ថៃ​តែងតាំង​លោក​ព្រេម​ទីនស៊ូឡាណុន​ជា​ប្រមុខរដ្ឋស្តីទី​ក្នុងពេល​រង់ចាំ​មាន​ស្តេចថ្មី

ក្រោយពីព្រះមហាក្សត្រថៃទ្រង់សោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ព្រះអង្គម្ចាស់ មហាវជ្ជរាឡុងកន ដែលជារាជទាយាទបានស្នើសុំពន្យារពេល មិនឡើងមកស្នងរាជភ្លាមៗនោះទេ។ នៅក្នុងពេលដែលរាជបល្ល័ង្កនៅទំនេរបែបនេះ របបសឹកថៃបានប្រកាសឲ្យដឹងថា លោកព្រេមទីនស៊ូឡាណុន ដែលជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រនឹងត្រូវកាន់តំណែងជាប្រមុខរដ្ឋស្តីទី។

យើងតាមការប្រកាសរបស់ឧបនាយករដ្ឋមន្រ្តីថៃ តំណែងជាប្រមុខរដ្ឋស្តីទីនឹងត្រូវកាន់កាប់ជាលក្ខណៈបណ្តោះអាសន្ន ដោយសារតែរាជបល្ល័ង្កនៅទំនេរ ហើយយោងតាមរដ្ឋធម្មនុញ្ញ អ្នកដែលត្រូវកាន់តំណែងជាប្រមុខរដ្ឋស្តីទីនេះ គឺលោកព្រេមទីនស៊ូឡាណុន ដែលជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ។

Loading...

លោកព្រេមទីនស៊ូឡាណុន ដែលបច្ចុប្បន្នមានវ័យ ៩៦ឆ្នាំ តែហាក់មានសុខភាពមាំទាំនៅឡើយ ធ្លាប់កាន់តំណែងជាអគ្គបញ្ជាការកងទ័ព និងជាអតីតនាយករដ្ឋមន្រ្តី មុននឹងត្រូវព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត តែងតាំងជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ នៅឆ្នាំ១៩៩៨។

លោកព្រេមទីនស៊ូឡាណុន ត្រូវបានគេចាត់ទុកថាជាមនុស្សដ៏ជំនិតបំផុតរបស់ព្រះមហាក្សត្រ ហើយក៏ជាអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងដែរ នៅក្នុងជួរកងទ័ព ក៏ដូចជា នៅក្នុងឆាកនយោបាយថៃជាទូទៅ។ គឺលោកព្រេម ដែលត្រូវគេសង្ស័យថាជាអ្នកញាក់ខ្សែពីក្រោយឆាក នៅក្នុងវិបត្តិនយោបាយថៃនាពេលបច្ចុប្បន្ន ជាពិសេស គឺរងការចោទប្រកាន់ថាជាអ្នករៀបចំរដ្ឋប្រហារទម្លាក់លោកថាក់ កាលពីឆ្នាំ២០០៦។

គួរបញ្ជាក់ថា យោងតាមច្បាប់ថៃ គឺព្រះមហាក្សត្រមុនដែលជាអ្នកមានសិទ្ធិជ្រើសរើសអ្នកស្នងរាជ្យ ហើយព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានតែងតាំងព្រះអង្គម្ចាស់ មហាវជ្ជរាឡុងកន ជារាជទាយាទ តាំងពីឆ្នាំ១៩៧២។

ដូច្នេះ តាមច្បាប់ រាជបល្លង្កត្រូវតែបានទៅព្រះអង្គម្ចាស់ មហាវជ្ជរាឡុងកន ដោយគ្មានអ្វីត្រូវមន្ទិលសង្ស័យនោះទេ។ ក៏ប៉ុន្តែ ការពន្យារពេលក្នុងការឡើងមកគ្រងរាជ្យនេះ កំពុងតែបង្កើតឲ្យមានភាពមិនច្បាស់លាស់ និងបរិយាកាសថប់បារម្ភ ដែលជាបច្ច័យមិនល្អមួយ សម្រាប់ទីផ្សារមូលបត្រថៃ ហើយក៏អាចបង្កនូវផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចថៃផងដែរ៕

ប្រភព៖ RFI