនាក់​ទំនាង​រវាង​លោក​ និង​ប្រពន្ធ​ទី​១ មិន​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​ទី​២ ខឹង​ឬ​ប្រចណ្ឌ​អ្វី​ឡើយ​ ដោយសារ​តែ​ប្រពន្ធ​ទី​២​ បាន​ដឹង​ថា​ ទំនាក់​ទំនងលោក​ជាមួយ​ប្រពន្ធ​មុន​រាប់​អាន​ស្រឡាញ់​គ្នា​ដូច​បង​ប្អូន​គ្មាន​គិត​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ​។

 

នាយ ក្រិន​ នៅ​តែមាន​ទំនាក់​ទំនង​ជាមួយ​​ប្រពន្ធ​ទី១​ ទោះ​បី​ចែក​ផ្លូវគ្នា

 

“បាទ​ទំនាក់​ទំនង​ខ្ញុំ​ជា​មួយ​ប្រពន្ធ​មុន​ ប្រពន្ធ​​ខ្ញុំ​គាត់​ដឹង ​តែ​គាត់​មិន​បាន​ខឹង​ ឬ​ចណ្ឌ​ខ្ញុំ​អ្វី​ឡើយ​ ព្រោះ​គាត់​ដឹង​ថា​យើង​ទាំង​ពីរ​នាក់​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​។ ពេល​នេះ​ខ្ញុំ​មាន​កូន​៣ នាក់​ហើយ​ ទី​១​ ប្រុស​ជា​មួយ​ប្រពន្ធ​មុន ចំណែកឯប្រុស​មួយ​ស្រី​មួយ​ ​ជា​មួយ​ប្រពន្ធ​ក្រោយ​ ហើយ​ខ្ញុំ​ និង​ប្រពន្ធ​ឈប់​យក​កូន​ទៀត​ហើយ​ ៣ នាក់​ហ្នឹង​គ្រប់​គ្រាន់​ហើយ​អូន​”។ នាយ ក្រិន បញ្ជាក់៕

 

អត្ថបទ​៖ ឆុង ស៊ីណាន
​​​​​​​​​