មហា​អង្គ​កឋិន​ដង្ហែ​ទៅ​វត្ត​២៥​​ខេត្ត​-ក្រុង​ មិនធ្លាប់មាន

ខេត្ត​កណ្ដាល ​៖ មហា​អង្គ​កឋិន​​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ និង​បង្កើត​ឱ្យ​​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​ម្ចាស់​អង្គ​កឋិន​ បាន​ធ្វើ​រហូត​ដល់​​១២៣៤​ត្រៃ​យ៍ ហើយ​ប្រកាស​ដង្ហែ​ទៅ​កាន់​បណ្ដា​​វត្ត​នៅ​ទូ​ទាំង​២៥​​រាជធានី​-ខេត្តក្នុង​ប្រទេស​កម្ពុជា​ ដែល​អ្នក​ផ្តើម​ពិធី​បុណ្យ​កឋិន​ដ៏​ធំ​នេះ​ ត្រូវ​​​គេ​ស្គាល់​ថា ​គឺ​លោកស្រីឧកញ៉ា ​សៀង ចាន់​ហេង អគ្គ​នាយិការ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ។

កម្មវិធី​បុណ្យ​នេះ ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ភូមិ​គ្រឹះ​របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ​ក្នុងសង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្រោម​ព្រះ​វត្តមាន​សម្តេច​សង្ឃ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ជា​ច្រើន​រូប ​។

បើ​តាម​ប្រសាសន៍​​លោក​ឧទ្ទេ​សាចារ្យ​ ដិ​ប ​ឡា​វី ហៅ​អាចារ្យ​ម៉ា បាន​ឱ្យដឹង​ថា ​បុណ្យកឋិន គឺជា​ពិធីបុណ្យ​មួយ​ចាប់ផ្ដើម​ធ្វើ​ បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា បុណ្យកឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំ​មាន​​​វត្ដ​ណាមួយ ត្រូវ​បាន​ខកខាន​ឡើយ​។ ដូច្នេះ ​គេ​តែងតែ​ឃើញក្បួន​កឋិនទាន​ តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀង​ៗខ្លួន ​ចាប់ពី​ថ្ងៃ១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត កត្តិក ។​​

បើ​ទី​អារាម​ណាមួយ មិន​មាន​កឋិន​ណាមួយ​ហែ​ចូល​ទេ​ ទី​អារាម​នោះ​ ក៏​ត្រូវ​តែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ ។ ពិធី​ហែ​អង្គ​កឋិន​ទៅ​កាន់​ទី​អារាម​នី​​មួយ​ៗ គេ​​រៀបចំ​ធ្វើ​ឡើង​យ៉ាង​អធិក​​អធ័ម​ សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង អ្នក​ផ្ដើមបុណ្យ​បាន​រៀបចំ​បរិក្ខា​កឋិន​មាន​ត្រៃចីវរ ចីវរ សង្ឃា​ដិ ស្បង់ ព្រម​ដោយទេយ្យទានផ្សេង​ៗ​ទៀត ហែ​ទៅ​ទី​អារាម ដែល​បាន​កំណត់​ទុក​ ។

លោក​អាចារ្យ​បន្ត​ថា​ ចាប់តាំងពី​លោក​ធ្វើ​ជា​អាចារ្យ​មក នេះ​ជា​អង្គ​កឋិន​មិន​ធ្លាប់​មាន ដោយសារ​តែ​លោកស្រីឧកញ៉ា សៀង ចាន់​ហេង បាន​ចំណាយ​ថវិកា​ រហូត​ដល់​រាប់​សែន​ដុល្លារ ធ្វើ​មហា​អង្គ​កឋិន​ជា​ទ្រង់ទ្រាយ​ធំ​ ។ លោក​អាចារ្យ​ថា ត្រៃ​យ៍​ទាំង​១២៣៤ ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​មហា​អង្គ​កឋិន​​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​បណ្ដា​វត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស ដែល​ខេត្ត​ខ្លះ​អាច​បាន​៦០​
វត្ត​។

លោក​អាចារ្យ​បន្ត​ថា អង្គ​កឋិន ​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​បណ្ដា​ខេត្ត​នីមួយ​ៗ បន្ទាប់​ពី​ការ​ធ្វើបុណ្យ​នៅ​ក្រុង​តា​ខ្មៅ ត្រូវ​បាន​រួចរាល់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ តុលា​ នេះ​ អង្គ​កឋិនទាន​នឹង​ត្រូវ​រៀបចំ​ដង្ហែ​ទៅ​កាន់​វត្ត​ចន្ទ​មុនី​សីហៈ ស្ថិត​នៅ​ឃុំ​សំឡូត ស្រុក​សំឡូត​ ខេត្តបាត់
ដំបង​។

សម្តេចព្រះ​ឧត្តម​ បញ្ញា​ដួង ផង់​ សមាជិក​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ព្រែក​ប្រាំង​មាន​ថេរ​ដីកា​ថា ផល​បុណ្យ​របស់​អ្នក​ធ្វើ​កឋិន ទោះ​គ្រហស្ថ​ក្ដី បព្វជិត​ក្ដី ប្រកបដោយ​សទ្ធា ថ្លៃថ្លា​ទទួល​បាន​អា​និ​សង្ឃ​ច្រើន​ដែល​គឺ​ទទួល​បាន​នូវ រូប​សម្រស់​ស្អាត សម្បុរ​ស្អាត ម៉ដ្ឋខៃ មាន​ទ្រង់ទ្រាយ​.​កម្ពស់ រាងរៅ សមសួន ជាទី​ស្រឡាញ់​ចូល​ចិត្ត​របស់​អ្នកផង​ទាំងពួង​ងាយ​នឹង​សម្រេចមគ្គផល​និង​បាន​ជួប​ព្រះ​ប្រទះ​ធម៌ កើត​ក្នុង​ត្រូ​កូ​ល​ខ្ពង់ខ្ពស់​ក្នុង​អនាគតជាតិ​៕