ជំនន់​ទឹកភ្លៀង​វាយប្រហារ​កំណាត់​ផ្លូវជាតិ​លេខ​4

ខេត្ដកំពង់ស្ពឺ ៖ ពេល​នេះ​ជំនន់​ទឹកភ្លៀង​កំពុង​តែ​វាយលុក​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២ និង​៥៣ និង​៥​ឃុំ​ក្នុងស្រុក​សំរោង​ទង ។ លោក ស៊ឹ​ម រតនៈ អភិបាលស្រុក​សំរោង​ទង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​១៦ តុលា ថា ជំនន់​ទឹកភ្លៀង​ពេល​នេះ​បាន​ជន់​លិច​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​សំរោង​ទង មាន​ដូច​ជា ឃុំ​ធម្មតា​អរ ឃុំ​កា​ហែង ឃុំ​ស្គុះ ឃុំ​ក្រាំង​អំបិល និង​ឃុំ​រលាំងចក ។

លោក​អភិបាលស្រុក​បន្ត​ថា នេះ​គឺជា​ជំនន់​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ទើប​បង្ក​ឱ្យ​មាន​ទឹកជំនន់​កើតឡើង ។ ក្នុង​នោះ​អាជ្ញាធរ​បាន​ធ្វើការ​ជូនដំណឹង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ស្ទឹង និង​ទំនប់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ដល់​អាយុជីវិត​មនុស្ស សត្វ ចៀសវាង​ជួប​នូវ​ហេតុការណ៍​អាក្រក់​ចៃដន្យ​ណាមួយ​ដែល​បង្ក​ឡើង​ពី​ជំនន់​ទឹកភ្លៀង​នេះ ។

លោក ស៊ឹម រតនៈ បន្ត​ថា ពេល​នេះ​ទឹកជំនន់​ដែល​ជន់​លិច​ភូមិ​ក្រួស និង​ភូមិ​អូរ​វែង​កា​ហែង ស្រុក​សំរោង​ទង បាន​ស្រក​វិញ​ហើយ និង​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ ។ លោក ហុ​ក ម៉ារ​ឌី អភិបាលរង​ក្រុង​ច្បារមន ក៏​បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា នៅ​សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន​ជំនន់​ទឹកភ្លៀង​ក៏​បាន​ជន់​លិច​លើ​ផ្លូវ​ខាងត្បូង​សាលាខេត្ត​ផង​ដែរ ក្នុង​នោះ​លំនៅ​ឋាន​មួយ​ចំនួន​ក៏​រង​នូវ​ការ​ជន​លិច​ពេល​នេះ មេ​ភូមិ និង​សង្កាត់​កំពុង​តែ​ស្រង់​ស្ថិតិ​ដើម្បី​រាយការណ៍​ជូន​លោក​អភិបាលខេត្ត ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ពេល​នេះ​រូប​លោក​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ដ​ទាំងអស់ បាន​នឹង​កំពុង​ចុះ​ពិនិត្យ​តាម​គោលដៅ​មួយ​ចំនួន​ដែល​ទឹក​ជន់​លិច ។ ក្នុង​នេះ​ផង​ដែរ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ទូ​ទាំង​ខេត្ត ក៏​ត្រូវ​បាន​ស្នើ​ឱ្យមក​ជួយ​អន្តរាគមន៍​ផង​ដែរ ។ ដោយឡែក​ការ​ខូចខាត​ផលដំណាំ អាជ្ញាធរ​នៅ​មិន​ទាន់​ស្រង់​របាយការណ៍​បាន​នៅឡើយ​ទេ​ពេល​នេះ ។

លោក ញ៉ា​ញ់ ជៀប​ហ័​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បានឱ្យ​ដឹង​ថា ជំនន់​នេះ​គឺជា​ជំនន់​ទឹក​ភ្លឿ​ង​ដែល​បាន​ធ្លាក់​ចុះ​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃនេះ ។ លោក​ប្រធាន​បន្ត​ថា របាយ​ទឹកភ្លៀង​បាន​ធ្លាក់​ចុះ​មក​មាន​កម្រិត​១១៧​មី​ល្លី​ម៉ែត្រ ដែល​កម្រិត​នេះ​មាន​សន្ទុះ​ខ្លាំង​ជាង​ធម្មតា ។ ដោយសារ​តែ​បរិមាណ​ទឹកភ្លៀង​ច្រើន​លើស​ធម្មតា​នេះ​ហើយ​ទើប​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង ។ លោក​ប្រធាន​បន្ត​ថា ទឹកជំនន់​នេះ​បាន​បង្ក​ឱ្យ​បាក់​ខ្នង​ប្រឡាយ​ទំនប់​មេ​រលាំង​ជ្រៃ​ចំនួន​៣​កន្លែង​ផង​ដែរ ៕