ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដើម្បី​ជំរុញ​ទីផ្សារ​រូបិយ​វត្ថុ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​លើកកម្ពស់​ការ​គ្រប់គ្រង​សន្ទនីយ​ភាព តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម តាមដាន​និង​ព្យាករណ៍​សន្ទនីយ​ភាព និង​បន្ត​អភិវឌ្ឍ​មូល​ប​ត្រ​អាច​ជួញដូ​បាន Negotiable Certificate of Deposit (NCD) ។ ក្នុង​បរិការណ៍​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រតិបត្តិការ​ថ្មី​មួយ គឺ​ការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា Liquidity-Providing Collateralized Operation (LPCO) ដើម្បី​ផ្តល់​សន្ទនីយ​ភាព​ជា​ប្រាក់​រៀល​តាម​ការ​ចាំបាច់​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​ភាគី​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ដាក់​ចេញ​នូវ​ឧបករណ៍​ផ្តល់​សន្ទនីយ​ភាព​មានការ​ធានា​នេះ គឺ​ដើម្បី​ជំរុញ​ទីផ្សារ​រូបិយ​វត្ថុ ។ លោក​ជំទាវ​ពន្យល់​ថា ៖ « ឧបករណ៍​ថ្មី​នេះ​មាន​សារសំខាន់ ដែល​ប្រព័ន្ធ​ធនាគារ​ផ្តល់​សេវា​ទទួល​ប្រាក់ ដាក់​បញ្ញើ និង​ឱ្យ​គេ​ខ្ចី ។ អីចឹង​នៅ​ពេល​គាត់​ឱ្យ​គេ​ខ្ចី​ក្នុង​រយៈពេល​វែង អ្នក​ដាក់​ប្រាក់​បញ្ញើ​មាន​រយៈពេល​ខ្លី តែ​ប្រសិនបើ​គាត់​ឱ្យ​គេ​ខ្ចី​អស់ ស្រាប់តែ​អ្នក​ដែល​ដាក់​បញ្ញើ គេ​មក​សុំ​ដក​លុយ​វិញ គាត់​អត់​មាន​លុយ​ឱ្យ​គេ​នោះ អាច​កើតជា​វិបត្តិ ។ អីចឹង​ការ​គ្រប់គ្រង​សន្ទនីយ​ភាព មាន​ន័យ​ថា គ្រប់គ្រង​យ៉ាងម៉េច​ឱ្យ​មាន​លុយ​ល្មម​ថា គេ​មក​ដក​លុយ​ចំនួន​ប៉ុន្មាន​នៅ​តែ​អាច​ដក​បាន និង​មាន​លទ្ធភាព​អាច​ផ្តល់​ឱ្យ​គេ​ខ្ចី​រយៈពេល​វែង » ។

លោក​ជំទាវ​បន្ត​ថា ៖ « តាម​រយៈ​ឧបករណ៍​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​នេះ​សង្ឃឹមថា នឹង​អាច​ជះ​ឥទ្ធិពល​អត្រា​ការ​ប្រាក់​ទៅ​លើ​ការ​ឱ្យ​ខ្ចី​ជា​រូបិយ​វត្ថុ​ជាតិ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ហើយ​ការ​ឱ្យ​ខ្ចី​នេះ នៅ​ថ្ងៃ​ណាមួយ​ធនាគារជាតិ​នៃ​កម្ពុជា អាច​នឹង​រក​ឃើញ​នូវ​កម្រិត​អត្រា​ការ​ប្រាក់​ណាមួយ​ដែល​យើង​អាចយ​កមក​ប្រើ​ជា​អត្រា​ការ​ប្រាក់​គោលនយោបាយ​» ។

លោក​ជំទាវ​គូសបញ្ជាក់​ថា គោលបំណង​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​នូវ​ឧបករណ៍​សន្ទនីយ​ភាព គឺ ៖
១-​បង្កើត​អត្រា​ការ​ប្រាក់​គោល​សម្រាប់​ទីផ្សារ ដើម្បី​បម្រើ​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ ។
២-​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់ NCD ជា​ឧបករណ៍​ធានា​នៅ​ក្នុង​ទីផ្សារ​រូបិយ​វត្ថុ ឱ្យ​មាន​ប្រយោជន៍ និង​ចំ​គោលដៅ ។
៣-​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល ស្រប​ទៅ​នឹង​គោលនយោបាយ​លើកកម្ពស់​ប្រើប្រាស់​ប្រាក់​រៀល​របស់​រាជរដ្ឋាភិបាល ។
៤-​ជំរុញ​សន្ទនីយ​ភាព​ដែល​ជា​ប្រាក់​រៀល​ដើម្បី​គាំទ្រ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ជនបទ ក៏​ដូច​ជា​ក្នុង​វិស័យ​កសិកម្ម ។
៥-​រួមចំណែក​បន្ទាប​អត្រា​ការ​ប្រាក់​រៀល​ដែល​កំពុង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ។

គួរ​រំឭក​ថា ដើម្បី​ឱ្យ​កាន់តែ​ទទួល​បាន​នូវ​សារសំខាន់​ថ្មី​នេះ ធនាគារជាតិ​ក៏​បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​មក​ពី​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ស្តី​ពី​ការ​អនុវត្ត​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដែល​មានការ​ធានា (LPCO) ផង​ដែរ ៕