កញ្ជ្រោល​ប្រញាប់​​​មើលគេ​អុំទូក ​​ផ្ទះ៣ល្វែង​ក្លាយ​ជាផេះ​

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​​​បាន​​រាយ​ការ​ណ៍​ថា មានករណី​អគ្គភ័យ​​បាន​ឆាប​​ឆេះ​ផ្ទះ​​អស់​ចំនួន​​៣​ល្វែង កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦​ តុលា​ ស្ថិត​នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ដែល​ផ្ដើម​ចេញពីផ្ទះ​២​ល្វែង​ ដែល​លក់​ចាប់ហួយ​ និង​លក់​ថ្នាំ​ពេទ្យ ដែល​ម្ចាស់​រវល់​ទៅ​មើល​ពិធី​ប្រណាំងទូក ​នៅ​ក្រុង​បាត់ដំបង​ ។

ប្រភព​​បន្តថា អគ្គិភ័យ​នោះ​គឺ​ផ្ដើម​ចេញពីផ្ទះ​​​ឈ្មោះ​អ៊ួ​ច សា​រ៉េ​ត ហៅ​គ្រូ​រ៉េ​ត អាយុ​៤៧​ឆ្នាំ និង​មួយ​ល្វែង​ទៀត​ជាប់​គ្នា ​ជា​ផ្ទះ​កូន​របស់​គាត់​ ដែល​មានចាប់​​​ហួយ និង​លក់​ថ្នាំពេទ្យ ហើយ​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​​មួយ​​ល្វែង​ទៀត​ ។

ប្រភព​​បន្តទៀត​​ថា គេនៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ ដែល​នាំ​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​​​ទេ ប៉ុន្តែ​ត្រូវគេ​ដឹងថា គឺ​បាន​ចាប់ផ្ដើម​ឆេះ​ចេញពី​កណ្ដាល​ផ្ទះ​ (លក់​ចាប់ហួយ និង​លក់​ថ្នាំពេទ្យ​របស់​លោកគ្រូ​រ៉េ​ត) ខ​ណៈ​​ក្រុម​គ្រួសារ​បិទ​ទ្វា​រផ្ទះ ហើយ​នាំ​គ្នា​ទៅ​មើល​​គេ​ប្រណាំង​ទូក​​​នៅ​ក្នុង​ក្រុង​បាត់ដំបង លុះ​ដឹង​​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​របស់​ខ្លួន ​ទើប​នាំ​គ្នា​ជិះ​រថយន្ត​ត្រឡប់​​មក​វិញ​ទាំង​យប់ តែ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ ។

សមត្ថកិច្ច​​​បញ្ជាក់​ថា ផ្ទះ​២​ល្វែង​របស់​គ្រួ​រ៉េ​ត និង​កូន​របស់​គាត់ បាន​ក្លាយជា​ផេះ រួម​ទាំង​អីវ៉ាន់​ចាប់ហួយ និង​ថ្នាំពេទ្យ​ផង តែ​គេ​នៅ​​មិនដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ខាតបង់​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ម្ចាស់ផ្ទះ​ ។