ថៃ​កាន់​ទុក្ខ រីឯ រាជ​ទាយាទ​ស្នើឲ្យ​ស្ងៀម​ស្ងាត់​

ថៃ​កាន់​ទុក្ខ រីឯ រាជ​ទាយាទ​ស្នើឲ្យ​ស្ងៀម​ស្ងាត់​
ព្រះឆាយាល័ក្ខណ៍មហាក្សត្រថៃ ព្រះចៅភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតពីរសៀលថ្ងៃ ព្រហស្បតិ៍ ត្រូវបានតម្កល់លើតុ ខណៈពលរដ្ឋថៃកំពុងបន្តកាន់ទុក្ខ ១០០ ថ្ងៃ។ AFP

ក្រុងបាងកក៖ អាវពណ៌ខ្មៅ ស រាប់ពាន់អាវ ត្រូវបានលក់ដាច់គ្មានសល់នៅក្នុងក្រុងបាងកក ពី ថ្ងៃអាទិត្យ ខណៈពលរដ្ឋថៃរាប់ពាន់នាក់ បានបន្តការកាន់ទុក្ខនៃការចូលទិវង្គតជាផ្លូវការ នៃព្រះមហាក្សត្រខ្លួនតាំងពីថ្ងៃសុក្រ បន្ទាប់ពីបានចូលទិវង្គតនៅមន្ទីរពេទ្យសេរីរាជ ពីថ្ងៃព្រហស្បតិ៍ ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ខណៈការសម្រេចព្រះទ័យពន្យារពេលស្នងរាជ្យរបស់រាជទាយាទ បានបង្កជាពាក្យចចាមអារ៉ាម និងភាពមិនប្រាកដប្រជានៅក្នុងប្រទេសដែលមានប្រវត្តិរដ្ឋប្រហារច្រើនមួយនេះ។

ការិយាល័យព្រះបរមរាជវាំងថៃ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកកាន់ទុក្ខ នឹងត្រូវបានអនុញ្ញាតឲ្យចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដិ ព្រះចៅភូមិបុល អាឌុលយ៉ាដេត ដោយចាប់ផ្តើមពីថ្ងៃសុក្រទី២៨ តុលា។ ពិធីបែបសាសនាទាំងឡាយកំពុងកើតមានរាល់ថ្ងៃនៅក្នុងប្រាសាទទេវាវិនិច្ឆ័យ Phiman Rattaya នៅឯវាំងធំ ជាទីដែលព្រះរាជសពកំពុងតម្កល់សម្រាប់រយៈពេល ១០០ ថ្ងៃ។

ថៃ​កាន់​ទុក្ខ រីឯ រាជ​ទាយាទ​ស្នើឲ្យ​ស្ងៀម​ស្ងាត់​
រាជទាយាទ មហា វ៉ាជិរ៉ាឡុងកន និង ព្រះនាងសុរិន្ទថន នាំក្បួនរាជសព។

រដ្ឋាភិបាល បានប្រកាសការកាន់ទុក្ខមួយឆ្នាំ និងបានស្នើឲ្យគ្រប់គ្នាស្លៀកពាក់ខ្មៅ ឬស និងត្រូវលុបចោលរាល់សកម្មភាពកម្សាន្តនៅទីសាធារណៈសម្រាប់រយៈពេល ៣០ ថ្ងៃដំបូង។ នៅថ្ងៃទី ២៨ តុលា សាធារណជន នឹងត្រូវអនុញ្ញាតឲ្យសម្តែងការគោរពរបស់ពួកគេពីម៉ោង ១ រសៀលដល់ម៉ោង៤ រសៀល។ជារៀងរាល់ថ្ងៃ បន្ទាប់ពីនោះមកម៉ោងមើលមុខ នឹងចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ រសៀល។

ការប្រកាសនេះ កើតមានឡើង ខណៈហ្វូងមនុស្សដែលសោកសង្រេងដ៏ច្រើនមកពីទូទាំងប្រទេស សម្រុកមកកាន់រាជវាំងធំដើម្បីសម្តែងការគោរពរបស់ពួកគេ។ ការិយាល័យរាជវាំង បាននិយាយថា រាជវាំងធំ នឹងត្រូវបិទ ទ្វារមិនទទួលភ្ញៀវទេសចរ ៧ ថ្ងៃ។ ទោះជាយ៉ាងណា គេបានបើកព្រះពន្លា Sala Sahathai Samakhom នៅខាងក្នុងបរិវេណ ជាទីដែលប្រជាជនអាចចុះហត្ថលេខាលើសៀវភៅសម្តែងសមានទុក្ខរហូតដល់ថ្ងៃព្រហស្បតិ៍។

ក្រុមមន្ត្រីការិយាល័យព្រះរាជវាំង បានស្នើឲ្យអ្នកកាន់ទុក្ខដែលស្លៀកពាក់ខ្មៅតម្រង់ជា ៤ ជួរដើម្បី ចូលតាមច្រក Wiset Chaisri លោកផ្លូវ Na Phra That មុនពេលច្រកនោះ ត្រូវបានបើក។

តំបន់ជាច្រើនជុំវិញព្រះរាជវាំងធំ មានមនុស្សកុះករ ដោយប្រជាជនកំពុងរៀបជាជួរដ៏វែងពី ច្រក Wiset Chaisri ទៅដល់ស្ពាន Pin Klao។ មនុស្សជា ច្រើន ត្រូវបានឃើញកាន់ព្រះ ឆាយាល័ក្ខណ៍របស់មហាក្សត្រអង្គនោះ។ មនុស្សជាច្រើននៅតែ បន្ត មកដល់ ខណៈពេលវេលាកាន់តែជ្រៀលជ្រេ។

ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានចែកចាយទឹកផឹក និងអាហារ សម្រាប់អ្នកដែលកំពុងរង់ចាំចូល។ ក្រុមមន្ត្រី ទាហាន និងប៉ូលិស ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិភាព និងរបៀបរៀបរយ។

ព្រះរាជទាយាទថៃអំពាវនាវឲ្យ ស្ងៀមស្ងាត់ជុំវិញការស្នងរាជ្យមេដឹកនាំរបបយោធាថៃ បាន និយាយកាលពីថ្ងៃសៅរ៍ថា ព្រះរាជបុត្រដែលនឹងឡើងគ្រងរាជ្យ របស់ថៃ បានជំរុញឲ្យពលរដ្ឋថៃកុំ «បារម្ភ» អំពី ការសម្រេចព្រះទ័យដ៏ភ្ញាក់ផ្អើលរបស់ព្រះអង្គ ក្នុង ការពន្យារពេលមិនទាន់ប្រកាសជា មហាក្សត្រ ក្រោយពីការចូលទិវង្គត នៃព្រះបិតាជាទីស្រឡាញ់របស់ទ្រង់។

ថៃ​កាន់​ទុក្ខ រីឯ រាជ​ទាយាទ​ស្នើឲ្យ​ស្ងៀម​ស្ងាត់​
អ្នកគាំទ្រថៃ ឱបព្រះឆាយាល័ក្ខណ៍សោកសង្រេងសោកស្តាយនៅឯមន្ទីរពេទ្យ។ AFP

ទង្វើ ដែលបាននាំទៅដល់ការតែងតាំងរាជនុសិទ្ធិមួយរូបនេះ បានបង្កឲ្យមានពាក្យចចាមអារ៉ាម និងភាពមិនប្រាកដប្រជា នៅក្នុងប្រទេសមួយដែលប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន គឺសម្បូរទៅដោយរដ្ឋប្រហារ ល្បិចនយោបាយ និងការតវ៉ាតាមដងផ្លូវ។

ព្រះអង្គរាជទាយាទ មហា វ៉ាជី រ៉ាឡុងកន ព្រះជន្ម ៦៤ ព្រះវស្សា គឺជាអ្នកស្នងរាជ្យដែលបានតែងតាំងរបស់ព្រះមហាក្សត្រ ប៉ុន្តែបាន ស្នើសុំការពន្យារពេលមិនទាន់ទទួលយករាជបល្ល័ង្កជាផ្លូវ ការទេ ខណៈព្រះអង្គកាន់ទុក្ខជាមួយប្រជារាស្ត្រថៃ។

ជំនួសវិញ អតីតឧត្តមសេនីយ៍ព្រេម ទីនស៊ូឡាណុន ( Prem Tinsulanonda) វ័យ ៩០ ឆ្នាំ ដែលដឹកនាំក្រុមទីប្រឹក្សា ព្រះមហាក្សត្រ ត្រូវបានប្រកាសជារាជនុសិទ្ធិ។ កាលពីថ្ងៃសៅរ៍ មេដឹកនាំរបបយោធា លោក ប្រាយុធ ចានអូចា បាននិយាយថា រាជទាយាទបានកោះហៅលោក និងលោកព្រេមពីក្បាលព្រលប់ដើម្បីកាត់បន្ថយភាពទោមនស្សជុំវិញការពន្យារពេលក្នុងការទទួលយក រាជបល្ល័ង្កនោះ។

ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោកប្រាយុធបាន និយាយថា៖ «ព្រះអង្គបានស្នើឲ្យប្រជាជនកុំយល់ច្រឡំ ឬបារម្ភអំពី រាជការរបស់ប្រទេស ឬការស្នងរាជ្យ។ ព្រះអង្គ បានមានបន្ទូលថា ពេលនេះ គ្រប់ៗគ្នាកំពុងក្រៀមក្រំ ក្នុងនោះមានទាំងទ្រង់ផ្ទាល់ផងដែរ ដូច្នេះគ្រប់ភាគី គួរតែរង់ចាំ.មុនពេលធ្វើការផ្លាស់ប្តូរ ភ្លាមៗណាមួយ»។

ខណៈការឡើងគ្រងរាជ្យ មិនត្រូវបានរំពឹងថា នឹងកើតមានរហូតដល់រយៈពេលធ្វើបុណ្យសពលោក ប្រាយុធ ពុំបានបញ្ជាក់ថា តើព្រះបុត្រា វ៉ាជីរ៉ាឡុងកន នឹងទទួលយករាជ្យបល្ល័ង្កជាផ្លូវការនៅមុនពេលនោះទេ។ រាជនុសិទ្ធិ ព្រេម គឺរហ័សរហួនគួរឲ្យកត់សម្គាល់ ថ្វីបើវ័យចាស់ និងនៅតែជាប្រតិបត្តិការនយោបាយដ៏ជំនាញម្នាក់៕

ប្រភព៖ postkhmer

Loading...

  • ថៃ​កាន់​ទុក្ខ រីឯ រាជ​ទាយាទ​ស្នើឲ្យ​ស្ងៀម​ស្ងាត់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: