ខណៈបុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ចាប់ផ្តើម មានការស្រងាកចិត្តកាន់តែខ្លាំង

ពិធីបុណ្យសព១០០ថ្ងៃជូនលោក កែម ឡី អ្នកវិភាគនយោបាយបានចាប់ផ្តើមនៅវត្តចាស់ក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ដោយអ្នកគាំទ្ររបស់លោកសោកស្តាយចំពោះការខ្វះព័ត៌មានជាបន្តអំពីការសើុបអង្កេតក្នុងរឿងឃាតកម្មនេះ ដោយបានអំពាវនាវឲ្យអាជ្ញាធរបញ្ចេញរូបភាពនៃការបាញ់សម្លាប់នោះ។ បន្ទាប់ពីការបដិសេធ១សប្តាហ៍ចំពោះសំណើរបស់មិត្តភក្តិ និងគ្រួសាររបស់លោក កែម ឡី មិនឲ្យធ្វើពិធីបុណ្យរយៈពេលបីថ្ងៃក្នុងរាជធានី រដ្ឋាភិបាលបានយល់ព្រមកាលពីថ្ងៃពុធ ដោយអនុញ្ញាតឲ្យធ្វើពិធីនេះនៅវត្តក្នុងខណ្ឌជ្រោយចង្វា។ ចាប់ផ្តើមនៅម៉ោងប្រហែល៨ព្រឹក មិត្តភក្តិ គ្រួសារ ព្រះសង្ឃ និងអ្នកគាំទ្រជាច្រើនរយនាក់បានធ្វើដំណើរចូលវត្តដើម្បីសម្តែងការគោរពរបស់ខ្លួន។ នៅម៉ោងប្រហែល១១ព្រឹករូបចម្លាក់ធ្វើពីស្ពាន់របស់អ្នកវិភាគរូបនេះមានទំហំប៉ុនមនុស្សពិត ដែលអាជ្ញាធរបានហាមមិនឲ្យដាក់តម្កល់នៅទីលានប្រជាធិបតេយ្យ ត្រូវបានដង្ហែចូលរោង ខណៈដែលព្រះសង្ឃសូត្រធម៌។ រូបចម្លាក់នេះនៅពេលនោះត្រូវបានបង្ហាញតាមរយៈវីដេអូខលទៅភរិយាមេម៉ាយដ៏មានទុក្ខក្រៀមក្រំរបស់លោក គឺអ្នកស្រី ប៊ូ រចនា ដែលបានសម្រាលបុត្រាទី៥ឈ្មោះ កែម ឡី វីរៈ កាលពីដើមខែនេះ។ អ្នកស្រី ប៊ូ រចនា  បាន ភៀសខ្លួន ចេញពីប្រទេសជាមួយនឹងកូនៗរបស់អ្នកស្រី កាលពីចុងខែសីហា  ដើម្បីស្វែងរកសិទ្ធិជ្រកកោន អចិន្ត្រៃយ៍ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ព្រះសង្ឃសកម្មជន ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានប្រកាសដល់អ្នកចូលរួមថា “សូមចងចាំថា លោកបណ្ឌិត កែម ឡី ញញឹមបើទោះជាគាត់ប្រឈមមុខនឹងសត្រូវក៏ដោយ ហើយយើងគួរចងចាំ និងបន្តដូចដែលគាត់បានធ្វើតទៅទៀត។រូបចម្លាក់ដាក់នៅកន្លែងណាក៏បានសំខាន់គឺឆន្ទៈរបស់យើងគោរពភាពទៀងត្រង់ និងវីរភាពរបស់គាត់”។ រូបថតនិងផ្ទាំងគំនូរលោក កែម ឡី ក្នុងនោះរួមមានទាំងផ្ទាំងគំនូរសពរបស់លោកសុទ្ធតែឈាមលើឥដ្ឋក្នុងហាងលក់ទំនិញនៅស្ថានីយប្រេងកាល់តិច កន្លែងដែលលោកត្រូវបានគេបាញ់សម្លាប់ផង ត្រូវបានដាក់តាំងបង្ហាញនៅខាងក្នុងរោងបុណ្យ។ នៅម៉ោងប្រហែល៧យប់ អ្នកគាំទ្ររាប់រយអ្នកជួបជុំគ្នានៅវត្តនោះដដែល ដោយមើលវីដេអូជាច្រើននៃការថ្លែងរបស់អ្នកវិភាគរូបនេះ។ លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅខាងក្នុងហាងនេះនៅកណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ជាអ្វីដែលមជ្ឈដ្ឋានជាច្រើនជឿថា