ស្លាប់​មនុស្ស​៣​នាក់ ដោយ​បាក់​រលំ​ថ្មភ្នំ សង្កត់​អេ​ស្កា​វ៉ា​ទ័​រ

ស្លាប់​មនុស្ស​៣​នាក់ ដោយ​បាក់​រលំ​ថ្មភ្នំ សង្កត់​អេ​ស្កា​វ៉ា​ទ័​រ



បន្ទាយ​មាន​ជ័យ​: កម្មករ និង​អ្នកកាន់ការ ៣ នាក់​បាន​ស្លាប់ និង​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង បាន​ត្រូវ​ថ្មភ្នំ រលំ​បាក់​ទាំង​ផ្ទាំង​ៗ គ្រប​សង្កត់ពីលើ​។ ហេតុការណ៍​នេះ បាន​កើតឡើង នៅ​ការដ្ឋាន​កិន​ផលិត​ថ្មភ្នំ​ធំ ក្នុងភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ 

មន្ត្រី​នគរបាល​ឃុំ​អូរ​ប្រាសាទ និង​ក្រុម​គ្រួសារ ប្រាប់​សារព័ត៌មាន​ថា​: ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​ស្លាប់​នោះ រួម​មាន ១-​ឈ្មោះ ហែម គឹ​ម​ឡេ​ង ហៅ ឡុំ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ជា​ឪពុក ជា​មេការ​ការដ្ឋាន​ផលិត​ថ្ម​។ ២.​ឈ្មោះ​លឹ​ម គឹ​ម​ឡុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន អ្នក​បើក​អេ​ស្ការ​វ៉ា​ទ័​រ និង​៣. ឈ្មោះ​ថង សេដ្ឋា ហៅ សាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ អេ​ស្ការ​វ៉ា​ទ័​រ មួយ​គ្រឿង​ទៀត​។ អ្នក​ទាំង​៣ មាន​ទីលំនៅ ជាប់​ការដ្ឋាន ក្នុងភូមិ​កើតហេតុ​ខាងលើ​។

កម្មករ​ផ្សេង​ទៀត សាក្សី និង​លោក​លឺ​ម សេង ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ បាន​និយាយ​ថា​: មុន​គ្រោះថ្នាក់​នេះ មាន​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង បាន​កាយ​ថ្ម ដូច​សព្វមួយដង​។ ក្នុង​នោះ ១ គ្រឿង កាយ​ខាង​ចង្កេះភ្នំ និង​មួយទៀត កាយ​កៀក​កំពូលភ្នំ​។ តែ​មាន​បច្ច័យ​អាក្រក់​មួយ កើតឡើង គឺ​ថ្មភ្នំ​ធំ​ៗ ទាំង​ផ្ទាំង​ៗ នៅ​ត្រង់​កំពូល ដែល​ជា​ចំណុច​-​ស ខ័​ណ្ឌ​ចែក​រវាង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ ៣ របស់​លោក លឺ​ម សេង និង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ របស់​លោក កូ ណៃ ដែល​ប្រេះស្រាំ​ផង និង​ត្រូវ​ទឺ​ក​ភ្លៀង​ផង បាន​បាក់​រលំ​ចុះ​មក ដោយ​ចៃដន្យ​។

ប្រភព បាន​បន្ត​ថា ភ្លាម​ៗ​នោះ ការ​រញ្ជួយ​កក្រើក​ខ្លាំង បាន​បង្ករ​លំបាក់​ផ្ទាំង​ថ្ម កំពូលភ្នំ​នោះ នៅ​ផ្នែក​ខាងលិច ជា​ច្រើន​ផ្ទាំង​ទៀត​។ ផ្ទាំង​ថ្ម​ធំ​តូច បាន​សង្កត់​គ្រប​ជិត​ពីលើ អេ​ស្ការ​វ៉ា​ទ័​រទាំង ២ គ្រឿង បង្ក​អោយ​មនុស្ស​ទាំង ៣ នាក់ ស្លាប់​។ ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះ បាន​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ ៤ គ្រឿង ផ្សេង​ទៀត និង​មនុស្ស​ជា​ច្រើន​នាក់ ចំណាយពេល​ជា​ច្រើន​ម៉ោង ដើម្បី​កាយ​យក​សាកសព និង​យក​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង​។

មនុស្ស​ម្នា​រាប់រយ​នាក់ បាន​នាំ​គ្នា​ទៅ​មើល ទិដ្ឋភាព​គ្រោះថ្នាក់​នោះ ហើយ​សង្ស័យ​ថា នៅ​មាន​មនុស្ស​រង​គ្រោះ​ខ្លះ​ទៀត បាន​កប់​ក្នុង​គំនរ​ផ្ទាំង​ថ្ម​។ ប៉ុន្តែ​អ្នក​ភូមិ កម្មករ ម្ចាស់​ការដ្ឋាន និង​សមត្ថកិច្ច បាន​និយាយ​ថា​: គេ​បន្ត​កំពុង​ឆែកឆេរ សមាជិកគ្រួសារ​តាម​ផ្ទះ ក្នុងភូមិ​ជិតខាង ថា​តើ​បាត់​សមាជិក​ដែរ ឬ​អត់?៕