មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​ចំណាត់ការ​របស់​តុលាការ​ទៅលើ​ឈ្មួញ​យួន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ យាយ​ព្រឿង​

សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​សំណុំរឿង​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែលជា​ឈ្មួញ​ដ៏​ធំ​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ ចាត់វិធានការ​តាមច្បាប់​ចំពោះ​បទល្មើស​ដែល​ឈ្មួញ​យួន​រូបនេះ​បាន​ប្រព្រឹត្ត​។ សំណុំរឿង​របស់​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​ក្រោយពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​ឈ្មួញ​យួន​ម្នាក់នេះ នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ក្នុង​បទល្មើស​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​សង្ឃឹមថា តុលាការ​រាជធានី​ភ្នំពេញ អនុវត្តន៍​ត្រឹមត្រូវ​តាមច្បាប់​ទៅលើ​បទ​ល្មើ​ជាក់ស្ដែង​របស់​យាយ​ព្រឿង​។

សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា ពួកគេ​មិនសូវមាន​ទំនុកចិត្ត​ទៅលើ​ចំណាត់ការ​របស់​តុលាការ​រាជធានី​ភ្នំពេញ ក្នុងការ​ដាក់ទោស​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង​នោះទេ​។ ការដែល​សមត្ថកិច្ច​នៅ​ខេត្តស្ទឹងត្រែង បញ្ជូន​សំណុំរឿង​យាយ​ព្រឿង មក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ គឺអាច​ធ្វើ​ឲ្យ​ឈ្មួញ​យួន​រូបនេះ​រួច​ផុតពី​សំណាញ់​ច្បាប់ ប្រសិនបើ​តុលាការ​គ្មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ច្បាប់ ក៏ដូចជា​រង​ឥទ្ធិពល​ពី​មន្ត្រី​មានអំណាច​ដែលជា​ខ្នងបង្អែក​របស់​យាយ​ព្រឿង​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅលើ​ឈ្មួញ​យួន​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែល​កន្លងមក​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

​ប្រជាពលរដ្ឋ​ទូទៅ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​ឃាត់ខ្លួន​យាយ​ព្រឿង ក្នុង​បទល្មើស​ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ហើយ​បន្ទាប់មក​សំណុំ​រឿងនេះ​ត្រូវបាន​ផ្លាស់ប្ដូរ​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការបញ្ជូន​សំណុំរឿង​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង មក​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​។ សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ការផ្ដន្ទាទោស​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ព្រោះ​ឈ្មួញ​យួន​ម្នាក់នេះ​គឺជា​អ្នក​បំផ្លាញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ខេត្តស្ទឹងត្រែង ឲ្យ​រលត់រលាយ​ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន ជាពិសេស​ឃុបឃិត​ជាមួយ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​តែម្តង​៕

e2426b8d-dd91-4c53-8083-0455980fd709 317c94e8-8db5-4600-8381-67a323649497 srnews-post9