ពុទ្ធោ ! វាយ​ផុង​លលាដ៍ក្បាល​ហូរ​ឈាម​ពេញ​វាលស្រែ

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាតករ​វាយ​​ផុង​លលាដ៍ក្បាល​ហូរ​ឈាម​ពេញ​វាលស្រែ​ ខណៈ​ទៅ​រក​ត្រី​តែ​ម្នាក់ឯង​ពេល​យប់​ជ្រៅ លុះ​ជិត​ភ្លឺ​ទើប​មាន​អ្នកស្រុក​ប្រទះ​ឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅ​កណ្តាល​វាលស្រែ ក្នុងភូមិ​នឹង ឃុំ​ពោធិ៍​ទី ស្រុក​ស៊ី​ធរ​កណ្តាល ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហុង ផង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ តុលា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ដើរ​ឆ្លុះត្រី​នៅ​តាម​វាលស្រែ​ដូច​សព្វមួយដង ដោយ​ទៅ​តែ​ម្នាក់ឯង ដែល​តាម​ទម្លាប់​គឺ​ពេល​ទៀប​ភ្លឺ​នឹង​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​យប់​កើតហេតុ​បាត់​ជន​រង​គ្រោះ​មិនឃើញ​មក​ផ្ទះ​វិញ​សោះ ហើយ​អ្នក​ផ្ទះ​នឹក​ស្មានថា​ជន​រង​គ្រោះ​កំពុង​ជាប់ដៃ​រក​ត្រី​បាន​ច្រើន​រហូត​ហួសពេល ទើប​មិន​សង្ស័យ និង​តាម​ទៅ​រក ស្រាប់តែ​ព្រឹក​ឡើង​មាន​អ្នកស្រុក​មក​ប្រាប់​ថា ឃើញ​សព​ជន​រង​គ្រោះ​ត្រូវ​គេ​សម្លាប់​នៅ​កណ្តាល​វាលស្រែ​បាត់​ទៅ​ហើយ ទើប​នាំ​គ្នា​ឆោឡោ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ និង​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព ជន​រង​គ្រោះ​មាន​ស្នាម​ផុង​លលាដ៍ក្បាល​ហូរ​ឈាម​ពេញ​វាលស្រែ ទំនងជា​ឃាតករ​វាយ​នឹង​ខ្នងពូថៅ ប៉ុន្តែ​ពាក់​ព​ន្ធ័​នឹង​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ជា​រឿង​គំនុំ ឬ​រឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​ទើប​មក​ពី​រកស៊ី​នៅ​ឯ​ស្រែអំបិល ខេត្តកោះកុង ហើយ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នកស្រុក​ណា​ម្នាក់​នោះ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តទៅ​ទៀត ៕