តើ​ជនបរទេស​ត្រូវ​ធ្វើអ្វី​ខ្លះ​លើទឹកដី​ថៃ​ក្នុង​អំឡុង​ពេល​បុណ្យសព​ព្រះមហាក្សត្រ​?​

ដូច​ធ្លាប់​ដឹង​ស្រាប់ហើយ​ថា ​ស្ថាប៍ន​ព្រះមហាក្សត្រ​ និង​ខ្សែ​រាជវង្ស​ថៃ​ គឺជា​បណ្ដុំ​នៃ​ក្រុម​មនុស្ស​ថ្នាក់​កំពូល​ដែល​ត្រូវ​បាន​គេលើក​ទូលតាំង​ពីអតីតកាល​តរៀងមក​រាប់រយ​ឆ្នាំមក​ហើយ ​។ ​ការប្រមាថ​ ការ​មើលងាយ​ ឬការ​ប្រើពាក្យ​ពេចន៍​ទាំងឡាយ​ណា​​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ថាខ្វះ​សីលធម៌​ ឬប៉ះពារ​ទៅលើ​ព្រះកិត្តិនាម​របស់ស្ដេច​ ឬសមាជិក​ខ្សែរាជវង្ស​អង្គណា​មួយនោះ​ បុគ្គល​ដែលប្រព្រឹត្ត​នោះ ​ទោះបាន​ធ្វើដោយ​ចេតនា ​ឬអចេតនា​ក្ដី​ ទោស​ប្រមាថ​ស្ដេច​ និង​រាជវង្ស​ថៃ​គឺជាទោស​ដែល​មិនអាច​លើកលែង​ឱ្យបាន​ជាដាច់​ខាត ​។​
ស្របពេល​ដែល​​ស្ថានការណ៍​នៅក្នុង​ប្រទេសថៃ​កំពុង​មានការ​ប្រែប្រួល​ជាខ្លាំង​ ដ្បិត​អីពុំទាន់​មានបញ្ហា​ធំដុំណា​មួយ​កើត​ឡើង​អំពី​ការបង្ក​អំពើហិង្សា​ ឬបះ​បោរ​ណាមួយ​ក៏ដោយ​ក្ដី ​មិនថា​តែ​ប្រជាជន​ថៃ​ខ្លួនឯង​ទេ​ គឺគ្រប់​ជន្នា​​នុជន​ទាំងអស់​ដែល​កំ​ពុង​រស់នៅ​លើទឹកដី​ថៃ ​ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​គ្រប់ជំហាន ​គ្រប់ទង្វើ​ទាំងអស់​ ជាពិសេស​គឺការ​ប្រើភាសា​និយាយ​សម្ដៅ​សម្ដៅ​ហ្នឹងតែ​ម្ដង​ ពោល​គឺហាម​ប្រមាថ​កិត្តិយស​ស្ដេចថៃ​ ។​
ដូច្នេះ​គ្រប់ជនបរទេស​ទាំងឡាយ​ មិនថា​តែ​កំពុង​តាំងទី​ស្នាក់នៅ​លើទឹកដី​ថៃក្ដី,​ កំពុង​ធ្វើដំណើរ​កម្សាន្ត​លើទឹកដី​ថៃក្ដី,​ ឬមានបំណង​ចង់ធ្វើ​ដំណើរ​ទៅកាន់​ប្រទេសថៃ​ក្នុងរយៈពេល​យូរ ​ឬឆាប់ក្ដី​,​​ ក្នុង​រយៈពេល​៣០ថ្ងៃ​នៃពិធីបុណ្យ​ព្រះបរម​សព​របស់​ព្រះបាទ​ភុមិបុល​ អាឌុលយ៉ាដេត ​ដែលគិត​ចាប់ពី​ថ្ងៃ​ដែល​ព្រះអង្គ​ចូលទិវង្គត​នោះ​​ គ្រប់​ជន្នានុ​ជនទូទៅ​ត្រូវហាម​ស្លៀកពាក់​ខើចខ្លី ​ឬស្លៀក​ពាក់​បែប​អនាចារ ​(​ប៉ុន្តែ​ឈុត​ហែល​ទឹក​ជា​ដើម​ អាច​នឹង​ត្រូវ​បាន​អ​នុញ្ញាត​ឱ្យ​ស្លៀកពាក់​នៅតាម​ទីតាំង​បិទជិត ​ឬនៅ​តាមតំបន់​សមុទ្រ​ ប៉ុន្តែ​មិនមែន​ក្នុង​​ទី​ប្រជុំជនទេ​)​, ត្រូវតាម​ដាន​ពត៌មាន​ក្នុង​​ប្រទេសថៃ​ឱ្យបាន​ញឹកញាប់​ដើម្បី​ឱ្យដឹង​ថាតើ​​អាជ្ញាធរ​ថៃ​គេ​តម្រូវ​ឱ្យយើង​ធ្វើអ្វីខ្លះ​?,​ និងត្រូវ​​ចាំថា​៖​ ការ​រាំរែក​លេងសើច​សប្បាយ​ក្អាកក្អាយ​អឺងកង​រំពង​ខ្លាំង​នឹងត្រូវ​បាន​រឹតបន្តឹង​ និងឈាន​ដល់ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​ ។​ អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀត​នោះ ​គឺប្រសិន​បើអ្នក​ចង់ដឹង​អំពីរឿងរ៉ាវ​អ្វីមួយ​ដែលទាក់ទង​នឹងទិវង្គត​របស់​ព្រះមហាក្សត្រ​ ឬរាជវង្សថៃ​ក្នុងអំឡុង​ពេល​ដែល​ប្រជាជន​ថៃកំពុង​តែចូលរួមកាន់​ទុក្ខ​ព្រះមហាក្សត្រ​របស់ពួកគេ​ទូទាំងប្រទេស ​ចូររៀន​រៀប​ពាក្យ​សម្ដី​នៃសំណួរ​នោះ​ឱ្យបាន​ត្រឹមត្រូវ​ និងប្រកប​ដោយសីលធម៌​ជាមុនសិន​ ចៀសវាង​មានរឿងរ៉ាវ​អកុសល​ណាមួយ​អាច​នឹងកើ​ត​មានឡើង​ចំពោះ​រូបអ្នក​នៅលើទឹកដី​ថៃ​ ៕​

តើ​ជនបរទេស​ត្រូវ​ធ្វើអ្វី​ខ្លះ​លើទឹកដី​ថៃ​ក្នុង​អំឡុង​ពេល​បុណ្យសព​ព្រះមហាក្សត្រ​?​
ដោយ៖ ឈូកស
ប្រភព៖ bbc