បង្ក្រាប​គ្រឿងញៀន ១៤៤ ០០០ នៅ​ខេត្តព្រះវិហារ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពីបទ​ល្មើស​គ្រឿងញៀន​

បទល្មើស​គ្រឿងញៀន​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​បានក្លាយ​ទៅជា​វិបត្តិ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនទាន់​អាច​ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​ខេត្តព្រះវិហារ បង្ក្រាប​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ម្នា​ក់នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ចំនួន​២៤​ដុំ​ធំ​ស្មើនឹង ១៤៤ ០០០​គ្រាប់​។ ប្រសិនបើ​គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​ចែកចាយ​ដោយ​រលូន​នោះ គឺអាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ​ជាច្រើន​នាក់​ត្រូវ​រងគ្រោះ​ជាមិនខាន​។

​សមត្ថកិច្ច​ខេត្តព្រះវិហារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គង់ វិច អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​២៤​ដុំ​ធំ​ស្មើនឹង ១៤៤ ០០០​គ្រាប់​។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅពេល​សមត្ថកិច្ច​ខេត្តព្រះវិហារ ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​មូលដ្ឋាន​។ នៅក្រោយពេល​បង្ក្រាប​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​គ្រឿងញៀន​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់​។

​ករណី​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ខេត្តព្រះវិហារ កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការបំផ្លាញ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន​។ ដោយហេតុថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ខេត្តកណ្ដាល ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​ជាដើម រាលដាល​កាន់តែខ្លាំង​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​សមត្ថកិច្ច​ទូទាំងប្រទេស​នាពេល​កន្លងមក មិនទាន់មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ ព្រោះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​កន្លែង​កែប្រែ​និង​បន្សាប​គ្រឿងញៀន​ក៏ត្រូវ​បង្កើតឡើង​កាន់តែ​ច្រើន​ដែរ​៕

b-drug1-1-375x500 b-drug-500x372