លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​

​ប្រភពពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ពិនិត្យឡើងវិញ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក ខៀវ សារឿន ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ខ្លះ​ផង​។ ដោយហេតុថា ចាប់តាំងពី​លោក ខៀវ សារឿន ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង រយៈពេល​ជាង​១​ឆ្នាំ​កន្លងទៅនេះ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ការដែល​លោក ខៀវ សារឿន បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្តស្វាយរៀង​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក ខៀវ សារឿន និង​បក្ខពួក​មួយ​ក្ដាប់​តូច​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​គយ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ខៀវ សារឿន ដែល​អាង​ខ្លួន​ជិត​ដល់​អាយុ​ចូលនិវត្តន៍​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តស្វាយរៀង ដែល​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់លោក ខៀវ សារឿន បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ទាំង​តូច​ទាំំ​ង​ធំ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្តស្វាយរៀង ត្រូវតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ខៀវ សារឿន ទើប​មុខរបរ​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងចំណោម​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញគេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​ឆ្លងកាត់​ខេត្តស្វាយរៀង​ដូចជា ចែ​ភី​ជាដើម ត្រូវតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ខៀវ សារឿន ទើប​អាច​នាំចូល​ទំនិញ​ទាំងនោះ​តាម​ច្រកទ្វារ​អន្តរជាតិ និង​ច្រករបៀង​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​គយ​។ លើស​នេះ​ទៅទៀត​ទំនិញគេចពន្ធ​ដូចជា ម៉ូតូ ប្រេងសាំង និង​គ្រឿង​ចាប់ហួយ​ជាច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​លុយ​ទាំងនោះ​ត្រូវ​ហូរ​ចូល​ហោប៉ៅ​លោក ខៀវ សារឿន យ៉ាង​សុខ​ស្រួល​ទៅវិញ​៕

photo_2015-05-18_11-07-15

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