ខ្លាឃ្មុំ​ផេនដា ចំណាស់​បំផុត​លើ​ពិភពលោក ងាប់​នៅ​អាយុ ៣៨​ឆ្នាំ

សត្វ​ខ្លាឃ្មុំ​ផេនដា អាយុ ៣៨​ឆ្នាំ ចំណាស់​បំផុត​លើ​ពិភពលោក រស់​នៅ​ក្នុង​ឧទ្យាន «Ocean Park Hong Kong» ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ​ថា Jia Jia (ញី) បាន​ងាប់ នៅ​ក្នុង​ទីក្រុង​ហុងកុង បន្ទាប់​ពី​ស្ថានភាព​សុខភាព ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល ២​សប្តាហ៍។

 

ខ្លាឃ្មុំ​ផេនដា ចំណាស់​បំផុត​លើ​ពិភពលោក ងាប់​នៅ​អាយុ ៣៨​ឆ្នាំ

ខ្លាឃ្មុំផេនដា Jia Jia (រូបភាពផ្តល់សិទ្ធិដោយ៖ Reuters)

 

ខ្លាឃុំ​ផេនដា Jia Jia មួយ​ក្បាល​នេះ គឺ​ជា​អំណោយ ដែល​ត្រូវ​បាន​គេ​ជូន​ទៅ​ឲ្យ​ទីក្រុង​ហុងកុង នៅ​ក្នុង​ឆ្នាំ​១៩៩៩ ជា​មួយ​នឹង ខ្លាឃ្មុំ​ផេនដា ដទៃ​ទៀត ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២ នៃ​ការ​ប្រគល់​ទីក្រុង ពី​អតីត​មេដឹកនាំ​អាណានិគម​អង់គ្លេស។

 

គួរ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ Jia Jia មិន​សូវ​ស៊ី​អាហារ​ដូច​មុន​ឡើយ ពោល​គឺ​ពី ១០​គីឡូ មក​ត្រឹម តិច​ជាង ៣​គីឡូ​ក្នុង​មួយ​ថ្ងៃ ហើយ​ទម្ងន់​ជា​មធ្យម​របស់​វា ក៏​បាន​ធ្លាក់​ចុះ​ពី ៧១​គីឡូក្រាម មក​ត្រឹម ៦៧​គីឡូក្រាម​ផង​ដែរ។

 

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ របស់​ឧទ្យាន Ocean Park បាន​និយាយ​ថា «ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ វា​ដេក​ច្រើន ហើយ​មិន​សូវ​ស៊ី​អាហារ និង​ទឹក​ឡើយ»។

 

ខ្លាឃ្មុំ​ផេនដា ធ្លាប់​ជា​សត្វ​ដែល​ជិត​ផុត​ពូជ ដោយ​សារ​តែ​ជម្រក​ធម្មជាតិ​របស់​ពួក​វា​ភាគ​ច្រើន ត្រូវ​បាន​បំផ្លាញ​ដើម្បី​យក​ឈើ ធ្វើ​កសិកម្ម និង​សំណង់។ នេះ​បើ​យោង​តាម​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក «World Wildlife Fund»៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ reuters