ចិន បង្ហោះ​ផ្កាយ​រណប បំពេញ​បេសកកម្ម​យូរ​បំផុត មិន​ធ្លាប់​មាន

ផ្កាយ​រណប «Shenzhou 11» របស់​ប្រទេស​ចិន ត្រូវ​បាន​បង្ហោះ ចេញ​ពី​ទីលាន​បង្ហោះ​ផ្កាយ​រណប «Jiuquan Satellite Launch Center» នៅ​ឯ​វាល​ខ្សាច់​ម៉ុងហ្គោលី «Gobi Desert» កាល​ពី​វេលា​ម៉ោង ១១ និង ៣០​នាទី​យប់ ថ្ងៃ​អាទិត្យ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

 

ចិន បង្ហោះ​ផ្កាយ​រណប បំពេញ​បេសកកម្ម​យូរ​បំផុត មិន​ធ្លាប់​មាន

ផ្កាយ​រណប Shenzhou 11

 

ការ​បង្ហោះ​ផ្កាយ​រណប​នេះ គឺ​ដើម្បី​បំពេញ​បេសកកម្ម​យូរ​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​ប្រទេស​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​អវកាសយានិក ចំនួន​២​នាក់ មាន​ឈ្មោះ​ថា Jing Haipeng វ័យ​៤៩​ឆ្នាំ និង Chen Dong វ័យ​​៣៧​ឆ្នាំ។

 

ចិន បង្ហោះ​ផ្កាយ​រណប បំពេញ​បេសកកម្ម​យូរ​បំផុត មិន​ធ្លាប់​មាន

លោក Jing Haipeng និង Chen Dong

 

លោក Jing និង លោក Chen នឹង​ចូល​ចត ជាមួយ​មន្ទីរពិសោធន៍​អវកាស «Tiangong-2» ដែល​បាន​បង្ហោះ កាល​ពី​ខែ​មុន។ ពួក​គេ​​នឹង​នៅ​ក្នុង​លំហ​អាកាស រយៈ​ពេល​សរុប​ចំនួន ៣៣​ថ្ងៃ ដោយ​ត្រូវ​ចំណាយ​ពេល ៣០​ថ្ងៃ ដើម្បី​ធ្វើ​ការ​ពិសោធន៍ ដែល​ទាក់ទង​ទៅ​នឹង​ថ្នាំ រូបវិទ្យា និង ជីវវិទ្យា នៅ​ក្នុង​មន្ទីរពិសោធន៍​អវកាស។

 

គួរ​រំលឹក​ថា ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០០៣ មក ប្រទេស​ចិន បាន​បំពេញ​បេសកកម្ម​ហោះ​ហើរ​លើ​អវកាស ចំនួន​៥​លើក ដោយ​ជោគជ័យ ក្នុង​នោះ​បេសកកម្ម​ចុង​ក្រោយ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​មាន​រយៈ​ពេល តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN