បាក់​ស្ពាន​មួ​​យ​នៅ​កោះ​បាលី​ឥណ្ឌូ​ណេ​ស៊ី​ស្លាប់​9​នាក់

អ្នក​ទទួលខុសត្រូវ​ខាង​ជួយ​សង្គ្រោះ​មូល ដ្ឋា​ន​ម្នាក់​គូសបញ្ជាក់​ថា ស្ពាន​មួយ​នៅ​កោះ​ទេស ចរណ៍​បាលី​ឥណ្ឌូ​ណេ​ស៊ី​បាន​បាក់​កាលពី​យប់​ថ្ងៃ​ទី​១៦ តុលា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩​នាក់​និង​៣៤​នាក់​រង​របួស ។

លោក DIDI HANZAR ប្រធាន​ការិយាល័យ​រុករក​និង​ជួយ​សង្គ្រោះ​កោះ​បាលី​គូសបញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ម៉ោង​ក្នុងស្រុក​ពេល​ស្ពាន​ខ្សែកាប​នោះ​ភ្ជាប់​រវាង  NUSA LEMBONGAN និង NUSA CENINGAN បាក់​សង្ស័យ​ទ្រ​ទម្ងន់​ធ្ងន់​លើស​ចំណុះ ។ លោក​គូសបញ្ជាក់​ថា មាន​មនុស្ស​និង​រថយន្ត​ច្រើន​ពេក​ឆ្លងកាត់​ស្ពាន​នោះ​នា​ឱកាស​នៃ​ពិធីបុណ្យ​សាសនា​មួយ​ហើយ​ខ្សែកាប​ស្ពាន​មួយ​បាន​ដាច់ ។ បណ្តា​អ្នក​ជួយ​សង្គ្រោះ​បាន​ជញ្ជូន​ជន​រង​គ្រោះ​ចេញ​ហើយ​តាម​រក​មនុស្ស​ឯទៀត​ៗ​ដែល​ធ្លាក់​ក្នុង​ទឹក ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​រុក​រកបាន​បញ្ឈប់​នា​ពេល​យប់​ហើយ​បន្ត​នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ។

លោក PURWO NUGROHO អ្នក នាំពាក្យ​របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គូសបញ្ជាក់​ថា មនុស្ស​ច្រើន​សិប​នាក់​និង​ម៉ូតូ​ទាំងឡាយ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ពេល​ស្ពាន​បាក់ ។ ចំនួន​មនុស្ស​បាត់​ខ្លួន​នៅ​តែ​ពុំ​ទាន់​ដឹង ៕