ល្បែងស៊ីសង​និង​គ្រឿងញៀន​ក្នុង​ខណ្ឌមានជ័យ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌមានជ័យ​ដូចជា សង្កាត់​ស្ទឹងមានជ័យ សង្កាត់​ចាក់អង្រែលើ សង្កាត់​ចាក់អង្រែ​ក្រោម និង​សង្កាត់​បឹងទំពុន​ជាដើម បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​និង​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា អភិបាលខណ្ឌ​មានជ័យ ក៏ដូចជា​អធិការនគរបាល​ខណ្ឌ​មានជ័យ មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​សង្ស័យថា ទាល់តែ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ទើប​បុគ្គល​មួយចំនួន​អាច​បើក​ល្បែងស៊ីសង​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការបង្ក្រាប​។

​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​៤​ខាងលើ​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បច្ចុប្បន្ន​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​រាលដាល​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ ចោរ​គាស់​ផ្ទះ បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម កើតឡើង​ឥតឈប់ឈរ​ហើយ​សមត្ថ​កិច្ច​មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។ លើស​នេះ​ទៅទៀត​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ និង​សង្កាត់​បឹងទំពុន​ជាដើម ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដូចជា កន្ទុយលេខ បៀ​អាប៉ោង ភ្នាល់​បាល់ និង​ល្បែងភ្នាល់​តាម​អន​ឡាញ រាលដាល​កាន់តែខ្លាំង​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​នោះ​ហើយ ទើប​បច្ចុប្បន្ន​អំពើចោរកម្ម លួច​ឆក់​ប្លន់ ចោរ​គាស់​ផ្ទះ​កើតឡើង​កាន់តែច្រើន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចាក់អង្រែលើ សង្កាត់​ចាក់អង្រែ​ក្រោម សង្កាត់​ស្ទឹងមានជ័យ និង​សង្កាត់​បឹងទំពុន បាន​អះអាងថា អាជ្ញាធរ​សង្កាត់ ក៏ដូចជា​នគរបាល​ស​ង្កា​ត់​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ទើប​ពួកគាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អស​និ្ត​សុខ សុវត្ថិភាព​ផ្ទាល់ខ្លួន ជាពិសេស​គឺ​ករណី​ប្លន់​ប្រដាប់អាវុធ​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​ខណ្ឌមានជ័យ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

20160331015935

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ

14697082_1776652212573341_123550441_o 14678032_1776652205906675_1315687898_o 14646696_1776652195906676_1565817401_o