ក្រុម ALLN ក្លាយជាម្ចាស់ជើងឯកបាល់បោះលីកកំពូលកម្ពុជា ឆ្នាំ២០១៦

ក្រុម​ ALLN Supermen បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​បោះលីកកំពូល​របស់​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦ (Cambodia Basketball League 2016) ដែល​ឧត្ថម្ភ​​ដោយ​ស្រាបៀរអង្គរ​ បន្ទាប់​ពី​ពួក​គេ​បាន​ផ្តួល​គូ​ប្រកួត​ដ៏​ខ្លាំង​គឺក្រុម Extra Joss Fighters ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ម្សិលមិញ។

nn1

សម្រាប់​ការ​ប្រកួត ដែល​មាន​ក្រុម​ចូល​រួម​ចំនួន១១ ហើយ​បាន​ចាប់​ដំណើរ​​ការ​ប្រកួត តាំង​ពី​ថ្ងៃទី​២ ខែកក្កដា មក​នោះ គឺ​​ក្រុម ALLN ធ្លាប់​បានចាញ់​ក្រុម Extra Joss ក្នុង​ការ​ប្រកួត​វិល​ជុំ​ដំបូង ម្តង​ហើយ ប៉ុន្តែ​សម្រាប់ការ​វិល​មក​ជួប​គ្នា ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃសៅរ៍​នោះ ​ក្រុម ALLN ដែល​មានសមាជិក​ភាគ​ច្រើន​ជា​កីឡាករ​បរទេស​នោះ បាន​យក​ឈ្នះ​ក្រុម Extra Joss ជាមួយ​ពិន្ទុ ៨០ ទល់​នឹង​៥៥ ដើម្បី​ក្លាយ​ជាម្ចាស់​ជើងឯក អម​ជាមួយ​ទឹក​​ប្រាក់​៣០០០​ដុល្លារ ឯ​ក្រុម Extra Joss ដែល​ទទួល​បាន​លេខ​២​នោះ ក៏​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​២០០០​ដុល្លារ​ផង​ដែរ។

nn2

កីឡាករ Kin Kenneth អ្នក​គ្រប់គ្រង​ក្រុម ALLN បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«ការចាញ់​ក្រុម Extra Joss ក្នុង​ការ​វគ្គ​វិល​ជុំ ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់បំផុត ដែល​ធ្វើ​ឲ្យ​ពួក​យើង​​ខំ​ប្រឹង​ហាត់​តាំង​ពី​ថ្ងៃ​នោះ​មក រហូត​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ជ័យ​ជម្នះនៅ​ថ្ងៃ​នេះ ដើម្បី​ក្លាយ​ជា​ម្ចាស់ជើង ក្នុងរដូវ​កាល​នេះ»។

nn3

ចំណែក​ក្រុម Bayon Airlines បាន​យក​ឈ្នះ​ក្រុម MSGM Beast ជាមួយពិន្ទុ ៦៨-៦៦ ដើម្បី​ទទួល​បានចំណាត់​ថ្នាក់​លេខ​៣ អម​ដោយ​ទឹក​ប្រាក់ចំនួន​១០០០​ដុល្លារ។ រីឯ​ការ​ប្រគល់​ពាន និង​បំពាក់​មេដាយ បាន​ធ្វើ​ឡើង​ក្រោម​អធិត​ភាព​លោក បូ ជុំសេរី អនុ​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក កៅ កាន់ណាលី អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា រួម​ជាមួយ​មន្រ្តីកីឡា​មួយចំនួន​ទៀត៕

nn4

nn5

nn6

The post ក្រុម ALLN ក្លាយជាម្ចាស់ជើងឯកបាល់បោះលីកកំពូលកម្ពុជា ឆ្នាំ២០១៦ appeared first on CamboSport.