មិន​ទាន់​មាន​ជនភៀសខ្លួន​ក្នុងចំណោម​ម៉ុងតាញ៉ា​នៅឡើយ​ទេ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រសួងមហាផ្ទៃបានសម្ភាសប្រហែលពីរភាគបីក្នុងចំណោមអ្នកស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា១៥៩នាក់ ដែល រស់នៅក្នុងក្រុងភ្នំពេញ បន្ទាប់ពីបានរត់ភៀសខ្លួនចេញពីប្រទេសវៀតណាមជាងពីរឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានសម្រេចយល់ព្រមលើពាក្យសុំណាមួយរបស់ពួកគេនៅឡើយទេ។ ការបញ្ជាក់ពីលោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីកាសែតខេមបូឌា ដេលី បានរាយការណ៍មិនត្រឹមត្រូវកាលពីសប្តាហ៍មុនថា ម៉ុងតាញ៉ាដែលនៅសេសសល់ទាំងអស់ត្រូវបានបញ្ជាឲ្យវិលទៅប្រទេសវៀតណាមវិញក្នុងពេលពីរសប្តាហ៍ទៀតនេះ។ អត្ថបទនោះបានផ្អែកលើការសម្ភាសមួយជាមួយលោក កែម សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបាននិយាយថា អ្នកសុំសិទ្ធិជ្រកកោនទាំងអស់ត្រូវបានសម្ភាស ហើយថា អ្នកទាំងឡាយណាដែលមិនបានបំពេញលក្ខណៈវិនិច្ឆ័យចាំបាច់ មានពេលពីរសប្តាហ៍ដើម្បីចាកចេញ។ លោក សុវិជ្ជា បាននិយាយថា ក្នុងចំណោមមនុស្ស៩៤នាក់ដែលទទួលបានការពិនិត្យសំណុំបែបបទ គ្មាននរណាម្នាក់បំពេញបានតាមលក្ខណៈវិនិច្ឆ័យដែលត្រូវបានកំណត់ក្នុងអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ ប៉ុន្តែថា នៅមានអ្នកស្វែងរកសិទ្ធិជ្រកកោន៦៥នាក់ទៀតកំពុងរង់ចាំការសម្ភាសនៅឡើយ។ លោកបាននិយាយថា “រហូតមកដល់ពេលនេះ គ្មានអ្នកដែលបានជាប់ទេ ពីព្រោះចម្លើយរបស់អ្នកបានសម្ភាស មិនត្រូវតាមអនុសញ្ញាជនភៀសខ្លួនទេ”។ លោកបាននិយាយបន្ថែមថា លោកមានសុទិដ្ឋិនិយមថា អ្នកនៅសេសសល់មួយចំនួននឹងទទួលបានការយល់ព្រម។ “ខ្ញុំគិតថា មានមនុស្សមួយចំនួនដែលនឹងជាប់ការសម្ភាសក្នុងចំណោមអ្នកដែលបានដាក់ពាក្យ និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ យើងជ្រើសរើសបានតែអ្នកដែលមិនមែនជាជនភៀសខ្លួនពិតប្រាកដប៉ុណ្ណោះ”។ លោក សុវិជ្ជា បាននិយាយថា អ្នកដែលបានធ្លាក់ការសម្ភាស មានពេល៣០ថ្ងៃដើម្បីសុំឲ្យវិនិច្ឆ័យជាថ្មី ហើយឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងរង់ចាំក្រុមនេះទាំងមូលឲ្យគេពិនិត្យសំណុំបែបបទសិន មុនពេលជួយអ្នកដែលធ្លាក់ការសម្ភាសឲ្យត្រឡប់ទៅវិញ។ […]

The post មិន​ទាន់​មាន​ជនភៀសខ្លួន​ក្នុងចំណោម​ម៉ុងតាញ៉ា​នៅឡើយ​ទេ appeared first on The Cambodia Daily.