អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​បំផ្លាញ​រ៉ែ​មាស​ក្នុង​ខេត្តរតនគិរី គួរ​ប្រឈម​នឹង​វិធានការ​ច្បាប់​ផងដែរ​

ករណី​ជនជាតិ​យួន​ចូលមក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​នៃ​ខេត្តរតនគិរី បានកើត​ឡើងជា​បន្តបន្ទាប់​ដូចជា នៅ​ស្រុក​អូ​រយ៉ា​ដាវ និង​ស្រុក​កូន​មុំ​ជាដើម ហើយ​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ជាមួយ​សមត្ថ​កិច្ចការពា​រ​ព្រំដែន ទើប​ជនជាតិ​យួន​អាច​ឆ្លងដែន​ខុសច្បាប់​ចូលមកក្នុង​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ចុះទៅ​បង្ក្រាប​កន្លែង​ជនជាតិ​យួន​ចូលមក​ខួង​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​ភ្នំ​លាក់​កាំភ្លើង ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ហើយ​ឃាត់ខ្លួន​ជនជាតិ​យួន​៣​នាក់​ផងដែរ​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​សមត្ថកិច្ច​គ្រាន់តែ​ពិន័យ​ប្រាក់​ពី​ជនជាតិ​យួន ហើយ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​។

មន្ត្រី​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា គណៈកម្មការ​បង្ក្រាប​ទ​ប់​ស្កាត់​បទល្មើស​អាជីវ​កម្ម​រ៉ែ​នៃ​អាជ្ញាធរ​ខេត្តរតនគិរី បានសម្រេច​ពិន័យ​ជា​ប្រា​ក់លើ​ជនជាតិ​យួន​៣​នាក់​ដែល​ចូលមក​ខួង​រ៉ែ​មាស​នៅ​តំបន់ភ្នំ​លាក់​កាំភ្លើង ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ មន្ត្រីនគរបាល​ខេត្ត​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​នគរបាល​បាន​ដោះលែង​ជនជាតិ​យួន​ទាំង​៣​នាក់​នោះ​វិញ ដោយ​គ្រាន់តែ​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ ព្រោះ​មាន​ក្រុមហ៊ុន​យួន​ឈ្មោះ ថា​ន់​ង្វៀង ជា​អ្នកធានា​បង់ប្រាក់​ពិន័យ​សម្រាប់​ជនជាតិ​យួន​ទាំង​៣​នាក់​នោះ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា ការបង្ក្រាប​ករណី​ជនជាតិ​យួន​ចូលមក​រុករក​រ៉ែ​មាស​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​ក្នុង​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ធ្វើឡើង​តាមរបៀប​លេងសើច​សុទ្ធសាធ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅលើ​អ្នក​ដែល​បើកដៃ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​មក​រុករក​រ៉ែ​មាស​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​ជាការ​ព្រមាន​ផងដែរ​។ ប្រសិនបើ​ទុក​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះ គឺ​ជនជាតិ​យួន​នៅតែ​អាច​ចូលមក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់​ក្នុងស្រុក​អូ​រយ៉ា​ដាវ ស្រុក​កូន​មុំ និង​ស្រុក​លំផាត់ យ៉ាង​អនាធិបតេយ្យ​ដដែល ព្រោះ​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី តទៅទៀត​ទេ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​៕

0200a965-7470-4cc6-943c-d39a06ade06c 0d19b0a6-1cc8-46ae-8966-482ee4637655