សកម្មភាពកំពូលតារាប្រុស ស្រីថៃ ទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ

ថៃ៖ ការបាត់បង់ព្រះមហាក្សត្រថៃ Bhummibol Adulyadej កាលពីថ្ងៃទី១៣ ខែតុលា បានធ្វើឲ្យប្រជាជនថៃទាំងមូល កើតទុក្ខយ៉ាងក្រៀមក្រំ និងសោកសង្រេងខ្លាំងបំផុត។ ជាក់ស្តែងកំពូលតារាប្រុស ស្រីថៃទាំងអស់ក៏បានបង្ហាញមុខ និងទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃរបស់ពួកគេ ជាមួយនឹងសម្លៀកបំពាក់ កាន់ទុក្ខពណ៌ខ្មៅងងឹតគ្រប់ៗគ្នា។

ក្នុងនោះដែរ គេសង្កេតឃើញមានតារាជាច្រើន ដូចជា នាង Aum Patcharapa នាង Pancake នាងPooklook Fonthip នាង Chompoo នាង Duearisara នាង Mint Chalida នាង Tangmo នាង Margie Rasri នាង Poo Praya លោក Jame Ma លោក Jame Jirayu លោក Sean Jindachot និងតារាផ្សេងទៀតជាច្រើន។ 

មិនត្រឹមតែតារាប្រុស ស្រីថៃទាំងអស់នោះ បានចូលរួមកាន់ទុក្ខប៉ុណ្ណោះទេ ពួកគេក៏បានបង្ហាញទឹកចិត្តយ៉ាងប្រពៃផងដែរ ដូចជា ធ្វើអាហារ នំចំនី ភេសជ្ជៈ ធ្វើបូខ្មៅ ដើម្បីចែកជូនដល់ប្រជាជនថៃផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអាវពណ៌ខ្មៅ បានលក់ដាច់ខ្លាំង រហូតដល់អ្នកលក់ បង្កើនតម្លៃ ក្នុងពិធីកាន់ទុក្ខព្រះមហាក្សត្រថៃ។

ផ្សារនៅក្នុងប្រទេសថៃ ដូចជា ផ្សារ Bobae ត្រូវបានឲ្យដឹងថា អាវយឺតក បើក ពណ៌ខ្មៅ បានលក់ដាច់យ៉ាងខ្លាំង ដែលអ្នកលក់ខ្លះវិញ បានបង្កើនតម្លៃផងដែរ។

ខណៈដែលប្រទេសថៃ តម្រូវឲ្យប្រជាពលរដ្ឋកាន់ទុក្ខរយៈពេល មួយឆ្នាំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol Adulyadej បានលើកទឹកចិត្ដដល់ពួកគេ ក្នុងការស្លៀកពាក់ខ្មៅ ដែលធ្វើឲ្យតម្រូវការសំលៀកបំពាក់ពណ៌ខ្មៅ កើនឡើងយ៉ាងគំហុក។ នៅក្នុងនោះ អ្នកលក់ជាច្រើន បានធ្វើការស្ដុកទុក ដូចជា អាវយឺតខ្មៅ ខោខ្មៅ និងអាវយឺតក បើកពណ៌ខ្មៅជាច្រើន មិនថាតែអ្នកលក់នៅតាមផ្សារតូចៗនោះទេ គឺសូម្បីតែអ្នកលក់នៅក្នុងហាងទំនើបដូចគ្នា។

ជាមួយគ្នានោះបានឲ្យដឹងថា មន្ដ្រីរាជការ និងអង្គភាពបម្រើការងារផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងប្រទេសថៃ តម្រូវឲ្យពាក់អាវពណ៌ស ឬខ្មៅ និងខោខ្មៅសម្រាប់បុរស ដែលសម្រាប់ស្ដ្រីវិញ អាចស្លៀកសំលៀកបំពាក់ពណ៌ស ឬខោខ្មៅ នៅក្នុងអំឡុងពេលកាន់ទុក្ខនេះ។ សម្រាប់ប្រជាជន អាចស្លៀកពាក់ទៅតាមចំណង់ចំណូលចិត្ដរបស់ខ្លួន ប៉ុន្ដែនឹងសង្ឃឹមថា ស្លៀកពាក់ឲ្យបានសមរម្យនៅពេលកាន់ទុក្ខនេះ។

គួរបញ្ជាក់ថា អ្នកលក់បោះដុំ នៅឯផ្សារ Bobae ត្រូវបានរាយការណ៍ថា លក់អាវយឺតក បើក មួយតម្លៃពី ២៥០-៣០០ បាត ប្រមាណពី ៧ទៅ ៩ដុល្លារ ខណៈដែលតម្លៃអាវដូចគ្នានេះ មានតម្លៃត្រឹមតែ ១៥០-១៨០បាត ប្រមាណពី ៤ទៅ ៥ដុល្លារ កាលពីប៉ុន្មានថ្ងៃមុននេះ។ ជាចុងក្រោយ អ្នកលក់រាយ បានសំណូមពរឲ្យរដ្ឋាភិបាល ឬក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួល ឬបញ្ឈប់ការតម្លើងថ្លៃ ដោយចិត្ដឯងរបស់អ្នកលក់បោះដុំ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload