ហាត់​ប្រាណ​មួយ​សប្ដាហ៍ ៥ ម៉ោង ​អាច​កាត់​កង​ការ​ផឹក​គ្រឿង​ស្រវឹង​ជោកជាំ

ក្រុងឡុងដ៍: ការស្រាវជ្រាវមួយបានបង្ហាញថា លំហាត់ប្រាណជាប្រចាំអាចកាត់កងនឹងផលប៉ះពាល់នៃគ្រឿងស្រវឹង រួមទាំង ជំងឺមហារីក និងជំងឺបេះដូង។

វាបានរកឃើញថា មនុស្សពេញវ័យដែលទទួលទានគ្រឿងស្រវឹងមិនលស់ពេល តែព្យាយាមហាត់ប្រាណមួយម៉ោងក្នុងមួយថ្ងៃនឹងមិនឆាប់ស្លាប់ជាងអ្នកតមស្រាឡើយ។

Loading...

ក្រុមអ្នកជំនាញ បានលើកឡើងថា លំហាត់ប្រាណទប់ទល់នឹងការវិវត្ដដ៏គ្រោះថ្នាក់ជាច្រើនដែលកើតឡើងលើរាងកាយក្រោយពីទទួលទានគ្រឿងស្រវឹង។

ហានិភ័យទាំងនោះ រួមមាន ការរលាកកោសិការ និងការកើនឡើងនៃកម្រិតអ័រម៉ូនមួយចំនួន ដែលបង្កជាជំងឺមហារីក និងជំងឺញាំញីដទៃទៀត។

លទ្ធផលសិក្សានេះ ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យខូលឡិចក្រុងឡុងដ៍ និងសាកលវិទ្យាល័យស៊ីដនី លើកពីអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀតពីការហាត់ប្រាណ។

ការស្រាវជ្រាវមួយនេះ ដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្ដ្រកីឡារបស់ចក្រភពអង់គ្លេស បានតាមដានលើទិន្នន័យមនុស្ស ៣៦៣៧០ នាក់នៅប្រទេសអង់គ្លេស និងស្កុតឡេន។

អ្នកដែលហាត់ប្រាណ ៥ ម៉ោងក្នុងមួយសប្ដាហ៍ និងទទួលទានគ្រឿងស្រវឹងប្រកបដោយគុណភាពជោកជាំ ហាក់មិនឆាប់ស្លាប់ជាងអ្នកអត់ទទួលទានគ្រឿងស្រវឹងនោះទេ។

ការសិក្សានេះ បានសន្និដ្ឋានថា៖ «ស្របតាមសេចក្ដីណែនាំសុខភាពសាធារណៈនូវការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់កងនឹងជំងឺមហារីកមួយចំនួន និងហានិភ័យសុខភាពពីគ្រឿងស្រវឹង»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