ក្បួន​ដង្ហែ​​រូបសំណាក​​លោក​កែម ឡី​​មាន​ចម្ងាយ​​ប្រហែល​​២​គីឡូម៉ែត្រ​​

ក្បួនដង្ហែ រូបសំណាក លោកកែម ឡី ពីទីតាំងវត្តចាស់ ទៅខេត្តតាកែវ មានការចូលរួមយ៉ាងច្រើន ពីប្រជាពលរដ្ឋ ព្រះសង្ឃ និស្សិត និងមានវត្តមាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិផងដែរ។បើតាមអ្នកយកព័ត៌មានវិទ្យុវាយោ បានរាយការណ៍មកថា ចំនួនអ្នកចូលរួម មានការកើនឡើងជាលំដាប់។តាមការប៉ាន់ប្រមាណក្បួនដង្ហែនេះ អាចមានប្រវែងប្រហែល២គីឡូម៉ែត្រ គិតត្រឹមម៉ោង៩:៣០នាទី ខណៈក្បួនដង្ហែទើបទៅដល់រង្វង់មូលចោមចៅ។

តែយ៉ាងណា ចំនួនអ្នកចូលរួមហែរូបសំណាកលោក កែម ឡី ចំខួប១០០ថ្ងៃនេះ គឺមានចំនួនតិចជាង ពេលហែសពរបស់លោកកាលពីថ្ងៃទី២៤ ខែកក្កដា ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ប៉ុន្តែ មិនខុសគ្នាប៉ុន្មាន ពីពេលហែសពទេ គឺប្រជាពលរដ្ឋជាច្រើនបានចេញមកនឈរអមសងខាងផ្លូវសម្តែងនូវការសោកស្តាយ ស្រណោះស្រណោក អាឡោះអាល័យចំពោះលោកកែម ឡីជាពន់ពេក។

Loading...

ជាការកត់សម្គាល់ការដង្ហែរូបសំណាកនេះ គេឃើញមានការជួយសម្រួលចរាចរណ៍ ពីនគរបាលចរាចរ និងពុំឃើញមានការបិទស្ថានីយសាំងដូចកាលពីពេលហែសពនោះទេ។

សូមជម្រាបថា រូបសំណាក លោកកែម ឡី ធ្វើពីស្ពាន់ មានកំពស់១.៧០ម ត្រូវបានដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅកាន់ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។តាមគំរោង រូបសំណាកនេះ គ្រោងនឹងដាក់តាំងនៅទីលានប្រជាធិបតេយ្យ តែដោយសារមិនមានការអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ទើប គណៈកម្មការបុណ្យ សម្រេចដង្ហែទៅតម្កល់នៅខេត្តតាកែវវិញ។

គួរបញ្ជាក់ថា កម្មវិធីបុណ្យខួប១០០ថ្ងៃ លោកបណ្ឌិតកែម ឡី ធ្វើឡើងរយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ១៥ ធ្វើនៅវត្តចាស់ នៅថ្ងៃទី១៦នេះ គឺជាពិធីដង្ហែរូបសំណាក ទៅកាន់ខេត្តតាកែវ និងថ្ងៃទី១៧ធ្វើកិច្ចបង្ហើយបុណ្យ នៅទីតាំងបញ្ចុះសពខេត្តតាកែវ៕

ក្បួន​ដង្ហែ​​រូបសំណាក​​លោក​កែម ឡី​​មាន​ចម្ងាយ​​ប្រហែល​​២​គីឡូម៉ែត្រ​​

ក្បួន​ដង្ហែ​​រូបសំណាក​​លោក​កែម ឡី​​មាន​ចម្ងាយ​​ប្រហែល​​២​គីឡូម៉ែត្រ​​

ប្រភព៖ វាយោ