ជន​ភៀសខ្លួន​បីនាក់បន្ថែម​ទៀត​នៅ​ប្រទេសដែន​​​កោះ​​​ណូរូ ស្ម័គ្រ​ចិត្តមក​តាំង​​​លំនៅថ្មីក្នុង​​​ប្រទេស​​​កម្ពុជា​​

មន្ត្រីមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា ជិតមួយឆ្នាំបន្ទាប់ពីការមកដល់ជាលើកចុងក្រោយរបស់ជនភៀសខ្លួនម្នាក់ក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងកម្ពុជានិងអូស្ត្រាលីដើម្បីតាំងលំនៅថ្មីជូនអ្នកដែលកំពុងជាប់ឃុំនៅលើប្រទេសដែនកោះណូរូនោះ មានជនភៀសខ្លួនបីនាក់ផ្សេងទៀតបានស្ម័គ្រចិត្តធ្វើដំណើរមកប្រទេសកម្ពុជា។ ក្នុងចំណោមជនភៀសខ្លួន៥នាក់ដែលត្រូវបានផ្តល់លំនៅថ្មីនៅកម្ពុជា បន្ទាប់ពីត្រូវបានចាប់ខ្លួនពេលព្យាយាមចូលទឹកដីអូស្ត្រាលី នោះ នៅសល់តែម្នាក់ប៉ុណ្ណោះ ដោយ៤នាក់ ផ្សេងទៀតបានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសដែលពួកគេភៀសខ្លួនចេញនោះវិញ។ ជនភៀសខ្លួននៅសល់ម្នាក់នេះ ដែលជាបុរសរ៉ូហីុងយ៉ាមកពីប្រទេសភូមាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនានាអំពីទុក្ខវេទនារបស់ខ្លួននៅទីនេះ។ ទោះជាយ៉ាងណា ជនភៀសខ្លួនបីនាក់បន្ថែមទៀតដែលក្នុងនោះមានម្នាក់មកពីបាគីស្ថាន ម្នាក់មកពីអាហ្វហ្គានីស្ថាន និងម្នាក់ទៀតមកពីស្រីលង្កានោះបានប្រាប់ក្រុមមន្ត្រីកាលពីខែមុនថា ពួកគេបានត្រៀមខ្លួនចាកចេញពីប្រទេសដែនកោះណូរូដើម្បីមករស់នៅក្នុងប្រទេសកម្ពុជារួចហើយ នេះបើយោងតាមលោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៅក្រសួងមហាផ្ទៃ។ លោកបានមានប្រសាសន៍ថា “ក្រុមមន្ត្រីរបស់យើងបានទៅទីនោះ ហើយពួកគេបានសម្ភាសជាមួយមនុស្សបីនាក់ ហើយយើងបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនរបស់ពួកគេរួចហើយ។ ជនភៀសខ្លួនទាំងបីនាក់នេះបានប្រាប់ថា ពួកគេចង់មកកម្ពុជា ក្នុងពេលឆាប់ៗ ប៉ុន្តែរដ្ឋាភិបាលរបស់យើងនៅមិនទាន់សម្រេចថា តើពេលណានៅឡើយទេ”។ លោក តាន់ សុវិជ្ជា បានលើកឡើងថា ការរៀបចំដ៏ជាក់លាក់សម្រាប់ជនភៀសខ្លួនទាំងបីនាក់នេះចាំបាច់ត្រូវមានការយល់ព្រមពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានធ្វើដំណើរទៅប្រទេសក្រៅកាលពីសប្តាហ៍មុន។ លោកបានថ្លែងថា “យើងនឹងជម្រាបជូនភាគីអូស្ត្រាលីឲ្យរៀបចំសំបុត្រយន្តហោះសម្រាប់ពួកគេប្រសិនបើរដ្ឋាភិបាលយល់ព្រម”។ លោកបានបន្ថែមថា លោកមិនដឹងទេថា តើអ្នកជាប់ឃុំបន្ថែមទៀតនៅក្នុងប្រទេសដែនកោះណូរូ នឹងធ្វើតាមដែរ ឬយ៉ាងណានោះ។ តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលជួយនៅក្នុងការតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនមកកម្ពុជាមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ កិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ដែលចុះហត្ថលេខានៅក្នុងខែកញ្ញា ឆ្នាំ២០១៤ មានភាពចម្រូងចម្រាសខ្លាំងតាំងពីដើមទីមកម្លេ៉ះ ដោយអង្គការសិទ្ធិមនុស្ស និងអ្នកតស៊ូមតិដើម្បីជនភៀសខ្លួនបានរិះគន់រដ្ឋាភិបាលក្រុងកង់បេរ៉ាថា ព្យាយាមផ្ទេរជនភៀសខ្លួនទៅឲ្យប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្របំផុត និងពុករលួយបំផុតនៅអាស៊ី។អូស្ត្រាលីបានសន្យាផ្តល់ជំនួយក្នុងទឹកប្រាក់ប្រមាណ៥៥លានដុល្លារមកឲ្យកម្ពុជាជាថ្នូរវិញ។ ការពិនិត្យពិច័យលើគោលនយោបាយរបស់អូស្ត្រាលីក្នុងការឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងជំរំក្នុងសមុទ្រមានសភាពកាន់តែខ្លាំងដោយមានការបញ្ចេញ”ឯកសារណូរូ” កាលពីខែសីហា ជាបណ្តុំឯកសារដែលមានឯកសារចំនួន២.០០០បានបែកធ្លាយនូវសេចក្តីរាយការណ៍អំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងជំរំឃុំខ្លួននោះ។ យោងតាមកាសែត Guardian ដែលចេញផ្សាយ និងវិភាគលើឯកសារនេះទាំងនេះនោះ ឯកសារទាំងនេះ”បានបង្ហាញឲ្យឃើញពីការវាយដំ ការរំលោភបំពានផ្លូវភេទ ការព្យាយាមធ្វើទុក្ខទោសមកលើខ្លួនឯង ការរំលោភបំពានលើកុមារ និងលក្ខខណ្ឌនៃការរស់នៅដែលមិនធ្លាប់កើតមានពីមុនមកលើអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវរដ្ឋាភិបាលអូស្ត្រាលីចាប់ឃុំខ្លួន ដោយរៀបរាប់ពីភាពមិនប្រក្រតីនិងអំពើព្រៃផ្សៃដែលកើតឡើងជាប្រចាំ”។ គិតមកដល់ត្រឹមខែមិថុនា អូស្ត្រាលីបានឃុំខ្លួនមនុស្ស៤៤២នាក់ ក្នុងនោះមានបុរស៣៣៨នាក់ ស្ត្រី៥៥នាក់ និងកុមារ៤៩នាក់ នៅមណ្ឌលឃុំខ្លួនរបស់ខ្លួននៅលើប្រទេសដែនកោះណូរូ នេះបើយោងតាមកាសែត  Guardian ៕ស៊ុយឈាង […]

The post ជន​ភៀសខ្លួន​បីនាក់បន្ថែម​ទៀត​នៅ​ប្រទេសដែន​​​កោះ​​​ណូរូ ស្ម័គ្រ​ចិត្តមក​តាំង​​​លំនៅថ្មីក្នុង​​​ប្រទេស​​​កម្ពុជា​​ appeared first on The Cambodia Daily.