ដួង ម៉ា​និ​ច សុំ​ចុះចាញ់​តារា​ផ្សេង​រឿង​ថត​អាក្រាត​កាយ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ដួង ម៉ា​និ​ច ជាតា​រា​និយម​បង្ហាញ​ភាព​សិច​ស៊ី តែ​នាង​មិន​ហ៊ាន​ថត​អាក្រាត​កាយ​ក្នុង​ខ្សែភាពយន្ត​ទេ គឺ​«​សុំ​ចុះចាញ់​» តារា​ស្រី​មួយ​ចំនួន​ដែល​ក្លាហាន​បែប​នោះ ។

ការ​និយម​ភាព​សិច​ស៊ី​នាំ​ឱ្យ​គេ​យល់​ថា កញ្ញា​ដួង ម៉ា​និ​ច អាច​នឹង​មានចិត្ត​ក្លាហាន​ហ៊ាន​សម្តែង ឈុត​ឆាក​អាក្រាត​កាយ តែ​មិន​ដូច្នោះ​ទេ គឺ​នាង​មិន​ហ៊ាន ។ មុន​នេះ​កញ្ញា​ឌុ​ច លី​ដា បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយ​ហ៊ាន​សម្តែង​ឈុត​អាក្រាត​កាយ​ក្នុង​រឿង «​នារី​វេទមន្ត​» របស់​ផលិតកម្ម​រ៉ុ​ក ។ ម្ល៉ោះហើយ​ទើប​គេ​គិត​ថា កញ្ញា​ដួង ម៉ា​និ​ច អាច​ថត​ឈុត​ពិសេស​បែប​នេះ​ដែរ ។

កញ្ញា​ដួង ម៉ា​និ​ច កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​បើ​ទោះជា​លក្ខខណ្ឌ​បែប​ណា​ក៏​នាង​ខ្ញុំ​មិន​អាច​មានចិត្ត​ស្លុយ​ថត​បែប​ជា​ឈុត​ឆាក​អាក្រាត​កាយ​ដូច​តួអង្គ​ផ្សេង​ឡើយ ទោះជា​មាន​តម្លៃ​បែប​ណា ឬ​ស៊ីថ្លៃ​យ៉ាងម៉េច​ក៏​ដោយ​។ ក្នុង​ការ​សម្តែង​នាង​ខ្ញុំ​ពិតជា​ហ៊ាន​សម្តែង​ឈុត​ផ្សេង​ៗ ហើយ​កន្លង​មក​នាង​ខ្ញុំ​ធ្លាប់​សម្តែង​ឈុត​សិច​ស៊ី​ច្រើន​ដែរ ទាំង​ថត​ចម្រៀង​ខារ៉ាអូខេ និង​ថត​ភាពយន្ត ប៉ុន្តែ​ដូច​ជា​មិន​មាន​ឈុត​ស្រាត​អី​លាយឡំ​សោះឡើយ​ក្រៅពី​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​តិចតួច ឬ​គល់ភ្លៅ ។ យ៉ាងណា​នាង​ខ្ញុំ​សុំ​សរសើរ​ដល់​មិត្ត​សិល្បការ​រិ​នីមួយ​ចំនួន​គាត់​ហ៊ាន​ថត​អាក្រាត​កាយ នេះ​បញ្ជាក់​ថា គាត់​ពិតជា​ស្រឡាញ់​សិល្បៈ​ណាស់ ហើយ​អ្នកមាន​បេះដូង​សិល្បៈ​ពិតប្រាកដ​គឺ​ពិត​ណាស់​សម្តែង​អ្វី​ក៏​គេ​ហ៊ាន​ដែរ នេះ​នាង​ខ្ញុំ​សុំ​សរសើរ ។ យ៉ាងណាមិញ ចំពោះ​នាង​ខ្ញុំ​ឈុត​សម្តែង​បើ​ត្រឹមតែ​បញ្ចេញ​សាច់​ខ្នង​ទាំងអស់​គឺ​ហ៊ាន តែ​លើស​នេះ​មិន​ហ៊ាន​ទេ ។

ប្រទេស​យើង​ខុស​ពី​ប្រទេស​ជិតខាង ដោយ​ប្រទេស​ជិតខាង​គឺ​នាង​ខ្ញុំ​ទទួលស្គាល់​ថា តារា​សម្តែង ល្បី​ៗ​របស់​គេ​ពិតជា​ហ៊ាន​ថត​ស្រាត​ទាំងប្រុស​ទាំងស្រី តែ​សម្រាប់​កម្ពុជា​យើង​មិន​ទាន់​ឈាន​ដល់​កម្រិត​នេះ​ឡើយ គឺ​មើលទៅ​នៅ​មិន​ហ៊ាន​នោះ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​នាង​ខ្ញុំ​ខ្លាច​ការ​រិះគន់ ទោះជា​យើង​ហ៊ាន តែ​សង្គម​យើង​គឺ​មិន​ទាន់​អាច​ឆ្លើយ​តប​រូបភាព​បែប​នេះ​ដែរ​» ។

ទាក់ទិន​នឹង​ការងារ​សិល្បៈ ដួង ម៉ា​និ​ច កំពុង​បង្ហាញ​ទេព​កោសល្យ​សម្តែង​ក្នុង​ខ្សែភាពយន្ត​បី​រឿង​សុទ្ធតែ​ជា​រឿង​ភាគ ។ រឿង​ទាំងនោះ​កំពុង​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន និង​រឿង​ខ្លះ​ត្រៀម​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។ ចំពោះ​តម្លៃ​ខ្លួ​នៃ​ការ​សម្តែង ម៉ា​និ​ច​ទទួល​បាន​ចាប់ពី​ជិត​២​ពាន់​ដុល្លារ​ឡើង​ទៅ ។

តារា​ស្រស់​សោភា ដួង ម៉ានិ​ច បញ្ជាក់​ថា នាង​ហែល​ឆ្លង​ការងារ​សិល្បៈ​ជិត​១០​ឆ្នាំ ទម្រាំ​បាន​ល្បីឈ្មោះ ដូច្នេះ​ហើយ​នាង​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​អាច​នាំ​ដល់​ការ​រិះគន់​ខ្លាំង​ពី​មហាជន ហើយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីព​ទេ ។ ម៉ា​និ​ច និយាយ​ថា «​ប្រសិនបើ​សង្គម​យើង​មិន​ប្រកាន់​ឈុត​បែប​នេះ គឺ​នាង​ខ្ញុំ​ក៏​អាច​ពិចារណា ប៉ុន្តែ​ទាល់តែ​មាន​បច្ចេកទេស​កាមេរ៉ា​ជួយ​កែសម្រួល​ឲ្យ​យើង​ខ្លះ​ក៏​ជា​ការ​ល្អ​» ៕