ជាឃាតកម្មមានហេតុផលនយោបាយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងព្រោះបានហៅឃាតកម្មនេះថា ជាអំពើភេរវកម្មដោយរដ្ឋ។ បុរសម្នាក់ដែលបានប្រាប់ថា ខ្លួនឈ្មោះ “ជួប សម្លាប់” ត្រូវបានចាប់ខ្លួនភ្លាមៗ និងបានអះអាងថា គាត់បាន សម្លាប់លោក  កែម ឡី ព្រោះជំពាក់ប្រាក់៣.០០០ដុល្លារ  ក៏ប៉ុន្តែ គ្រួសាររបស់អ្នកទាំងពីរបាននិយាយថា ពួកគេមិនទាំងធ្លាប់បានស្គាល់គ្នាពីមុនមកផង។ បើទោះជាគ្រួសាររបស់គាត់បានប្រាប់ថា ជនសង្ស័យជាអតីតទាហានមានឈ្មោះ អឿត អាង ក៏ដោយ ក៏ក្រុមមន្ត្រីដែលសើុបអង្កេត និងមានភារៈក្នុងរឿងក្តីនេះបានបន្តប្រើឈ្មោះក្លែងរបស់គាត់។ ចាប់តាំងពីថ្ងៃសម្លាប់នោះមកសមត្ថកិច្ចសឹងតែមិនបានបញ្ចេញព័ត៌មានសោះទាក់ទិននឹងករណីនេះ និងបានបដិសេធមិនបញ្ចេញរូបភាពនៃការបាញ់សម្លាប់ពីកាមេរ៉ាសុវត្ថិភាព ធ្វើឲ្យរឹតតែមានការសង្ស័យថែមទៀតក្នុងចំណោមសាធារណជនអំពីដើមហេតុនៃឃាតកម្មនេះ។ ថ្លែងនៅឯពិធីបុណ្យនាពេលព្រឹកនោះ  លោក ហ៊ុយ លាង អ្នកភូមិម្នាក់មកពីខេត្តកណ្តាល បាននិយាយថា លោកមានសង្ឃឹមតិចតួចចំពោះការសើុបអង្កេតពេញលេញ។ លោក លាង បាននិយាយថា “វាជារឿងធម្មតាទេ។ នៅពេលរឿងក្តីពាក់ព័ន្ធនឹងនយោបាយ  វាមិនងាយចប់ទេ ហើយការពិតក៏មិនដែលរកឃើញដែរ។ សូមបង្ហាញវីដេអូនៃកន្លែងកើតហេតុនោះមក ដើម្បីឲ្យដឹងថា នរណាពាក់ព័ន្ធ នឹងអ្វីដែលបានកើតឡើង”។ លោក សៅ ណាយ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំង បាននិយាយថា លោកប្រាកដណាស់អំពីមូលហេតុដែលគេមិនឲ្យសាធារណជនដឹង ខណៈដែលធ្វើការកាន់ទុក្ខការបាត់បង់លោក កែម ឡី ។ លោកបានថ្លែងថា ” ការសើុបអង្កេតត្រូវការពេលយូរពីព្រោះវាមានហេតុផលនយោបាយ”។ ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះនឹងបញ្ចប់នៅថ្ងៃអាទិត្យ ដោយរូបចម្លាក់របស់លោក កែម ឡី ត្រូវគេដឹកតាមរថយន្តទៅជាយក្រុងភ្នំពេញ បន្ទាប់ពីអាជ្ញាធរបានហាមឃាត់ការដើរហែកាត់តាមទីក្រុង។បន្ទាប់មកអ្នកចូលរួមហែនឹងនាំយករូបចម្លាក់លោក កែម ឡី ទៅខេត្តតាកែវ ជាកន្លែងដែលគេបញ្ចុះសពលោក កែម ឡី នៅទីធ្លាខាងក្រោយផ្ទះម្តាយរបស់លោក៕និត © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed […]

The post ខណៈបុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ចាប់ផ្តើម មានការស្រងាកចិត្តកាន់តែខ្លាំង appeared first on The Cambodia Daily.