ដោយ​បញ្ហា​ទឹកជំនន់ ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​រថយន្ត​ធំ​ៗ​ឆ្លងកាត់

ដោយ​បញ្ហា​ទឹកជំនន់ ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​រថយន្ត​ធំ​ៗ​ឆ្លងកាត់



កំពង់ស្ពឺ​: ដោយ​បញ្ហា​ទឹកជំនន់ ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​នៅ​រថយន្ត​ធំ​ៗ​ឆ្លងកាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ​។

បើ​យោង​តាម​កម្លាំង ដែល​បាន​ចុះ​ដល់​គោលដៅ​ទីតាំង​លិច​ទឹក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​តាម​បញ្ជា​លោក អភិបាលខេត្ត​កំពង់ស្ពឺ បាន​ផ្អាក​ចរាចរណ៍​នូវ​រថយន្ត​ធំ​ៗ មួយ​រយៈ​សិន ដោយ​ស្ថានភាព​ទឹកបាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​អូរ​វែង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ហើយ​ពេល​នេះ​កម្លាំង​អាវុធហត្ថ បាន​ដាក់​កម្លាំង ការពារ​សុ​វត្តិភាព ជូន​ម្ចាស់​រថយន្ត និង​ហាម​រថយន្ត​ធំ​ៗ​មិន​ឲ្យ​ឆ្លងកាត់​តទៅ​ទៀត និង​ត្រួតពិនិត្យ​ខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​កើតឡើង ម្យ៉ាង​ការពារ​បាក់​ខូចខាត​ផ្លូវជាតិ​ផង​ដែរ​។ 

ជាមួយ​គ្នា​នោះ ក្រសួង​ធនធានទឹក​និង​ឩ​តុ​និយម បាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​បាន​បន្ត​ធ្លាក់​ក្នុង​កំរិត​ពី ១០០-១១៧ មី​ល្លី​ម៉ែត្រ បាន​បង្ក​ឱ្យ​តំបន់​ជា​ច្រើន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ពិសេស​ភាគ​ត្បូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ ២០១៦ នេះ រង​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​៕