ព្រៃផ្សៃ​ណាស់ ! ព្រោះតែ​ក្រវិល​កាឡៃ​១​គូ

ខេត្ត​កែប ៖ ក្មេង​ស្រី​ម្នាក់​បាន​បាត់​តាំងពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការ​ម្រេច ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ទោះបី​ឪពុក​ម្តាយ និង​សមត្ថកិច្ច​ប្រឹងរក​យ៉ាងណា​ក៏​គ្មាន​តម្រុយ​សោះ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ អែម លី​ហ្សា អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ អែម វិចិត្រ អាយុ​៣៣​ឆ្នាំ ម្តាយ​ឈ្មោះ ទ្រី ចិន អាយុ​៣៣​ឆ្នាំ​ដូច​គ្នា មានកូន​៣​នាក់​ស្រី​២​នាក់ ប្រុស​១​នាក់ ក្មេង​ស្រី​រង​គ្រោះជា​កូន​ទី​៣​នៅ​ក្នុង​បន្ទុកគ្រួសារ​នេះ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​តាម​ឪពុក​ដែល​ទៅ​ស៊ីឈ្នួល​បេះ​ផ្លែ​ម្រេច​នៅ​ចម្ការ​ក្បែរ​ជើងភ្នំ បន្ទាប់​មក​ប្រហែលជា​ក្មេង​ស្រី​រង​គ្រោះ​ហេវ​បាវ​​ពេក​ក៏​ដើរត្រឡប់​ទៅ​ផ្ទះ​មុន​ដោយ​ឪពុក​ម្តាយ​មិនដឹង​ឡើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​វេលា​កើតហេតុ​ស្រាប់តែ​ឪពុក​ម្តាយ​ដឹង​ថា​បាត់​កូន​ក៏​នាំ​គ្នា​ដើរ​រក​ពេញ​ចម្ការ​ម្រេច​តែ​រក​មិនឃើញ ក៏​នាំ​គ្នា​ដើរ​រក​កូន​រហូត​ដល់​ផ្ទះ​ក៏​នៅ​តែ​មិនឃើញ​ទៀត ។ ពេល​នោះ​ឪពុក​ម្តាយ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​លើ​ករណី​បាត់​កូន​នេះ​ផង​ដែរ ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ហើយ កម្លាំង​សមត្ថកិច្ច ទាំង​នគរបាល ទាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជួយ​រក​ពេញ​មួយ​ថ្ងៃ ក៏​ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ និង​គ្មាន​តម្រុយ​សោះ ។

សមត្ថកិច្ច​បញ្ជាក់​ថា លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ព្រឹក ស្រាប់តែ​ឪពុកធំ និង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​អណ្តែត​ក្នុង​ទឹក​រណ្តៅ​ដែល​គេ​ជី​យក​អាចម៍ដី​លក់​នៅ​ចម្ងាយ​ប្រហែលជា​៥០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន ហើយ​ក៏​ស្រង់​ឡើង​មក រួច​ហៅ​សម​ត្ថិ​ក​ច្ច​ឲ្យ​មក​ពិនិត្យ​សាកសព ។

តាម​ការ​ពិនិត្យ​សាកសព​ពី​សំណាក់​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ជំនាញ ឃើញ​ថា នៅ​លើ​ខ្លួន​សាកសព​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​មាន​ស្នាម​របួស​ក្បាល​ពីក្រោយ​ចំហៀង​ខាងស្តាំ ព្រមទាំង​មាន​ស្នាម​ជាំ​ពេញ​ខ្នង និង​បាត់​ក្រវិល​កាឡៃ​១​គូ​ពី​ត្រចៀក ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ករណី​ឃាតកម្ម ដោយ​ជនសង្ស័យ​សម្លាប់​ហើយ​ដោះ​យក​ក្រវិល​១​គូ​ពី​ក្មេង​ស្រី​រង​គ្រោះ​ស្មានថា​ជា​មាស ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំ​ណែ​ល​ជនសង្ស័យ​ជា​ឃាតករ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​ឃាត់ខ្លួន​មក​ផ្ទ​ន្តា​ទោស​ឲ្យ​ខាង​តែ​បាន ៕