តុលាការ​ខេត្តសៀមរាប ដោះលែង​មន្ត្រី​អាវុធហត្ថ​ដែល​កាង​ឈើ​គ្រញូង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ប្រភពពី​មន្ត្រី​តូចតាច​នៅក្នុង​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក សេង ប៊ុន​តេង មន្ត្រី​អាវុធហត្ថ​ពាក់​ស័ក្ដិ​៤​នៃ​ខេត្តកំពង់ធំ ដែលមាន​តួនាទី​ជា​ជំនួយការ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ធំ​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សំ ប៊ុន​ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ សេង ប៊ុន​តេង នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ស្ងាត់ៗ​កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ ក្រោមលេស​ដាក់​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង ហើយ​ថា​ចំណាត់ការ​របស់លោក​ចៅ​ក្រម​ស៊ើបសួរ សំ ប៊ុន​ពៅ មាន​ភាពមិនប្រក្រតី​។

​មន្ត្រី​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការសម្រេច​របស់លោក សំ ប៊ុន​ពៅ ក្នុងការ​ដោះលែង​លោក សេង ប៊ុន​តេង ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ធ្វើឡើង​ដោយ​ស្ងាត់ៗ​តាមរយៈ​ការឃុបឃិត​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផងដែរ​។ សូមបញ្ជាក់ថា មន្ត្រី​អាវុធហត្ថ​ពាក់​ស័ក្ដិ​៤ គឺ​លោក សេង ប៊ុន​តេង ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកាឃុំខ្លួន​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ ក្រោម​បទចោទប្រកាន់​ពីរ​ករណី គឺ​ទី​១-​រារាំង​កិច្ចការ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​មាត្រា​១០០ និង​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ទី​២-​សមគំណិត​ក្នុងការ​ដឹកជញ្ជូន​និង​ប្រមូល​ផល​អនុផល​ព្រៃឈើ​តាម​មាត្រា​៩៨​ខ័​ណ្ឌ​២​ចំណុច​៥ ស្ដីពី​ច្បាប់​ព្រៃឈើ និង​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ​។

​មន្ត្រី​អាវុធហត្ថ​គឺ​លោក សេង ប៊ុន​តេង ដែលជា​ជំនួយការ​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ត្រូវបាន​គេ​ដឹងថា ជា​អ្នកកាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្តសៀមរាប ចូល​ខេត្តកំពង់ធំ ហើយក៏​ជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ដោយ​ខ្លួនឯង​ផងដែរ​។ លោក សេង ប៊ុន​តេង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ឃាត់ខ្លួន​វាយខ្នោះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោយសារ​បុគ្គល​នេះ បើករថយន្ត​របស់ខ្លួន​កាង​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​។ ទោះជា​យ៉ាងណា​ឥឡូវនេះ​លោក សេង ប៊ុន​តេង ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដូច្នេះ​មិនយូរ​មិនឆាប់​លោក សេង ប៊ុន​តេង អាច​វិល​ទៅ​ប្រកបរ​បរដូច​មុន​ជាមិនខាន ព្រោះ​ងាយស្រួល​ក្នុងការ​រកលុយ​ដាក់​ហោប៉ៅ​៕

b-pm-sr2-1 b-pm-sr3-1-500x375 b-pm-sr1-1-500x341