ភូមិ​ក្រាំងលាវ (ភូមិ​តិរច្ឆាន) ​នៅ​តែ​បំភ័យ​ជនជាតិ​បារាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ

ភូមិ​ក្រាំងលាវ ត្រូវ​បារាំង​ដាក់​ឈ្មោះ​ជា​ភូមិ​តិរច្ឆាន​នៅ​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​ក្រោម​អាណានិគម​របស់​ខ្លួន បន្ទាប់​ពី​អ្នក​ភូមិ​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់​ឈ្មោះ បាដេស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩២៥។

 

ភូមិ​ក្រាំងលាវ (ភូមិ​តិរច្ឆាន) ​នៅ​តែ​បំភ័យ​ជនជាតិ​បារាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ

 ចេតិយបាដេស

 

រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​មួយ​នេះ នៅ​តែ​ដិត​ជាប់​ក្នុង​ចិត្ត​របស់​កូន​ខ្មែរ​គ្រប់​រូប​ជា​និច្ច ជាពិសេស​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ទៅ​ដល់​កន្លែង​ផ្ទាល់​ផង​ដែរ ដើម្បី​ជា​ការ​ស្រាវជ្រាវ​មួយ​ដើម្បី​ឱ្យ​ដឹង​ការ​ពិត។ យ៉ាងណាមិញ ​បើ​តាម​អ្នក​ភូមិ​នៅ​តំបន់​នោះ ​បញ្ជាក់​ថា​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់ ​មាន​តែ​ជនជាតិ​បារាំង​មួយ​ទេ ដែល​ទៅ​ដល់​ទី​នោះ​ដែរ តែ​មិន​ចុះ​ពី​ឡាន​ដាច់​​ខាត ឬ​មិន​អីចឹង​ទេ ចុះ​ដែរ​តែ​រត់​ទៅ​ផ្ទះ​អ្នក​ភូមិ​សិន រហូត​ដល់​ពេល​ត្រលប់​ទៅ​វិញ​ទើប​ឡើង​បាន​និង​គេ។

 

ចំពោះ​មូលហេតុ​នេះ​វិញ លោកតា ប៊ូ យ៉ូត អ្ន​ក​រស់នៅ​​​ក្នុង​តំបន់​នេះ​ដែល​​បាន​សួរ​ជនជាតិ​បារាំង​ជា​ច្រើន​នាក់ សុទ្ធ​តែ​ឆ្លើយ​ដូច​គ្នា​ថា ពួកគេ​មាន​អារម្មណ៍​ថា​ខ្លាច​នៅ​ពេល​ដែល​ចូល​ដល់​កន្លែង​នេះ។ បើ​ទោះ​ជា​រឿង​នេះ​បាន​កើត​មាន​យូរ​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​អារម្មណ៍​របស់​ពួកគេ​នៅ​តែ​ខ្លាច​ៗ​ដដែល។

 

ភូមិ​ក្រាំងលាវ (ភូមិ​តិរច្ឆាន) ​នៅ​តែ​បំភ័យ​ជនជាតិ​បារាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ

លោកតា ប៊ូ យ៉ូត

 

