ដុត​ធូប​សែន​ថ្ងៃសីល ធ្វេសប្រហែស បង្ក​ជា​អគ្គិភ័យ ឆេះ​ផ្ទះ​២​ខ្នង

ដុត​ធូប​សែន​ថ្ងៃសីល ធ្វេសប្រហែស បង្ក​ជា​អគ្គិភ័យ ឆេះ​ផ្ទះ​២​ខ្នង



កំពង់ធំ​: ផ្ទះ​ឈើ​២​ខ្នង ត្រូវ​បាន​អណ្តាតភ្លើង លេប​ត្របាក់​ស្ទើរតែ​ទាំងស្រុង និង​ខូចខាត ទ្រព្យសម្បត្តិ មួយ​ចំនួន​ធំ ដោយសារ​តែ ការ​ធ្វេសប្រហែស ពី​ម្ចាស់ផ្ទះ ដែល​បាន​អុជ​ធូប​សែន ធ្លាក់​កំទេច​ធូប បង្ក​ជា​អគ្គិភ័យ តែ​សំណាងល្អ ពុំ​មាន​មនុស្ស​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស​។

ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ១២ និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ច្រាំង​សរ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

តាម​ប្រភព​ព័ត៌មាន​ពី សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​២​ខ្នង សង់​ជញ្ជាំង​ទល់​គ្នា ប្រក់​ក្បឿង ទំហំ​១២​ម៉ែត្រ គុណ ៧​ម៉ែត្រ ត្រូវ​បាន​ឆេះ ស្ទើរ​ទាំងស្រុង ដែល​ទំហំ​នៃ​ការ​ខូចខាត ប្រមាណ​ជា ៩០ ភាគរយ ហើយ​ចំពោះ សម្ភារៈ​ខូចខាត រួម​មាន​៖ លុយ​ខ្មែរ ៣.០៨០.០០០ រៀល លុយ​ថៃ ៣.០០០ បាត ខ្សែ​ក​ប្លា​ទី​ន ១​ខ្សែ ទំងន់​៥​ជី ខ្សែដៃ​ប្លា​ទី​ន ១​ខ្សែ ទំងន់​៥​ជី ចិញ្ចៀន​ប្លា​ទី​ន ២​វង់ ទំងន់​២​ជី ម៉ូតូ​ហុងដា​វ៉េវ ពណ៌​ខ្មៅ​១​គ្រឿង ស្រូវ​២​បេ ស្មើ​១០០​គីឡូក្រាម អង្ករ​១​បេ​ស្មើ ៥០ គីឡូក្រាម ឝ្រែ​ដេក​១ ទូ​ដាក់​ខោអាវ​១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​មាន​ម្ចាស់​ឈ្មោៈ សៀ​ក សៀន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។

ប្រភព​ពី​លោក ឃុន ភារៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ បាន​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ របស់​នគរបាល​ស្រុក​ស្ទោង ជួយ​អន្ដរាគមន៍ ពន្លត់​អស់​ទឹក​ចំនួន ២ រថយន្ត និង​ប្រើប្រាស់​កម្លាំង​សរុប ១០ នាក់ រួម​ជាមួយ​នគរបាល​ស្រុក និង​អាវុធហត្ថ​ស្រុក​ដ​ដៃ​ទៀត​។ តាម​សម្ដី សមត្ថកិច្ច​ប្រាប់​ថា មូលហេតុ​បណ្តាល មក​ពី​ភ្លើង​ធូប​៕