គ្រូឡាវថា ក្រុមទីម័រ និងប្រ៊ុយណេ មិនអាចរារាំងកម្ពុជា ក្នុងការឡើងទៅវគ្គបន្តបានទេ

លោក Veunsavanh Sivisay គ្រូបង្វឹកជម្រើសជាតិឡាវ បានលើកឡើងថា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងឈ្នះកៅអីតែមួយគត់ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដើម្បីឡើងទៅកាន់វគ្គបន្ត ព្រោះលោកបានមើលឃើញថា ក្រុមទីម័រ និងប្រ៊ុយណេ មិនអាចរារាំង ក្រុមកម្ពុជា បាននោះទេ។

mm1

លោក Veunsavanh Sivisay បាននិយាយបែបនេះ បន្ទាប់ពីក្រុមជម្រើសជាតិឡាវ បានចាញ់ក្រុមជម្រើសជាតិកម្ពុជា ២-១ ក្នុងការប្រកួតបើកឆាក នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ គឺមុនពេលក្រុមជម្រើសជាតិឡាវ បានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងលទ្ធផល ២-១ ដែរ។

mm2

លោក Veunsavanh Sivisay បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖«ការចាញ់ក្រុមកម្ពុជា ២-១ នៅថ្ងៃនេះ មិនមែនមកពីយើងចាញ់លើបច្ចេកទេសលេងនោះទេ គឺក្រុមទាំង២នេះ មានបច្ចេកទេស និងតាក់ទិចលេងប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យការប្រកួតរវាងក្រុមទាំង២មានភាពស្វិតស្វាញបំផុត ប៉ុន្តែយើងចាញ់កម្ពុជា ដោយសារកូនក្រុមរបស់ខ្ញុំប្រមូលអារម្មណ៍មិនសូវបានល្អ នៅក្នុងរយៈពេល១០នាទីចុងក្រោយ»។

mm3

នៅក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់បើកឆាកឲ្យកម្ពុជា តាមរយៈការស៊ុតបាល់ប៉េណាល់ទីបានសម្រេច នៅនាទីទី៤២ ខណៈលោកអាជ្ញាកណ្តាល បានពិន័យខ្សែការពាររបស់ក្រុមឡាវ ដែលបានបុក ប្រាក់ មុន្នីឧត្តម ឲ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់នោះ។ យ៉ាងណាក៏ដោយ ខ្សែការពារ Moukda Souksavath បានស៊ុតបាល់បញ្ចូលទីតាមស្មើក្រុមកម្ពុជា នៅនាទីទី៥១ ប៉ុន្តែខ្សែបម្រើប្រយុទ្ធ ឈិន ឈឿន បានរកឃើញគ្រាប់បាល់ជ័យជម្នះឲ្យកម្ពុជា នៅនាទីទី៨២។

mm5

លោក Veunsavanh Sivisay បានបញ្ជាក់ថា៖«សម្រាប់ការចាញ់របស់ក្រុមឡាវ នៅថ្ងៃនេះ នឹងធ្វើឲ្យក្រុមកម្ពុជា មានឱកាសខ្ពស់បំផុត ក្នុងការឈ្នះកៅអីទៅកាន់វគ្គបន្ត ព្រោះនៅក្នុងការប្រកួតនេះ មានតែក្រុមឡាវ និងកម្ពុជា នេះទេ ដែលមានសមត្ថភាពខ្ពស់ ចំណែកក្រុមទីម័រ និងក្រុមប្រ៊ុយណេ ខ្ញុំគិតថា នៅមានកម្រិតបច្ចេកទេសទាប់ គឺមិនអាចរារាំងក្រុមកម្ពុជា បាននោះឡើយ។
ចំណែកលោក Lee Tae Hoon គ្រូបង្វឹកក្រុមកម្ពុជា បាននិយាយថា៖«មូលដ្ឋាន និងបច្ចេកទេសលេងរបស់ក្រុមឡាវ ហាក់ល្អជាងក្រុមកម្ពុជា ដោយពួកគេបានព្យាយាមចាក់ទម្លុះតំបន់ការពាររបស់ក្រុមកម្ពុជា ប៉ុន្តែខ្ញុំសូមសរសើរដល់កូនក្រុមរបស់ខ្ញុំ ដោយបានប្រើអស់កម្លាំងកាយចិត្ត និងឆន្ទៈក្នុងការប្រកួត ដើម្បីទទួលបាន៣ពិន្ទុ នៅក្នុងការប្រកួតដ៏សំខាន់មួយនេះ ប៉ុន្តែយើងមិនបានគិតថា ការប្រកួតបន្ទាប់ទៀត យើងមានភាពងាយស្រួលនោះទេ»៕

mm4

mm6

The post គ្រូឡាវថា ក្រុមទីម័រ និងប្រ៊ុយណេ មិនអាចរារាំងកម្ពុជា ក្នុងការឡើងទៅវគ្គបន្តបានទេ appeared first on CamboSport.