រំលឹក​ទៅ​ដល់​រឿង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ឱ្យ​ជនជាតិ​បារាំង​តែងតែ​ខ្លាច​នោះ ​អ្នក​ភូមិ​បាន​រៀប​រាប់​ដំណើរ​រឿង​ដែល​ដឹង​ត​ៗ​គ្នា​មក​​ថា​ប្ដី​របស់​យាយ​ប៊ី ឈ្មោះ​ថា​តា​ស៊ឹប ​ត្រូវ​គេ​ឃុំ​ខ្លួន​៣​ថ្ងៃ ​ក្រោយ​ពី​គ្រួសារ​មួយ​នេះ​មាន​ដី​ច្រើន តែ​មិន​អាច​រក​ប្រាក់​មក​បង់​ពន្ធ​បាន។ ថ្ងៃ​មួយ​​​ពេល​លោក​ រ៉េស៊ីដង់ បាដេស ​ដើរ​ប្រមូល​ពន្ធ​ពី​ប្រជា​អ្នក​ស្រុក​ក្នុង​តំបន់​នេះ ក៏​ស្រប​ពេល​ដែល​យាយ​ប៊ី​បាន​កាន់​បាយ សម្ល ​មួយ​ស្រាក់​ដើម្បី​យក​ឱ្យ​ប្ដី​ដែល​ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​សាលា​ឃុំ​ដែរ។ ក្រោយ​មក ក៏​មាន​ការ​ប៉ះ​គ្នា​រវាង​យាយ​ប៊ី និង​លោក បាដេស ​ដែល​បង្ក​ឱ្យ​មាន​ស្នូរ​កាំភ្លើង​មួយ​គ្រាប់​ឡើង​ទៅ​លើ​សាលា​ឃុំ ភ្លាម​នោះ ​លោក​បាដេស ​បាន​រត់​ចេញ​មក​ក្រៅ ប៉ុន្តែ​បែរ​ជា​ត្រូវ​ជួប​ជាមួយ​ក្រុម​ស្ទាវ​មួយ​ក្រុម​នៅ​ខាង​ក្រៅ​នេះ។ ក្រុម​ស្ទៀវ​នោះ ក៏​បាន​ព្រួត​គ្នា​វាយ​សម្លាប់​លោក បាដេស ​តែ​ម្ដង​ទៅ។

 

ភូមិ​ក្រាំងលាវ (ភូមិ​តិរច្ឆាន) ​នៅ​តែ​បំភ័យ​ជនជាតិ​បារាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ

 រូបយាយ​ប៊ី

 

ក្រោយ​ដំណាល​រឿង​ចប់ អ្នក​ភូមិ​នេះ​បាន​គិត​ថា​ការ​ស្លាប់​របស់​ បាដេស ​មិន​មែន​ក្រោម​ដៃ​របស់​យាយ​ប៊ី​ទេ ប៉ុន្តែ​ដោយសារ​តែ​រឿង​រ៉ាវ​ទាំង​អស់​កើត​ពី​លោក​យាយ​ម្នាក់​នេះ ទើប​អ្វី​គ្រប់​យ៉ាង​គេ​ចេះ​តែ​ដាក់​ថា យាយ​ប៊ី ​ជា​អ្នក​សម្លាប់​បាដេស ​តែ​ម្ដង​ទៅ។ រឿង​នេះ ក៏​បន្ដ​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​ជនជាតិ​បារាំង​មិន​ហ៊ាន​ចូល​ទៅ​មើល​កន្លែង​ស្លាប់​របស់​បាដេស ​នោះ​ទេ។

 

សូម​បញ្ជាក់​កន្លែង​ចេតិយ​របស់​បាដេស គឺ​នៅ​​ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​បល្ល័ង្ករង្សី ហៅ​វត្ត​ក្រាំងលាវ ស្ថិត​នៅ​ភូមិ​ក្រាំងលាវ ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ ចេតិយ​នេះ​មាន​កម្ពស់​ប្រហែល​ជា​៦​ម៉ែត្រ ​និង​ទំហំ​ប្រហែល​ជា​៤​ម៉ែត្រ​ការ៉េ សង់​នៅ​លើ​កន្លែង​ស្លាប់​របស់​លោក បាដេស ​ផ្ទាល់​តែ​ម្ដង។ ដោយ​ឡែក​រូប​យាយ​ប៊ី​នៅ​ពី​មុខ​នេះ ទើប​តែ​សាងសង់​ទេ ​ដោយ​មាន​កម្ពស់​ប្រហែល​ជា​១​ម៉ែត្រ ​និង​ជើង​ទម្រ​ប្រហែល​កន្លះ​ម៉ែត្រ៕

 

អត្ថបទ៖ មុន្នី រម្យ