អ្នកភូមិប្រទះឃើញ​សពក្នុង​ប្រឡាយ​ទឹក​មាន​សំរាម​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​

លោក ថេង កុសល មេប៉ុស្តិ៍ចោមចៅបាននិយាយថា សពស្អុយរលួយមួយត្រូវបានប្រទះឃើញនៅក្នុងប្រឡាយទឹកមានសំរាមច្រើនកាលពីព្រឹកថ្ងៃសុក្រក្នុងខណ្ឌពោធិ៍សែនជ័យក្នុងក្រុងភ្នំពេញ បន្ទាប់ពីអ្នកភូមិដែលបើកបរក្បែរនោះ បានធំុក្លិនស្អុយ។ លោកបាននិយាយថា អ្នកភូមិពីរនាក់បានប្រទះឃើញសពនោះផ្កាប់មុខ និងបានស្រង់ចេញពីទឹកនៅម៉ោងប្រហែល១០ព្រឹក ទើបឃើញថា នៅនឹងចង្កេះសពមានចងខ្សែសណ្ដូនជាមួយថ្មដ៏ធំមួយដំុ។ ទទួលបានព័ត៌មានពីអ្នកភូមិ នគរបាល និងពេទ្យតុលាការបានទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ ដែលបានឈានដល់ការសន្និដ្ឋានថា បុរសវ័យចំណាស់រូបនេះបានស្លាប់ដោយសាររបួសក្បាលដែលបង្កឡើងដោយវត្ថុទាលមួយ ហើយត្រូវបានគេបោះចូលក្នុងប្រឡាយទឹកពីរបីថ្ងៃមកហើយ។ លោក កុសល បាននិយាយថា “នៅពេលពេទ្យតុលាការពិនិត្យសពនេះ គាត់បានរកឃើញថា ក្បាលរបស់ជនរងគ្រោះប្រហែលត្រូវគេវាយនឹងដំបងធំមួយជាច្រើនកន្លែង”។ លោកបាននិយាយបន្ថែមថា នគរបាលបានបញ្ជូនសាកសពទៅតម្កល់នៅវត្តគោកចំបក់។ លោកមិនសូវរំពឹងអំពីការរកឃើញអត្តសញ្ញាណជនរងគ្រោះ ឬរកឃើញអ្នកដែលសម្លាប់ទេ។ លោកបាននិយាយថា “ពិបាកនឹងរកឃើញជនសង្ស័យ ពីព្រោះសពរបស់ជនរងគ្រោះស្អុយរលួយទៅហើយ”៕និត © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នកភូមិប្រទះឃើញ​សពក្នុង​ប្រឡាយ​ទឹក​មាន​សំរាម​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ appeared first on The Cambodia Daily.