ពស់ថ្លាន់​1​ក្បាល​លាក់ខ្លួនក្នុង​ម៉ា​ស៊ីន​រថយន្ត​1​គ្រឿង តាម​មក​ចូល​ហាង​គោដុត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AK ០៤៨០ ចូល​ទៅ​ភោជនីយដ្ឋាន​គោដុត​៣១០ ខណៈ​ពេលចត​រថយន្ត​រួចរាល់​បម្រុង​ដើរ​ចូល​ទៅ​ក្នុង​ហាង ស្រាប់តែ​សន្តិសុខ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​លូន​ចេញពី​កាបូ​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៥ ខែតុលា តាម​ផ្លូវ​លេខ​៣១០ ភូមិ​២​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្ចាស់​រថយន្ត​ឲ្យ​ដឹង​ថា គាត់​បាន​បើករថយន្ត​ចេញពីផ្ទះ​នៅ​ម្ដុំ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក គោលបំណង​ទៅ​ហូប​គោដុត​នៅ​ភោជនីយដ្ឋានខាងលើ​នេះ ។ ខណៈ​មក​ដល់​មុខ​ហាង​បាន​ឈប់​រថយន្ត​បម្រុង​ចុះ​ដើរ​ចូល​ក្នុង​ហាង​ទៅ​ហើយ ស្រាប់តែ​សន្តិសុខ​ជា​អ្នកយាម​រថយន្ត ប្រចាំ​នៅ​ហាង​គោដុត​នេះ​បានឃើញ​ពស់ថ្លាន់​មួយ​ក្បាល​លូន​ចេញ​មក​ខាង​មុខ​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​នៅ​ក្នុង​ហាង​ចេញ​មក​ចោមរោម​មើល​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច ។

ស្ត្រី​ជា​ម្ចាស់​រថយន្ត​បន្ត​ថា គាត់​មិន​បានដឹង​ថា​ពស់ថ្លាន់​មួយ​ក្បាល​នេះ​មក​ពី​ទីណា​ទេ ព្រោះ​នៅ​ជិត​ផ្ទះ​របស់​គាត់​មិន​មានព្រៃ​ឡើយ​ជា​ផ្ទះល្វែង ហើយ​គាត់​ចត​រថយន្ត​នៅ​មុខ​ផ្ទះ​រួច​ក៏​បើក​ចេញ​ទៅ​ហាង​ហូប​អាហារ ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​លូន​ចេញ​មក ។ ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​2​ម៉ែត្រ ត្រ​លាក់ខ្លួន​ក្នុង​ម៉ាស៊ីនរថយន្ត​តាម​មក​ដល់​ហាង​គោដុត​ទើប​លូន​ចេញ ។

ពស់ថ្លាន់​មួយ​ក្បាល​ដែល​លាក់ខ្លួន​នៅ​ក្នុង​កាបូ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ប្រគល់​ជូន​ខាង​អភិរក្ស​សត្វ មក​ទទួលយក​ទៅ​ទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ។ ពស់ថ្លាន់​មួយ​ក្បាល​នេះ​មាន​ទម្ងន់​ជិត​១០​គីឡូក្រាម និង​ប្រវែង​ប្រមាណ​២​ម៉ែត្រ ៕