វ៉ាស៊ីនតោន​ និង​ មូស្គូ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​នៅ​ប្រទេស​ស្វីស​អំពី​ស៊ីរី​

កិច្ចចរចាគ្នាបានចាប់ផ្តើមធ្វើនៅក្នុងក្រុង Lausanne ប្រទេសស្វីសកាលពីថ្ងៃសៅរ៍នៅក្នុងការប៉ុនប៉ងមួយលើកទៀតដើម្បីស្វែងរកដំណោះស្រាយខាងការទូតដល់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។

កិច្ចចរចាគ្នានេះកំពុងធ្វើរវាងលោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov និងលោក Staffan de Mistura បេសកជនពិសេសអ.ស.ប.ទទួលបន្ទុកកិច្ចការប្រទេសស៊ីរី។ អស់លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី កាតា និងប្រទេសអារ៉ាប៊ី សាអូឌីតក៏មានវត្តមានក្នុងការចរចាគ្នានេះដែរ។

Loading...

អង្គការសប្បុរសធ៌មអន្តរជាតិសំខាន់ៗបានអំពាវនាវកាលពីថ្ងៃសោរ៍ឱ្យមានការឈប់បាញ់គ្នា៧២ម៉ោងនៅក្នុងភាគខាងកើតនៃក្រុង Aleppo នាផ្នែកខាងជើងនៃប្រទេសស៊ីរីដែលជាទីដៅនៃការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរីនិងការវាយប្រហារតាមអាកាសគាំទ្រដោយរុស្សីដើម្បីអនុញ្ញាតឱ្យមានការជម្លៀសអ្នកជំងឺនិងអ្នករងរបួសនិងឱ្យមានការដឹកជញ្ជូនស្បៀងអាហារនិងជំនួយវេជ្ជសាស្ត្រចូលទៅក្នុងតំបន់ដែលបានត្រូវឡោមព័ទ្ធនេះ។

ជនស៊ីវិលរាប់សែននាក់បានជាប់គាំងនៅក្នុងក្រុង Aleppo ដែលហាក់ដូចជាបានក្លាយទៅជាកន្លែងប្រយុទ្ធគ្នាខ្លាំងបំផុតនៅក្នុងសង្គ្រាមស៊ីវិលប្រាំឆ្នាំក្នុងប្រទេសស៊ីរី។ ពួកឧទ្ទាមត្រួតត្រាផ្នែកខាងកើតនៃទីក្រុងនេះហើយកងយោធារដ្ឋាភិបាលស៊ីរីកាន់កាប់ផ្នែកសល់ពីនេះ។

ស.រ.អា.និងពួកសម្ព័ន្ធមិត្តបស្ចឹមប្រទេសរបស់អាមេរិកាំងបានចោទប្រកាន់ប្រទេសរុស្សីនិងរដ្ឋាភិបាលស៊ីរីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយសារបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនិងក្បួនដឹកជំនួយសង្គ្រោះបន្ទាន់អ.ស.ប.នៅខាងក្នុងនិងនៅជុំវិញក្រុង Aleppo នៅពេលដែលពួកគេបានយកជាទីដៅនៃការវាយប្រហារពួកឧទ្ទាមដែលស្វះស្វែងទម្លាក់ប្រធានាធិបតីស៊ីរី Bahar al-Assad ពីអំណាច៕

ប្រភព៖ VOA