​អ្នក​ទេសចរ​បរទេស​នៅ​ថៃ​គួរ​​ធ្វើ​អ្វី​ខ្លះ​ ក្រោយ​​ព្រះចៅ​ភូមិបុល​ចូលទិវង្គត ?

ខណៈពេលប្រទេសថៃកំពុងកាន់ទុក្ខ បន្ទាប់ពីមហាក្សត្រភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គត ប្រការខាងក្រោមខ្លះៗ ដែលអ្នកទេសចរបរទេសចាំបាច់ត្រូវដឹង។

រដ្ឋាភិបាលក្រុងបាងកក បានប្រកាសឲ្យប្រជាជនកាន់ទុក្ខរយៈពេលមួយឆ្នាំ ទង់ជាតិត្រូវបង្ហូតពាក់កណ្ដាលដងរយៈពេល ៣០ថ្ងៃ និងស្នើឲ្យគ្រប់គ្នាចៀសវាងមានព្រឹត្តិការណ៍សប្បាយៗ។

Loading...

តើភ្ញៀវបរទេសគួរស្លៀកពាក់អ្វី អំឡុងពេលប្រជាជនថៃកាន់ទុក្ខ?
អ្នកទេសចរទាំងឡាយ ត្រូវណែនាំឲ្យធ្វើអាកប្បកិរិយាសមរម្យ និងបង្ហាញការគោរពដល់ទំនៀមទម្លាប់ថៃ ដែលមានចែងក្នុងច្បាប់ជាតិ។

រដ្ឋាភិបាលថៃស្នើឲ្យពលរដ្ឋស្លៀកពាក់ខ្មៅបង្ហាញការកាន់ទុក្ខទូទាំងប្រទេស។ ឯស្ថានទូតអង់គ្លេសវិញបានណែនាំឲ្យពលរដ្ឋខ្លួន បើអាចស្លៀកពាក់ខោអាវឬពណ៌ស្រអាប់ និងមានសកម្មភាពបែបគោរពនៅទីសាធារណៈ តែតាមរមណីយដ្ឋានឆ្នេរសមុទ្រអាចស្លៀកឈុតងូតទឹកបានធម្មតា។

តើអ្នកទេសចរ អាចចេញទៅលេងកន្លែងណាខ្លះនៅទីក្រុង?
រាល់កន្លែងបម្រើសេវាកម្សាន្តទាំងអស់ត្រូវបិទទ្វាររយៈពេល ៣០ថ្ងៃ ឯហាងទំនិញលក់ដូរត្រូវរឹតបន្តឹង ហើយអ្នកទាំងនោះត្រូវមានកាយវិការសមរម្យ។

ចំណែកក្រសួងការបរទេសហូឡង់ បានក្រើនរម្លឹកអ្នកទេសចរខ្លួនដែលធ្វើដំណើរទៅថៃ ចៀសវាងការប្រកាស ឬពិភាក្សារិះគន់គ្រួសាររាជវង្ស ហើយពួកគេត្រូវដាក់លិខិតសម្គាល់ខ្លួនជាប់ជានិច្ច។

គួររំលឹកឡើងវិញថា ច្បាប់ការពារព្រះមហាក្សត្រ និងគ្រួសាររាជវង្សថៃ ស្ថិតក្នុងចំណោមច្បាប់តឹងរ៉ឹងបំផុតក្នុងលោក និងមានទោសធ្ងន់ធ្ងរបើប្រមាថ ឬគំរាមកំហែង៕

​អ្នក​ទេសចរ​បរទេស​នៅ​ថៃ​គួរ​​ធ្វើ​អ្វី​ខ្លះ​ ក្រោយ​​ព្រះចៅ​ភូមិបុល​ចូលទិវង្គត ?

ប្រភព៖ sabay