ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ដោយសារគ្រូពេទ្យស្ទើរភ្លើង ហើយបញ្ចប់រឿងត្រឹមសំណង១៦ម៉ឺនបាត

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួន ក្រោយពីគ្រូពេទ្យស្ទើរភ្លើង បានចាក់ថ្នាំជាលើកទី២ជូននាងនោះ។ ក្រោយពេលកើតហេតុគ្រូពេទ្យស្ទើរភ្លើង បានយកលុយ១៦ម៉ឺនបាត ទៅទូទាត់គ្នាជាមួយគ្រួសារសពដើម្បីបញ្ចប់រឿង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចក្នុងភូមិឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈស្ត្រីរងគ្រោះ និងប្តីបានយកកូន ដែលមានអាយុ៤ខែ មកពីព្យាបាលនៅឯខេត្តសៀមរាប ហើយបានត្រឡប់មកផ្ទះវិញក្នុងភូមិឃុំខាងលើ រួចអស់កម្លាំងទើបហៅពេទ្យឲ្យមកចាក់ថ្នាំ ដូចហៅមកសម្លាប់អីចឹង។

Loading...

បងស្រីជនរងគ្រោះបានឲ្យដឹងថា គាត់មានឈ្មោះ ឡេត ម៉ៅ អាយុ៤២ឆ្នាំ ឯប្អូនស្រីដែលស្លាប់នោះ មានឈ្មោះ ឡេត សាមឿយ អាយុ២២ឆ្នាំ។ នាងមានប្តីឈ្មោះ ទីត ទឿយ មានមុខរបរជាកសិករ តែអ្នកទាំងពីរ រៀបការជាមួយគ្នាមានកូនមួយតែប៉ុណ្ណោះ។

បងស្រីជនរងគ្រោះបានបន្តទៀតថា នៅពេលកើតហេតុ ប្ដីនាងទៅវិញទេ ដែលមកពីសៀមរាប ជាមួយប្រពន្ធកូន ហើយមិនស្រួលខ្លួន ក៏ឲ្យបងស្រីទៅហៅពេទ្យមកចាក់ថ្នាំ ឯជនបង្កដែលជាពេទ្យ នោះ មានគ្លីនិករបស់ខ្លួន ឈ្មោះ មន្ទីរពេទ្យ សម្ភពមានសុខ ដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលើហើយគ្រូពេទ្យនោះមានឈ្មោះ ធឿម ធុង ភេទប្រុស។

គេបានបន្តទៀតថា នៅពេលពេទ្យមកដល់ផ្ទះរបស់គាត់ភ្លាម ជនរងគ្រោះបានសុំចាក់ថ្នាំឲ្យខ្លួនមុនគេ ដោយសារមានអាការៈ អស់កម្លាំងហេវហត់ខ្លាំងពេក ហើយចាំបន្តទៅចាក់ឲ្យប្តីរបស់នាងជាក្រោយ។ ពេលគ្រូពេទ្យចាក់ឲ្យនាងបានម្ដងរួចហើយ បែរជានាងមានអាការៈ ឈឺពោះ និងឈឺក្បាលកាន់តែធ្ងន់ទៅៗ។ ពេលចាក់រួច ពេទ្យក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ក្នុងចន្លោះម៉ោង១២និង១០នាទីក្នុងខែឆ្នាំដដែល។ លុះដល់ម៉ោង៥និង៤០នាទីល្ងាច ថ្ងៃដដែល ពេទ្យនោះ ក៏បានមកចាក់ឲ្យប្អូនស្រីរបស់គាត់ម្ដងទៀត។ ពេលចាក់មិនទាន់ចប់ផង ស្រាប់តែនាងបែកពពុះមាត់ដកចង្កាមាន់ដាច់ខ្យល់តែម្តង។

ក្រុមគ្រួសារដដែលនោះបានបញ្ជាក់ទៀតថា គាត់បានឃើញគ្រូពេទ្យនោះយកថ្នាំចេញពីកាបូប រួចចាក់ឲ្យប្អូនរបស់គាត់តែម្តង មិនដឹងថាថ្នាំនោះជាប្រភេទថ្នាំអ្វីឡើយ។ ក្រោយពេលធ្វើបុណ្យសពរួច គាត់បានទារជំងឺចិត្តចំនួន២០ម៉ឺនបាត ហើយខាងពេទ្យបានសម្របសម្រួលឲ្យត្រឹមតែ១៦ម៉ឺនបាត ប៉ុណ្ណោះ រួចរឿងនេះ ក៏ត្រូវបានបញ្ចប់នៅអធិការដ្ឋានស្រុកថ្មពួកតែម្តង។

លោកកែវ សុភត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រឿងនេះគឺលោកបានដឹងហើយ តែមិនទាន់មានរបាយការណ៍មកដល់ដៃលោកឡើយ។ ចំពោះបុគ្គល ដែលជាពេទ្យដើរចាក់ថ្នាំបង្កឲ្យមនុស្សស្លាប់នោះគឺលោកបានរៀបចំគណៈកម្មការសម្រាប់ចុះត្រួតពិនិត្យលើករណីនេះហើយ។

ទាក់ទិននឹងបញ្ហាខាងលើនោះ អ្នកភូមិជាច្រើនកំពុងរង់ចាំមើលថាតើ លោកប្រធានមន្ទីរ និងសមត្ថកិច្ច ហ៊ានចាត់ការទៅលើលោកពេទ្យស្ទើរភ្លើងនោះដែរ ឬអត់?៕

ប្រភព៖ kampucheathmey